27.5 C
Phnom Penh

ក្រុម​​​ហ៊ុន ខេឌីស៊ី បន្ត​​​សង់​​​របង​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​កាល​​​ពី​​​ម្សិលមិញ ក្រុមហ៊ុន​​​របស់​​​ភរិយា​​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល បាន​​​បន្ត​​​ការ​​​សាង​​​សង់​​​របង​​​ថ្ម​​​ជុំវិញ​​​ចំណែក​​​ដី ដែល​​​មាន​​​ជម្លោះ​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង បើ​​​ទោះ​​​ជា​​​មាន​​​ការ​​​អំពាវ​​​នាវ​​​ពី​​​ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​​​​សហ​​​ប្រជា​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ឲ្យ​​​ពន្យារ​​​ពេល​​​ការ​​​សាង​​​សង់​​​​​​​​​រហូត​​​ដល់​​​មាន​​​ដំណោះ​​​ស្រាយ​​​ជាមួយ​​​ក្រុម​​​កសិករ​​​ដែល​​​ត្រូវ​​​គេ​បណ្តេញ​ចេញ​​​ក៏ដោយ។

ក្រុមហ៊ុន KDCInternational ដែល​​​ជា​​​របស់​​​លោកស្រី ជា​​​ ខេង​​​ ត្រូវ​​​ក្រុម​​​អ្នក​​​ភូមិ​​​ចោទ​​​ថា បាន​​​ដណ្តើម​​​យក​​​ និង​​​រាន​​​ដី​​​ទំហំ​​​១៤៥​​​ហិក​​​តា​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​កាល​​​ពី​​​ឆ្នាំ​​​២០០២​​​។ ចំនួន​​​គ្រួសារ​​​ប្រជា​​​ជន​​​ដែល​​​ចុះ​​​ថយ​​​បន្តិច​​​ម្តងៗ​​​ ឥឡូវ​​​នេះ​​​​​នៅ​​​ត្រឹម​​​១៦​​​គ្រួសារ​​​ បាន​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ការ​​​ផ្តល់​​​សំណង ដែល​​​ពួក​​​គេ​​​និយាយ​​​ថា តិច​​​តួច​​​ពេក។

កាល​​​ពី​​​សប្តាហ​​​៍​​​មុន​​​ កម្មករ​​​ក្រុមហ៊ុន ខេឌីស៊ី បាន​​​មក​​​ដល់​​​ភូមិ​​​ឡ​​​ពាង​​​ដើម្បី​​​សង់​​​របង​​​ថ្ម​​​​​​ជុំ​​​វិញ​​​ដី​​​នោះ​​​ ដែល​​​ក្រុម​​​អ្នក​​​ភូម​​​ិ​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​តាំង​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​មក។ នគរបាល​​​រាប់​​​សិប​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​បញ្ជូន​​​មក​​​ភូមិ​​​នេះ​​​ក្នុងស្រុក​​​កំពង់​​​ត្រឡាច​​​ដើម្បី​​​ទប់ស្កាត់​​​អំពើ​​​ហិង្សា​​​។  ប៉ុន្តែ កាលពី​​​សប្តាហ៍​​​មុន អ្នក​​​ភូមិ​​​បាន​​​ប៉ះ​​​ទង្គិច​​​យ៉ាង​​​ហិង្សា​​​ជាមួយ​​​កម្មករ​​​ពីរ​​​លើក​​​មក​​​ហើយ។

បើ​​​ទោះ​​​ជា​​​ការ​​​ព្រួយ​​​បារម្ភ​​​នេះ​​​​​​​​​ត្រូវ​​​បាន​​​លើក​​​ឡើង​​​ដោយ​​​លោក សុរិយា ស៊ូបេឌី អ្នក​​​រាយ​​​ការណ៍​​​ពិសេស​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ប្រចាំ​​​កម្ពុជា​​​ក៏​​​ដោយ​​​ ក៏​​​ក្រុម​​​​​​មន្ត្រី​​​មូលដ្ឋាន​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ដើម្បី​​​បញ្ឈប់​​​វា​​បាន​​​ឡើយ។

លោក​​​ នួន សាន មេឃុំ​​​តាជេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” អាជ្ញាធរ​​​គ្រប់​​​ជាន់​​​ថ្នាក់​​​បាន​ផ្តល់​ការ​​​យល់​​​ព្រម​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​នេះ​​​សង់​​​របង​​​លើ​​​ដី​​​នោះ​​​”។ “តើ​​​ខ្ញុំ​​​អាច​​​និយាយ​​​អី​​​បាន​​​ ចំពោះ​​​ក្រុម​​​ហ៊ុន​​​ដែល​​​​​​ធ្វើ​​​របង​​​លើ​​​ដី​​​របស់​​​ពួក​​​គេ​​​ ខណៈ​​​ដែល​​​អ្នក​​​ភូមិ​​​ដែល​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​នោះ គ្មាន​​​ឯកសារ​​​ណា​​​មួយ​​​បញ្ជាក់​​​ពី​​​ភាព​​​ជា​​​ម្ចាស់​​​ដី​​​នោះ”។

អ្នក​​​ស្រី​​​​​​ អ៊ុំ សុភី ជា​​​តំណាង​​​អ្នក​​​ភូមិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សង់​​​របង​​​ធ្វើ​​​លឿន​​​ជាង​​​មុន​​​ទៅ​​​ទៀត។ អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​របស់​​​ក្រុមហ៊ុន​​​ ដែល​​​មាន​​​ការ​​​គាំទ្រ​​​ដោយ​​​នគរបាល​​​ និង​​​កម្លាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដ៏​​​ច្រើន​​​ បាន​​​ចាប់​​​ផ្តើម​​​ការ​​​សង់​​​របង​​​រឹត​​​តែ​​​លឿន​​​ជាង​​​មុន​​​ បើ​​​ទោះ​​​ជា​​​ដី​​​នេះ​​​កំពុង​​​មាន​​​ទំនាស់​​​ក៏ដោយ”។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​មិថុនា ក្រសួង​​​យុត្តិធម៌​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​មួ​​​យ​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​សុំ​​​អន្តរាគមន៍​​​ក្នុង​​​រឿង​​​ក្តី​នេះ​​​​​​ ដោយ​​​បាន​​​បង្វែរ​ករណី​វិវាទ​នេះ​​​ទៅ​​​តុលាការ​​​ខេត្ត​វិញ។

អ្នកស្រី សុភី បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ស្រី​​​គ្មាន​​​សង្ឃឹម​​​ថា តុលាការ​​​នឹង​​​ដោះ​​​ស្រាយ​​​ឲ្យ​​​ទេ​​​ “ពីព្រោះ​​​គ្មាន​​​មន្ត្រី​​​ណា​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ដែល​​​ធ្លាប់​​​បាន​​​ព្យាយាម​​​ជួយ​​​ដោះ​​​ស្រាយ​​​រឿង​ករណី​​​​​​​​​ដល់​​​អ្នក​​​ក្រីក្រ​ឡើយ”៕មានិត​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស