28 C
Phnom Penh

នៅ​ពេល​ខួប​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ គណបក្ស​សង្គ្រោះ​ជាតិបន្ទន់​គោល​ជំហររបស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​​​ដែល​​​ជិត​​​ដល់​​​ខួប​​​នៃការ​​​បោះ​​​ឆ្នោត​​​ជាតិ​​ថ្ងៃ​​​ទី​​​២៨ ខែកក្កដា មេដឹកនាំ​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រឆាំង​​​កាលពី​​​ម្សិលមិញ​​​បាន​​​បង្ហាញ​​​ថា ខ្លួន​​​ត្រៀម​​​ដក​​​ការ​​​​​ទាម​​​ទារ​​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​អាណត្តិ និង​​​បាន​​​ផ្ដោត​​​ជា​​​សំខាន់ទៅ​​​លើ​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ឯករាជ្យ។

លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​អង្គុយ​​​នៅ​​​ជិត​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន និង​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ អំឡុង​​​ពិធី​​​តម្កល់​​​ព្រះអដ្ឋិបរម​​​រតនកោដ្ឋ​​​សម្ដេច​​​ឪ​​​ នរោត្តម សីហនុ កាលពី​​​ថ្ងៃសុក្រ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឥឡូវ​​​នេះ​​​លោក​​​សង្ឃឹម​​​ថា នឹង​​​មាន​​​ការ​​​ដោះ​​​ស្រាយ​​​ភាព​​​ទាល់​​​ច្រក​​​នេះ​​​ឲ្យ​​​បាន​​​មុន​​​ថ្ងៃទី​​​២៨ ខែកក្កដា។

លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ទាំង​​​ពីរ​​​ពេល​​​នេះ​​​កំពុង​​​រៀបចំ​​​រូបមន្ត​​​ថ្មី​​​សម្រាប់​​​ដំណើរ​ការ​ជ្រើស​​​រើស​​​សមាជិក​​​ថ្មី​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​ថា ការ​​​បង្ហាញ​​​ទំនាក់ទំនង​​​ជា​​​សាធារណៈ​​​ខុស​​​ពី​​​ធម្មតា​​​កាលពី​​​ថ្ងៃសុក្រ​​​នេះ គឺ​​​ជា​​​ប្រផ្នូល​​​ល្អ​​​សម្រាប់​​​ការ​​​ចរចា​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​សប្ដាហ៍​​​ខាង​​​មុន​​​នេះ។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បង្ហាញ​​​ថា ជំហរ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ គឺ​​​ថាយើង​​​ត្រូវ​​​អង្គុយ​​​ពិភាក្សា​​​គ្នា​​​រក​​​វិធី​​​កណ្ដាល​​​ ដែល​​​ធានា​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌ ហើយ​​​យើង​​​នឹង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។ យើង​​​ត្រៀម​រូប​​​មន្ត​​​របស់​​​យើង​​​រួច​​​ហើយ ហើយ​​​ប្រសិន​​​បើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ត្រៀម​​​រូប​​​មន្ត​​​របស់​​​គេ​​​រួច​​​ហើយ យើង​​​អាច​​​អង្គុយ​​​ចរចា​​​គ្នា​​​រក​​ដំណោះស្រាយ​​​”។

ពីមុន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បានទាម​​​ទារ​​​ថា ត្រូវ​​ជ្រើស​​​រើសសមាជិក​​​ថ្មី​​​របស់​​​គណៈកម្មា​ធិ​ការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោតដោយ​​​សំឡេង​​​ពីរភាគបី​​​​​​ពី​​​រដ្ឋសភា​​​ដែល​​​មាន​​​១២៣​​​អាសនៈ​​​នេះ​​ ជា​​​ច្បាប់​ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​គណបក្ស​​​ទាំងពីរ​​ក្នុង​ការ​ជ្រើស​រើស​​បេក្ខជន។ការ​​​ទាម​​​ទារ​​​បែប​​​នេះ​​​ត្រូវ​​​បាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ច្រាន​​​ចោល​​​ជាច្រើន​​​ដង​​​។

