36 C
Phnom Penh

ទាហាន​ម្នាក់​ដែល​ជាប់សង្ស័យ​ថា ដឹកឈើគ្រញូង​​​រត់គេច​ផុត​ពី​គ្រាប់​កាំភ្លើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​ខេត្ត​​​កំពង់ធំកំពុង​​​ស្វែង​​​រក​​​ទាហានម្នាក់​​​ ដែលជាប់​​​សង្ស័យថា​បាន​​​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​​​​​​​​ដែល​បាន​​​បាញ់​​​នគរ​​​បាល ពេល​រត់​គេច​ខ្លួន​​​​តាម​​​ផ្លូវ​​ខ្វាត់​ខ្វែង​តូចៗ​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍។

លោក ជូ សំអាន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​បាន​ទទួល​​​​​​ការ​​​ហៅទូរស័ព្ទ​​​ពី​​​ព្រះ​​​រាជ​​​អាជ្ញារងអម​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​មួយ​​​រូប​​​នៅ​​​ម៉ោង​​​៧ព្រឹក​​ឲ្យ​​​ឃាត់​​​រថយន្ត​​​ហុងដាCR-V ពាក់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ ហើយ​​​បើកបរ​​​តាម​​​ផ្លូ​វជាតិ​​​លេខ​​​៦ដឹក​​​ឈើ​​គ្រញូង​ខុស​ច្បាប់​ប្រហែល​​​២០០​​​គីឡូក្រាម។

លោក សំអាន បាន​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​ប្រទះ​​​ឃើញ​​​រថយន្ត​​​នេះ ហើយ​​​បាន​​​បញ្ជា​​​ឲ្យ​​​ឈប់​​​។ ប៉ុន្តែ​​​អ្នក​​​បើក​​​មិនព្រម​​​ឈប់ធ្វើ​​​ឲ្យ​​​នគ​​​រ​​​បាល​​​បើក​​​ដេញ​​​តាម​​​ចម្ងាយ​​​៥​គីឡូម៉ែត្រ​​​ មុនពេល​​​អ្នក​​​បើក​​​បរ​​​បាន​​​ឈប់​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​ក្រុង​​​ស្ទឹងសែន ហើយ​​​​​​បាន​​​​រត់​ចេញ​​​ពី​រថយន្ត។

របាយការណ៍​​​របស់​លោក សំអាន ដែល​បាន​បញ្ជូនទៅ​​​នគរ​​​បាលជាតិ​​​មានខ្លឹម​​​សារ​​​ថា ” នៅ​​​ពេល​​​យើង​​​បាន​​​ព្យាយាម​​​ចាប់​​​ខ្លួនជន​​​សង្ស័យ ជននេះបាន​​រត់​ចេញ​ពី​​រថយន្ត​​​​ ហើយ​​​បាន​​​បាញ់​​​កាំភ្លើង​ខ្លី​សំដៅ​អាជ្ញាធរ​ចំនួន​​ប្រាំពីរ​​​គ្រាប់ ចំណែក​​​អាជ្ញាធរ​​​បាន​​​បាញ់​​​តប​​​វិញ​​​ពីរគ្រាប់”។ របាយការណ៍ដដែល​​​នេះ​​​បន្ត​​​ថា “ជន​​​សង្ស័យ​​​បាន​​​រត់ចូល​​​ផ្ទះ​​​អ្នកភូមិ​​​ម្នាក់​​​ ហើយ​​​បាន​​​ដោះ​​​អាវ​ចេញ​​​ រួច​រត់​​​ទៅ​​​ផ្ទះ​​​មួយ​​​ទៀត​​ ហើយ​ជននេះ​​​បាន​​​គេ​​​ច​​​ខ្លួន​​រួច​​​ដោយ​​​សារ​​​ផ្លូវ​​​តូច​​​ចង្អៀតពេក”។ លោក សំអាន បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​រូប​​​នេះ​​​បានទុក​​​ឯក​​​សណ្ឋាន​​​យោធា​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​រថយន្ត​​​។

