ព្រះបរមអដ្ឋិនៃព្រះបរមរតនកោដ្ឋសម្តេចឪ នរោត្តម សីហនុ ត្រូវបានដង្ហែជុំវិញរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសុក្រ នៅក្នុងពិធីដ៏អធឹកអធ័មមួយដែលមានការចូលរួមពីសំណាក់តំណាងព្រះបរមរាជវាំង និងមន្ត្រីរដ្ឋាភិបាល រួមជាមួយនឹងសាធារណជនរាប់ពាន់នាក់ដើម្បីលាព្រះអង្គជាលើកចុងក្រោយមុននឹងតម្កល់ព្រះបរមអដ្ឋិនៅក្នុងព្រះចេតិយថ្ងៃសៅរ៍។
នៅវេលាម៉ោង៧និង៣០នាទីព្រឹក កាំភ្លើង១០១ត្រូវបានបាញ់ដើម្បីចាប់ផ្តើមពិធីដង្ហែព្រះបរមអដ្ឋិ ដែលបានបន្តរយៈពេលប្រហែល២ម៉ោង និងឆ្លងកាត់តាមមហាវិថីសំខាន់ៗចំនួនបីនៅក្នុងរាជធានីភ្នំពេញ ដែលស្រដៀងគ្នាទៅនឹងការដង្ហែព្រះបរមសពសម្តេចឪមកពីក្រុងប៉េកាំងវិញ ទីដែលព្រះអង្គចូលទិវង្គតនៅខែតុលាឆ្នាំ២០១២។
ទោះបីជាសាធារណជនដែលចេញមកចូលរួមការដង្ហែព្រះបរមអដ្ឋិមានចំនួនតិចជាងឆ្ងាយបើប្រៀបធៀបទៅនឹងពិធីដង្ហែព្រះបរមសពសម្តេចឪ និងពិធីថ្វាយព្រះភ្លើងរយៈពេលជាង១០០ថ្ងៃក្រោយពីនោះក្តី ក៏អ្នកចូលរួមទាំងចាស់ ទាំងក្មេងកាន់ផ្កា គ្រវីទង់ជាតិ និងព្រះឆាយាលក្ខណ៍សម្តេចឪក្នុងទឹកមុខញញឹមញញែម ។
អ្នកស្រី ហ្គិច លី អាយុ៦៣ឆ្នាំនិយាយថា ” ខ្ញុំសូមបួងសួងឲ្យព្រះវិញ្ញាណក្ខន្ធសម្តេចឪជួយថែរក្សាកម្ពុជា ឲ្យយើងមានសន្តិភាពជារៀងរហូត និងឲ្យគណបក្សទាំងពីរចូលរួមជាមួយគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិ”។
ទោះបីជាការដង្ហែកាលពីថ្ងៃសុក្រ មានភាគច្រើនជាមន្ត្រីរដ្ឋាភិបាល តំណាងរាស្ត្រជាប់ឆ្នោតចំនួន២៥រូបមកពីគណបក្សសង្គ្រោះជាតិដែលកំពុងធ្វើពហិកាមិនចូលសភា បានទទួលការអញ្ជើញឲ្យចូលរួមជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដើម្បីគោរពដួងព្រះវិញ្ញាណក្ខន្ធសម្តេចឪជាលើកចុងក្រោយ។
អ្នកស្រី ជោ សំអុល អាយុ៦៣ឆ្នាំ ដែលមកពីខណ្ឌមានជ័យដើម្បីមើលពិធីដង្ហែព្រះបរមអដ្ឋិ បាននិយាយទាំងទឹកភ្នែកថា អ្នកស្រីសង្ឃឹមថា ដួងព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រអាចជួយឲ្យគណបក្សទាំងពីររូបរួមគ្នាដោះស្រាយការខ្វែងគំនិតគ្នា។ អ្នកស្រីនិយាយទៀតថា ” ខ្ញុំសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសម្តេចឪជួយថែរក្សាកូនចៅ ហើយខ្ញុំបួងសួងកុំឲ្យប្រជាពលរដ្ឋខ្មែររបស់យើងឈ្លោះទាស់ទេងគ្នា”។