លោក សុន ឆ័យ ដែល​​​​​​តែង​​​តែ​​​ដឹកនាំ​​​មន្ត្រីគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ចាប់​​​តាំង​​​ពីការ​​​បោះ​​​ឆ្នោត​​​​​​មក​​​នោះ បានមាន​​​ប្រសាសន៍​​​ថា គណ​​​បក្ស​​​ប្រឆាំង​​​ក៏​​​​​​បាន​​​បន្ធូរ​​​បន្ថយ​​​ការ​​​ទាម​​​ទារ​របស់​​​ខ្លួន​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​នៅពេល​​​ណាមួយ​​​មុន​​​ខែកុម្ភៈ​​​ ឆ្នាំ​​​២០១៨​ផង​​​ដែរ​ ជា​​កាល​បរិច្ឆេទ​ឆាប់​​​បំផុត​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និយាយ​​​ថា ខ្លួន​​​នឹង​​​អនុញ្ញាត​​​ឲ្យមាន​​​ការបោះ​​​ឆ្នោត​​​លើ​​កក្រោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំគិត​​​ថា ការ​​​បោះ​​​ឆ្នោត​​​អាច​​​ចាប់​​​ផ្ដើម​​​នៅ​​​ពេល​​​ក្រោយ​​​បាន​​​។ វា​​​អាស្រ័យ​​​ថាតើ​​​យើង​​​អាច​​​កែ​​​ទម្រង់​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​នេះ​​​បាន​​​លឿន​​​ប៉ុណ្ណា។ វា​​​មិន​​​សំខាន់​​​ទេ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​អាណត្តិ​​​ ប្រសិន​​​បើ​​​យើង​​​មិន​​​មាន​​​ប្រព័ន្ធ​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​ ឬអាច​​​ទទួល​​​យក​​​បាន​​​នោះ ដូច្នេះ​​​ខ្ញុំគិត​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សុខ​​​ចិត្ត​​​រៀបចំការ​​​បោះ​​​ឆ្នោត​​​ទៅ​​​ពេល​​​ក្រោយ”។

កាលពី​​​មុន គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​នៅ​​​ពេល​​​ណាមួយ​​​ចន្លោះពី​​​ខែមករា ឆ្នាំ​​​២០១៦​​​ដល់​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៧។ កាលពីខែ​​​មេសា លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ហាក់​​​ដូច​​​ជា​​​បាន​​​ព្រម​​​ព្រៀង​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដើម្បី​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​។

លោក​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ថា សមាជិក​​​ថ្មី​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត នឹង​​​ត្រូវ​​​ជ្រើស​​​រើស​​​ដោយ​​​មតិ​​​រួម​​​គ្នា​​​របស់​​​គណបក្ស​​​ទាំង​​​ពីរ​​​ ប៉ុន្តែ​​​ការ​​​ព្រមព្រៀង​​​នេះ​​​បាន​​​បរាជ័យ​​​ទៅវិញ​​​មួយ​​​ថ្ងៃ​​​ក្រោយ​​​មក ព្រោះ​​​លោក ហ៊ុន សែន មិន​​​ព្រម​​​ឲ្យ​​​មាន​​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​ខែ​​​កុម្ភៈ ឆ្នាំ​​​២០១៨។

លោក កឹម សុខា និង​​​លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា ពួកគាត់​​​កំពុង​​​រង់ចាំ​​​ការ​​​ទាក់​​​ទង​​​ពី​​​មេដឹកនាំ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដើម្បី​​​បន្ត​​​ការ​​​ចរចា។

លោក ជាម យៀប អ្នកនាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​លោក ព្រំ សុខា រដ្ឋលេខា​​​ធិការ​​​ក្រសួង​​​មហាផ្ទៃ ដែល​​​បាន​​​ដឹកនាំ​​​គណបក្ស​​​នេះ​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។

បច្ចុប្បន្ននេះ លោក​​​ សម រង្ស៊ី កំពុង​​​ស្ថិត​​​នៅ​តំបន់​​អឺរ៉ុប​​​ ហើយ​​​គ្រោង​​​ជួប​​​សហគមន៍​​​ខ្មែរ​​​នៅ​​​ក្រៅ​​​ប្រទេស ដូច​​​ជា​​​នៅអូស្ត្រាលី អាល្លឺម៉ង់ និង​​​ស្វ៊ីស នៅសប្ដាហ៍​​​ក្រោយ​​​ ហើយ​​​បន្ទាប់​​​មក​​​នឹង​​​វិល​​​មក​​​ប្រទេសកម្ពុជា​​​វិញ​​​ឲ្យ​បាន​មុន​​​ថ្ងៃ​​​ទី​​​២៧ ខែ​​​កក្កដា ដែល​​​នៅ​ពេល​​​នោះ​​​គណបក្ស​​​នេះ​​​នឹង​​​រៀបចំ​​​សមាជ​​​ជាតិ​​​ ដែល​​​ធ្វើ​​​រៀងរាល់​​ពីរ​​​ឆ្នាំ​​​ម្ដង​​​​​​ជា​លើក​​​ដំបូង​​​របស់​​​ខ្លួន៕ គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស