យោងតាមមេបញ្ជាការទ័ពអាកាសឲ្យដឹងថា មេបញ្ជាការរងកងទ័ពអាកាសម្នាក់និងយ៉ាងហោចណាស់មនុស្ស៤នាក់ទៀតបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធា ដែលផលិតនៅប្រទេសចិននៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីព្រឹកមិញ។ បុរសម្នាក់បាននៅរស់។
មន្រ្តីមួយរូបនៅនាយកដ្ឋានស៊ើបការណ៍ប៉ូលិសជាតិ ដែលបដិសេធមិនផ្តល់ឈ្មោះដោយសារតែគេមិនអនុញ្ញាតឲ្យនិយាយជាមួយអ្នកកាសែតបានមានប្រសាសន៍ថា ឧត្តមសេនីយ៍ត្រី អៀង វណ្ណារិទ្ធ ជាមេបញ្ជាការរងទ័ពអាកាសកងយោធពលខេមរភូមិន្ទ បានស្លាប់ក្នុងឧបទ្ទវហេតុនេះផងដែរ។ មន្រ្តីប៉ូលីសរូបនេះបានមានប្រសាសន៍ថា “គាត់បានជិះជាមួយគ្រូបង្ហាត់ដើម្បីមើលកូនចៅរបស់គាត់ហ្វឹកហាត់យ៉ាងដូចម៉្តេច” ។
នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពអាកាសបានមានប្រសាសន៍ថា ទាហានបួននាក់បានស្លាប់រួមទាំងមេបញ្ជាការរងម្នាក់ផងដែរ។ មេបញ្ជាការកងទ័ពអាកាសរូបនេះបានមានប្រសាសន៍ថា “៤នាក់បានស្លាប់និងមា្នក់ទៀតទទួលរងរបួសហើយក្នុងចំណោម៤នាក់ដែលបានស្លាប់នោះ មានមេបញ្ជាការរងម្នាក់ផងដែរ” ។
លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃសបានមានប្រសាសន៍ថាឧទ្ធម្ភាគចក្របានធ្លាក់ ក្នុងរណ្តៅដីជីកមួយកន្លែងនៅម៉ោងប្រហែល៩ព្រឹកមិញនេះនៅក្នុងភូមិព្រៃទីទុយ។ លោកបានបន្ថែមថារថយន្តសង្គ្រោះបន្ទាន់ បានដឹកអ្នកដែលរងរបួសភ្លាមៗទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
វេជ្ជបណ្ឌិតមួយរូបនៅពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា លោកចេង សុខសម្បូរមានវ័យ២៧ឆ្នាំ អាចនិយាយបាន ហើយគាត់ទទួលរងរបួសតិចតួចប៉ុណ្ណោះនៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធានោះ។
លោក កឹម គុណវឌ្ឍ ជាអគ្គនាយកទូរទស្សន៍ជាតិទទកបានសរសេរក្នុងហ្វេសប៊ុកថា ឧទ្ធម្ភាគចក្រយោធាដែលធ្លាក់នោះគឺផលិតនៅប្រទេសចិនប្រភេទz-9 ពោលគឺជាឧទ្ធម្ភាគចក្រចំនួន១២គ្រឿងដែលទិញកាលពីឆ្នាំមុនក្នុងកម្ចីនិងកិច្ចព្រមព្រៀងទិញក្នុងទឹកប្រាក់ប្រហែល២០០លានដុល្លារអាមេរិកជាមួយរដ្ឋាភិបាលចិន។