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ យាងរង់ចាំនៅឯព្រះបរមរាជវាំងដើម្បីទទួលការដង្ហែនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀត រួមជាមួយនឹងតំណាងគណបក្សសង្គ្រោះជាតិ បានចូលរួមជាមួយព្រះអង្គនៅខាងមុខព្រះបរមរាជវាំង។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ” ការចូលរួមរបស់យើងគឺដើម្បីបង្ហាញថា យើងទាំងអស់គ្នាសុទ្ធតែគោរពព្រះបរមរតនកោដ្ឋ។ ខ្ញុំសង្ឃឹមថា [ ស្ថានភាពជាប់គាំង ] នឹងត្រូវបានដោះស្រាយ។ មិនត្រូវឲ្យមានអំណាចនៅក្នុងដៃរបស់គណបក្សតែមួយបែបននេះទេ យើងចង់បានលទ្ធិប្រជាធិបតេយ្យពហុបក្ស និងភាពត្រឹមត្រូវនៅក្នុងការបោះឆ្នោត”។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចូលរួមការចរចាជាមួយគណបក្សសង្គ្រោះជាតិដើម្បីបញ្ចប់ស្ថានភាពជាប់គាំងនេះនាពេលកន្លងមកបានមានប្រសាសន៍ថា គណបក្សទាំងពីចាំបាច់ត្រូវធ្វើការជាមួយគ្នា ប៉ុន្តែ លោកមានប្រសាសន៍ថា ព្រះរាជពិធីកាលពីថ្ងៃសុក្រនេះ មិនមែនជាពេលត្រូវនិយាយគ្នាអំពីស្ថានភាពជាប់គាំងផ្នែកនយោបាយឡើយ។ លោកបានបន្តថា ” គ្មានការពិភាក្សាគ្នាទេ។ យើងគ្មានពេលទេ [ នៅថ្ងៃនេះ ]”។
លោក ទូច ណារ៉ុត ប្រធាននាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការដង្ហែព្រះបរមអដ្ឋិបានប្រព្រឹត្តទៅយ៉ាងរលូន ហើយបានប៉ាន់ប្រមាណថា មានមនុស្សរាប់មឺុននាក់ចូលរួមក្នុងពិធីនេះ។
លោកមានប្រសាសន៍ទៀតថា ព្រះមហាក្សត្រ សម្តេចម៉ែ និងលោកនាយករដ្ឋមន្ត្រីនឹងចូលរួមក្នុងពិធីមួយនៅថ្ងៃសៅរ៍ ក្នុងព្រះបរមរាជវាំងដើម្បីតម្កល់ព្រះបរមអដ្ឋិនៃព្រះបរមរតនកោដ្ឋ ក្នុងព្រះចេតិយមួយក្នុងបរិវេណប្រាសាទព្រះកែវមរកតក្នុងព្រះបរមរាជវាំង។
លោកបានបន្តថា យើងមានគម្រោងអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅគោរពដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅប្រាសាទព្រះកែវមរកត”។
អ្នកស្រី ញូ៉វ ញឿន អាយុ៦៨ឆ្នាំ ដែលឈរតាមបណ្តោយផ្លូវដង្ហែព្រះបរមអដ្ឋិបានធ្វើដំណើរមកពីខេត្តតាកែវ។ អ្នកស្រីនិយាយថា អ្នកស្រីសង្ឃឹមថា សង្គមបច្ចុប្បន្ននឹងវិលទៅរកសង្គមមួយដែលស្រដៀងទៅនឹងសង្គមគ្រប់គ្រងដោយព្រះអង្គម្ចាស់ នរោត្តម សីហនុ នាទសវត្សរ៍ឆ្នាំ១៩៦០។
អ្នកស្រីបានលើកឡើងទៀតថា ” យើងមិនអាចប្រៀបធៀបរបបនេះជាមួយរបបមុនបានទេ។ ពីព្រោះពេលនេះវាពិបាករស់នៅ ដោយសារតែយើងក្រ ប៉ុន្តែ នៅក្នុងរបបមុនយើងមានអាហារហូបចុកគ្រប់គ្រាន់”៕សុខុម