34 C
Phnom Penh

អ្នកភូមិ​​ខេត្តកណ្តាល​បដិសេធមិន​ព្រ​មបោះបង់ដី ហើយ​តវ៉ា​នឹង​​ការ​សាកសួរ​របស់តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋជាង​៦០​នាក់​ក្នុង​ខេត្ត​កណ្ដាល​បាន​តវ៉ា​នឹង​​ការ​ដែលតុលាការ​សាក​សួរ​អ្នក​ភូមិ​ប្រាំពីរ​នាក់​ ដែល​បាន​​បដិសេធ​មិន​ព្រម​ផ្ដិត​មេដៃ​លើ​ឯកសារ​ប្រគល់​ដី​របស់​ពួកគាត់​ទៅ​ឲ្យឈ្មួញ​ម្នាក់​ ដែល​អះអាង​ថា ជា​ដីរបស់ខ្លួន។

អ្នកស្រី​ លឹម គា ដែលជាអ្នក​រក​ស៊ីដី​បាន​និយាយ​ថា អ្នកស្រី​បាន​ទិញ​ដី​ប្រហែល​១៥៥​ហិកតា​​នៅ​ក្នុង​ឃុំជ្វាំង និង​ឃុំ​ជ្រៃ​លាស់ ក្នុងស្រុក​ពញាឮ កាលពី​ឆ្នាំ​១៩៩៧​ ហើយ​បន្ទាប់មក​​បាន​លក់​ដី​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​SKD ជាក្រុ​ម​ហ៊ុន​ផលិត​ស្រា​។ ប៉ុន្តែ​ក្រុម​ហ៊ុន​ SKD បាន​បាត់​​បង់​​ដីនេះ​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ប្រគល់​ដីនេះ​ទៅ​ឲ្យ​អ្នកភូមិ​វិញ​កាលពី​ឆ្នាំ​២០០៨។ អ្នកស្រី គា បាន​និយាយ​ថា អ្នកស្រី​បាន​ផ្តល់សំណង​ដល់​ក្រុ​ម​​ហ៊ុន​SKDចំពោះ​ការ​បាត់​បង់​ដីនេះ ហើយ​គិត​ថា ឥឡូវ​នេះ​អ្នកស្រី​ជា​ម្ចាស់​ដី។

ទោះ​ជា​យ៉ាងណា ​អ្នកភូមិ​រហូត​ដល់​៥៨​នាក់​លើក​ឡើង​ថា ពួកគាត់​ត្រូវ​បាន​សន្យា​ឲ្យតម្លៃ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ហិកតា នៅពេល​​ពួកគាត់​បាន​លក់​ដី​នេះទៅ​ឲ្យ​អតីត​ប្រធាន​ភូមិ​​ម្នាក់​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប៉ុន្តែ​ធ្លាប់​ទទួល​បាន​ប្រាក់​តិចតួចតែប៉ុណ្ណោះ។

លោក គុយ ចាន់ថន បាន​និយាយ​ថា ” យើង​បាន​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​​ដោះ​លែង​មនុស្ស​ទាំង​ប្រាំពីរ​នាក់​នេះ​ ពីព្រោះ​ពួកគាត់​គ្មាន​កំហុស​ទេ​។ យើង​ក៏​បាន​តវ៉ា​ទាម​ទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​ពួក​យើងផងដែរ​ ពីព្រោះ​អ្នក​ភូមិ​ដែល​បាន​លក​់​ដី​របស់​ខ្លួន​ទទួល​បាន​​លុយ​តិច​តួច​តែ​ប៉ុណ្ណោះ​”។

តុលាការ​បាន​ដោះ​លែង​មនុស្ស​ទាំង​ប្រាំពីរ​នាក់​នេះ​វិញហើយបន្ទាប់​ពី​ការ​សាក​សួរ​រួច។ ប៉ុន្តែ​អ្នកស្រី គា បាន​អះអាង​ថា ដីនេះ​ជា​ដី​របស់​អ្នកស្រី​។ អ្នកស្រី​បាន​និយាយ​ថា “​ខ្ញុំ​បានផ្ត​ល់​​ប្រាក់ដល់អ្នកភូមិ​រួច​ហើយ។ ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​មនុស្ស​ប្រាំពីរ​នាក់​មុន ហើយ​ខ្ញុំ​នឹង​ប្ដឹង​មនុស្ស​ផ្សេង​ទៀត​ដើម្បី​ឲ្យ​តុលាការ​ចាប់​ពួកគា​ត់ដាក់​គុក ពីព្រោះ​ពួកគាត់​មិន​ព្រម​ផ្ដិត​មេដៃ​ឲ្យខ្ញុំ​”។

អ្នកស្រី គា បាន​និយាយ​ថា អ្នកស្រី​បាន​ទិញ​ដីនេះ​តម្លៃ​៤០០​ដុល្លារ​ក្នុង​មួយ​ហិកតា​កាល​ពី​ឆ្នាំ​១៩៩៧​ ហើយ​បន្ទាប់មក​បាន​លក់​ដីនេះ​​បន្ត​ទៅ​ឲ្យ​ក្រុម​ហ៊ុនSKD ក្នុង​តម្លៃ​៨០០​ដុល្លារ​ក្នុង​មួយ​ហិកតា។

បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ប្រគល់​ដី​នេះ​ទៅ​ឲ្យអ្នកភូមិ​វិញ អ្នកស្រី គា បាន​អះអាង​កាលពី​ម្សិលមិញ​ថា អ្នកស្រី​បាន​ផ្ដល់​សំណង​ដល់​ក្រុម​ហ៊ុន​ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​ថា ចំនួន​ប៉ុន្មាននោះ​ទេ។

អ្នកស្រី​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោក គឹម ម៉េង​អា៊ង សមាជិក​ម្នាក់​នៅ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ ដែល​អ្នកស្រី​បាន​អះអាង​ថា បាន​រៀប​ចំ​ឯកសារ​​ដែល​បង្ហាញ​ថា អ្នកស្រី​មាន​សិទ្ធិកាន់កាប់​ដីនេះ​។ លោក ម៉េងអ៊ាង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​៕ សារុន​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស