ប័ណ្ណសារ

តុលាការ​ព្យាយាម​រក​បទ​ចោទប្រកាន់​កាន់តែធ្ងន់​លើ​លោក សួន សេរី​រដ្ឋា

By

July 11, 2014

កាល​ពីម្សិល​មិញ លោក ត​ុប ឈុនហេង​ ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បានបង្គាប់​ឲ្យ​​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​ញុះញង់​ ប្រឆាំង​លោក សួន សេរីរដ្ឋា ជា​អ្នក​ប្រឆាំង​ជន​ជាតិខ្មែរសញ្ជាតិ​អាមេរិកដើម្បី​បង្កើន​ការ​ចោទ​ប្រកាន់​ឲ្យកាន់តែធ្ងន់​ថែមទៀត​ពី​បទ​រៀប​ចំ​ផែន​ការ “ផ្តួលរំលំរដ្ឋាភិបាល”។

តុលាការ​បាន​ចោទ​ប្រកាន់​លោក សេរីរដ្ឋា​ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​​ពី​បទ​ញុះ​ញង់​កាល​ពី​ខែសីហា​ដោយបាន​ព្យាយាម​ចែក​ផ្កាកុលាប​ពណ៌​លឿង​ចំនួន​១.០០០ទង​ឲ្យ​នគរបាល​និង​ទាហាន​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ជាមួយ​ខិត្តប័ណ្ណ​អំពាវ​នា​វឲ្យ​ពួកគេ​ “បែរកាណុងកាំភ្លើង​ដាក់​ជន​ផ្តាច់ការ​” គឺ​សំដៅ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

នៅក្នុង​សារ​ណា​ការ​ពារ​ខ្លួន​ដែល​ត្រូវ​បាន​អាន​នៅក្នុងតុលាការ​អំឡុង​ពេល​បើក​សវនាការ​​កាត​់​ទោស​កំបាំងមុខ​កាលពី​ថ្ងៃពុធ លោក សេរីរដ្ឋា បាន​បដិសេធ​ថា លោក​គ្មាន​បំណង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទេ។

ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​​ដល់​ពីរឆ្នាំ។​ កាលពី​ម្សិលមិញ លោក​ចៅក្រម ឈុនហេង បាន​សម្រេច​មិន​ចេញសាលក្រម​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញដើម្បី​ចង់​ដឹង​ថា តើ​បទ​ចោទ​ប្រកាន់​នេះ​អាច​ប្តូរ​ទៅ​ជា​បទ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​រហូតដល់​​១០ឆ្នាំ​ឬ​យ៉ាង​ណា។ លោក​បាន​មាន​ប្រសាសន៍ថា “បន្ទាប់ពី​សវនាការ​កាលពី​ថ្ងៃ​ពុធ តុលាការ​បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​ព្រះ​រាជ​អាជ្ញា​ស៊ើប​អង្កេត​ឡើង​វិញ។ សកម្មភាពរបស់​លោក សេរីរដ្ឋា ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​សកម្មភាពរបស់​ជន​ក្បត់​ជាតិ​ដែល​ជា​បទ​ឧក្រិដ្ឋ​”។

លោក​ មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញារង​បាន​សុំឲ្យ​កែ​ប្រែ​បទ​ចោទ​ប្រកាន់​​នេះ​អំឡុងពេល​បើក​សវនាការ​​កាលពី​ថ្ងៃពុធ។ ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ” អំពើ​រួម​គំនិត​ក្បត់​គឺ​ជាគម្រោង​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ច្រើន​នាក់​ ដើម្បី​ប្រព្រឹត្ត​ឧបឃាត​ កាលបើ​គម្រោងនេះ​ត្រូវ​បាន​សម្ដែង​ចេញ​ជា​រូប​រាង​ច្បាស់​លាស់​ដោយ​អំពើ​ជាក់​ស្ដែង​មួយ​ឬច្រើន​”។

ទោះ​ជាយ៉ាង​ណា លោក សុក សំអឿន មេធាវី​របស់​លោក សេរីរដ្ឋា បាន​រិះ​គន់​​សេចក្ដី​សម្រេច​របស់​ចៅក្រម​កាលពី​ម្សិលមិញ។ លោក​បាន​មាន​ប្រសាសន៍​ថា ” សេចក្ដី​សម្រេច​របស់​តុលាការ​មិន​ត្រឹម​ត្រូវនិង​មិន​យុត្តិធម៌​សម្រាប់​លោក សេរីរដ្ឋា ឡើយ ពីព្រោះ​តុលាការ​មិន​អាច​រក​ឃើញ​ថា គាត់​មាន​ពិរុទ្ធភាព​ទេ។ ប្រសិន​បើ​តុលាការ​មិន​អាច​រក​​ឃើញ​ថា គាត់​មាន​ពិរុទ្ធភាព​នៅ​ក្នុង​ករណី​នេះទេនោះ ​ តុលាការ​គួរ​លើក​លែង​ការ​ចោទ​ប្រកាន់​គាត់​”។

លោក សុក សំអឿន បាន​មាន​ប្រសាសន៍​ថា កូន​ក្ដីរ​បស់​លោក​ក៏​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផងដែរ​ ចំពោះ​ការ​បង្គាប់​ឲ្យ​គេ​បោះ​ពុម្ព​អាវ​យឺត​កាលពី​ឆ្នាំ​មុន ដែល​មាន​សារ​ណែនាំ​ប្រជា​ជន​កុំ​ឲ្យទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ។ មនុស្សបី​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ដឹក​ជញ្ជូន​អាវ​យឺត​ និង​កំពុងស្ថិត​ក្នុងការ​​ឃុំខ្លួន​បណ្ដោះ​នៅឡើយ​៕ សារុន​​​