អ្នកភូមិក្នុងខេត្តកំពង់ឆ្នាំង ដែលបានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយភរិយារដ្ឋមន្ត្រីម្នាក់បានយកទុក្ខលំបាករបស់ពួកគាត់ទៅប្ដឹងអារុក្ខអារក្ខអ្នកតានៅសប្ដាហ៍នេះ ដោយរៀបចំពិធីរយៈពេលពីរថ្ងៃដើម្បីដាក់បណ្ដាសាដល់មន្ត្រីក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ដែលពួកគាត់លើកឡើងថា បានទម្លាក់កំហុសមកលើពួកគាត់។
អ្នកភូមិបានតស៊ូជាមួយក្រុមហ៊ុន KDC International ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលចាប់តាំងពីឆ្នាំ២០០៧មកជុំវិញដីចំនួន១៤៥ហិកតានៅក្នុងស្រុកកំពង់ត្រឡាច ដែលអ្នកស្រី ជា ខេង ចង់ធ្វើការអភិវឌ្ឍ។
អំឡុងពិធីដាក់បណ្ដាសានោះ អ្នកភូមិជាង៥០នាក់បានប្រើកាំបិតចាក់ទៅលើរូបតំណាងអ្នកស្រី ជា ខេង និងរូបតំណាងអ្នកគ្រប់គ្រងរបស់គាត់ ព្រមទាំងរូបតំណាងបីទៀត ដែលតំណាងឲ្យអាជ្ញាធរមូលដ្ឋាន សាលាដំបូងខេត្ត និងអ្នកភូមិដែលបានឃុបឃិតជាមួយក្រុមហ៊ុន។ អ្នកចូលរួមពិធីនោះ ក៏បានបាចម្ទេស និងអំបិលដាក់រូបតំណាងទាំងនោះផងដែរ ដើម្បីដាក់បណ្ដាសាទៅលើពួកគេ។
អ្នកភូមិឈ្មោះ ស៊ាង ហេង បាននិយាយថា ” អ្នកភូមិបានចាប់ផ្ដើមធ្វើពិធីដាក់បណ្ដាសានេះ ពីព្រោះពួកគាត់បានដាក់ពាក្យបណ្ដឹងច្រើនណាស់ជាមួយអាជ្ញាធរ ប៉ុន្តែមិនមានដំណោះស្រាយសម្រាប់ពួកគាត់ឡើយ”។
បន្ទាប់ពីមានភាពតានតឹងរយៈពេលជាច្រើនខែមក ការប៉ះទង្គិចគ្នាដោយហិង្សាបានកើតឡើងពីរលើកកាលពីសប្ដាហ៍មុននៅក្នុងភូមិឡពាង បន្ទាប់ពីកម្មករក្រុមហ៊ុន ខេឌីស៊ី បានចាប់ផ្ដើមសាងសង់របងបេតុងជុំវិញដីមានវិវាទនេះ។ លោក ហេង បាននិយាយថា ឥឡូវនេះអ្នកភូមិកំពុងរៀបចំគម្រោងធ្វើការតវ៉ានៅរាជធានីភ្នំពេញអំពីវិវាទដីធ្លីនេះ។
ទាំងលោក ហេង និងអ្នកចូលរួមម្នាក់ទៀតឈ្មោះ អ៊ុំ សុភី បាននិយាយថា អ្នកភូមិមានជំនឿថា ពិធីដាក់បណ្ដាសារបស់ខ្លួនមានប្រសិទ្ធភាព ពីព្រោះមន្ត្រីមូលដ្ឋានប្រាំមួយនាក់ដែលបានជួយការពារការទាមទារសិទ្ធិកាន់កាប់របស់ក្រុមហ៊ុនខេឌីស៊ី ចំពោះដីនេះបានស្លាប់កាលពីបីឆ្នាំមុន រួមមាន មេឃុំបីនាក់ អតីតអភិបាលខេត្តម្នាក់ និងនាយប៉ុស្តិ៍ឃុំម្នាក់ដែលបានបាក់កស្លាប់បន្ទាប់ពីបានធ្លាក់ពីអង្រឹង។
អ្នកស្រី សុភី បាននិយាយថា ” យើងធ្លាប់រៀបចំពិធីដាក់បណ្ដាសាម្តងរួចមកហើយ ហើយយើងឃើញថា មានប្រសិទ្ធភាព ពីព្រោះមនុស្សមួយចំនួនដែលបានជាប់ពាក់ព័ន្ធក្នុងករណីនេះបានស្លាប់”។ អ្នកស្រីបានបន្ថែមថា អ្នកស្រីសង្ឃឹមថា អារុក្ខអារក្ខអ្នកតានឹងធ្វើឲ្យអ្នកស្រី ជា ខេង អ្នកគ្រប់គ្រងរបស់អ្នកស្រី និងលោក ថៃ ហ៊ី ស្លាប់។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក ហ៊ី មិនបារម្ភចំពោះការគំរាមកំហែងនេះទេ ដោយនិយាយថា លោកមិនខ្លាចការដាក់ទោសពីអារុក្ខអារក្ខអ្នកតាទេ ពីព្រោះលោកមិនបានធ្វើអ្វីខុសឡើយ។ លោកបាននិយាយថា ” ខ្ញុំមិនបារម្ភអំពីការដាក់បណ្ដាសានេះទេ ពីព្រោះយើងមិនបានប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយយើងក៏មិនបានយកដីស្រែរបស់អ្នកភូមិទាំងនេះដែរ”។ លោកបានបន្ថែមថា ” ផ្ទុយទៅវិញ ការដាក់បណ្ដាសានេះនឹងត្រឡប់ទៅរកអ្នកទាំងនោះវិញ ពីព្រោះ យើងប្រព្រឹត្តល្អឬមិនល្អ ទេវតាមានភ្នែក។
លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍ឃុំតាជេស កន្លែងដែលវិវាទដីធ្លីនេះកើតឡើងបានមានប្រសាសន៍ថា វាជាសិទ្ធិរបស់អ្នកភូមិក្នុងការរៀបចំពិធីនេះ ពីព្រោះវាគ្រាន់តែជាអបិយជំនឿប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា ” ពួកគាត់បានធ្វើច្រើនលើកមកហើយ ប៉ុន្តែយើងមិនដែលឃើញមានបញ្ហាអ្វីកើតឡើងទេ ហើយមនុស្សដែលបានស្លាប់នោះគឺស្លាប់ដោយសារជំងឺនិងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ មិនមែនស្លាប់ដោយសារត្រូវបណ្ដាសាឡើយ”៕ សារុន