លោក ហង្ស ថុល មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ប្រតិបត្តិ​​​ការ​​​នោះ​​​ គ្មាននរណាម្នាក់​​​រង​​​របួស​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” កម្លាំង​​​របស់​​​យើង​​​គ្មាន​​​រង​​​របួស​​​ទេ។ វា​​​លំបាក​​​ចាប់​​​ខ្លួនជន​​​សង្ស័យ​​​រូប​​​នេះ​​​ណាស់ ពីព្រោះ​​​ជន​​​​​នេះ​​​មានកាំភ្លើង និង​មាន​​​ផ្ទះ​​​ច្រើន​​ ហើយ​​​ផ្លូវ​​​តូច​​​ចង្អៀត​​​ទៀត​​​”។

លោក ហង្ស ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា កងកម្លាំង​បាន​​​និយាយ​​​ជាមួយ​​​ប្រពន្ធ​​​ជន​​​សង្ស័យ​​​រូប​​​នេះ ដែល​​​បាន​​​អះអាង​​​ថា ប្ដី​​​របស់​​​គាត់​​​ជា​​​​ទាហាន​​​ ហើយ​​​បាន​​​និយាយ​​​ថា គាត់​​​បាន​​​ឈរ​​​ជើង​​​នៅ​​​ក្បែរ​​​ព្រំដែន​​​ថៃ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ។ ទោះ​​​ជាយ៉ាង​​​ណា លោកបាន​​​​អះអាង​​​ថា លោកមិន​​​ស្គាល់​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ ឬអង្គភាព​​​យោធា​​​របស់​​​គាត់​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​ទទួល​​​បាន​​​តម្រុយ​​​ពី​​​ស្ត្រី​​​ជា​​​ប្រពន្ធ​​​ ដូច្នេះ​​​យើង​​​សង្ឃឹម​​​ថា នឹង​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​បាន​​​នៅ​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ​​​”។

របាយការណ៍​​​​មួយ​បង្ហោះ​​​តាម​​​គេហទំព័រ​​​របស់​​​នគ​រ​​​បាល​​​ជាតិគ្រាន់​តែ​​​បញ្ជាក់​​​ថា បុរស​​​​​នេះ​​​ឈ្មោះ ប៉ុន អាយុ​​​៣៥​​​ឆ្នាំ ហើយ​ក៏​ជា​​​ទាហាន​​​ឈរ​​​ជើង​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​ផង​​​ដែរ។ របាយការណ៍​​​ដដែល​​​នេះលើក​​​ឡើង​​​ដែរ​​​ថា ឈើ​​​គ្រញូង​​​២៦​​​ដុំ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​រថយន្ត​​​របស់​​​គាត់​​​ ហើយ​​​ឈើ​​​ទាំង​​​នេះត្រូវ​​​បាន​យក​​​រក្សា​​​ទុក​​​នៅ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្ទោង។

ហេតុការណ៍​​​​​​េនះ​​​គឺ​​​ជា​​​លើកទី២​​​ហើយ ដែល​​​នគរ​​​បាល​​​បាន​​​បាញ់​​​ទៅ​​​លើ​​​ជន​សង្ស័យ​ដឹក​ឈើ​​​​​ខុស​​​ច្បាប់​​ក្នុង​​​រយៈពេល​​​មិន​​​ដល់​​​មួយ​​​សប្ដាហ៍​​​ផង​​​។ កាលពី​​​ថ្ងៃ​​​ពុធ មន្ត្រី​​​នគរ​​​បា​​​ល​​​ជាតិ​​​ម្នាក់​​​ ដែល​​​ឈរ​​​ជើង​​​នៅ​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​បាញ់​​​រថយន្ត​​​មួយ​​​គ្រឿង​​​ដែល​​​សង្ស័យ​​​ថា ដឹក​​​ឈើ​​​​​ខុស​​​ច្បាប់ បន្ទាប់​​​ពី​​​រថយន្ត​​​នោះ​មិន​​​ព្រម​ស្តាប់​បញ្ជា​ឲ្យ​​​ឈប់​​​។ កា​​របាញ់​​​នេះ​​​បណ្ដាល​​​ឲ្យ​​​បុរស​​​ម្នាក់​​​ស្លាប់ និង​​​របួស​​​កូន​​​ចុង​​​មេបញ្ជាការរង​​​កង​​​រាជ​​​អាវុធ​​​​​​ហត្ថ​​​ខេត្ត​​​ម្នាក់​​​។ គេ​​​រក​​​មិន​​​ឃើញ​​​ឈើ​​​នៅ​​​ក្នុង​​​រថយន្ត​​​នោះទេ​​​៕ សារុន​​​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស