34 C
Phnom Penh

សហជីព​ចំនួន​២៥​ស្នើ​ឲ្យ​ក្រសួង​ការ​ងារធ្វើ​ការ​កែប្រែ​មួយ​ចំនួន​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ តំណាង​មក​ពី​សហជីព​ចំនួន២៥​បាន​បញ្ជូន​សំណើ​មួយ​ទៅ​ក្រសួង​ការ​ងារ​ ទាម​ទារ​ឲ្យមាន​ការ​កែប្រែ​មួយ​ចំនួនចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស​ស្ដីពី​សហជីព​ និង​បាន​ស្នើ​សុំ​ឲ្យ​ការ​ដំឡើង​ប្រាក់​ខែ​គោលដល់​១៦០​ដុល្លារ​សម្រាប់​វិស័យ​កាត់​ដេរ​នេះ​ចាប់ពី​​ខែតុលា​ទៅ។

ម្ចាស់​រោងចក្រ​កាត់​ដេរ​និយាយ​ថា សហជីព​ដ៏ច្រើន​បច្ចុប្បន្ននេះ​ធ្វើ​ឲ្យ​ខ្លួន​ស្ទើរ​តែ​មិន​អាច​ចរចា​ជាមួយ​កម្មករ​បាន​។ សហជីព​ដែល​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​បារម្ភ​ថា ច្បាប់​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា ជា​បរិយាកាស​ដែល​មាន​ការ​រឹត​ត្បិត​រួច​ហើយនោះ​ កាន់​តែ​តានតឹង​ថែម​ទៀ​​តសម្រាប់​សហជីព​ឯករាជ្យ​។

លោក អាត់ ធន់ ប្រធាន​​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​​កម្ពុជា​ បាន​មាន​ប្រសាសន៍អំឡុង​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ​ថា ” បើ​មាន​ច្បាប់​នេះ ថៅកែ​រោងចក្រ​អាច​បំពាន​សិទ្ធិ​កម្មករ​ដោយ​ស្រប​ច្បាប់​ ប្រសិន​បើ​មិន​មាន​ការកែប្រែ​​ចំណុច​មួយ​ចំនួន​ទេ​នោះ។ សហ​ជីព​មាន​សិទ្ធិ​តវ៉ា​រួច​ហើយ​ ដូច្នេះ​ហេតុអ្វី​បានជា​យើង​ត្រូវ​ការ​ច្បាប់​នេះ​ទៀត​?”

លោក អាត់ ធន់ ដែល​ជា​ប្រធាន​សហជីព​ឯករាជ្យធំជាង​គេ​នៅ​កម្ពុជា​ ចង់​ឲ្យ​រដ្ឋាភិបាល​បោះ​បង់​ផែន​ការ​របស់​ខ្លួន​ទាំង​ស្រុង​ចំពោះ​ច្បាប់​នេះ។ ទោះជាយ៉ាង​ណា សំណើ​ដែល​សហ​ជីព​ទាំង​នេះ​បាន​បញ្ជូន​ទៅ​កាល​ពីម្សិលមិញ គ្រាន់​តែ​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​មួយ​ចំនួន​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​តែ​ប៉ុណ្ណោះ។

លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ថា ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់​ដែល​ពួក​គេ​​​តវ៉ា គឺ​ការ​តម្រូវ​របស់​សេចក្ដី​ព្រាង​ច្បាប់​នេះ​​ឲ្យ​មាន​កម្មករ​២០​ភាគរយ​នៃ​កម្មករ​ដែលធ្វើ​ការ​នៅកន្លែង​ណាមួយ​សម្រាប់​បង្កើត​សហជីព​ថ្មី​។ រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​អាច​ជួល​កម្មករ​ប៉ុន្មាន​ក៏បាន​ដែរ​ចាប់ពី​ពីរ​បីរយ​នាក់​រហូត​ដល់​រាប់​ពាន់​នាក់​។

លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា សហជីព​ដែល​ចូល​រួម​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ យល់​ព្រម​ឲ្យ​មាន​កម្មករ​យ៉ាង​តិច​ប្រាំបី​នាក់​ដដែល​សម្រាប់​បង្កើត​សហជីព។

អង្គការ​ពល​កម្ម​អន្តរជាតិ​ក៏បាន​ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ។

នៅ​ឯសិក្ខា​សាលា​មួយ​អំពី​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ​សម្រាប់​​មន្ត្រី​រដ្ឋាភិបាល តំណាង​រោងចក្រ និង​តំណាង​សហជីព​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​ឧសភា លោក ចន រីតឆូត អ្នកឯកទេស​ផ្នែក​ទំនាក់​ទំនង​ការ​ងារ​​នៅ​អង្គការ​ពល​កម្ម​អន្តរជាតិ​ បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ស្រប​តាម​កាតព្វកិច្ច​របស់​កម្ពុជា​នៅ​ក្នុង​អនុសញ្ញា​របស់​អង្គការ​ពល​កម្ម​អន្តរជាតិ​លើ​ចំណុច​ជាច្រើន​ ហើយ​វា​ជា​ដំណើរ​ដើរ​ថយ​ក្រោយ​​​​បើ​ប្រៀប​ធៀប​នឹង​សេចក្ដី​ព្រាង​ច្បាប់​មុន​។

ក្នុង​ចំណោម​ការ​រិះ​គន់​សំខាន់​ៗ​របស់​លោក​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​ការ​តម្រូវ​ឲ្យ​មាន​កម្មករ​២០​ភាគរយ​សម្រាប់​បង្កើត​សហជីព​ ដែល​លោក​ចាត់​ទុក​ថា ចំនួន​នេះ​ខ្ពស់​ហួស​ហេតុ​។

ចំណែក​ឯ​ប្រាក់​ខែ​គោល​ដែល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​១០០​ដុល្លារ​នោះ លោក អាត់ ធន់ មាន​ប្រសាសន៍​ថា សហជីព​ដែល​បានចូល​រួម​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ បាន​ព្រម​ព្រៀង​ស្នើ​សុំ​ឲ្យ​ក្រសួង​ការ​ងារ​ដំឡើង​វា​រហូត​ដល់​១៦០​ដុល្លារ​​ចាប់​ពី​ខែ​តុលា​ទៅ។

ការ​ទាម​ទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​គឺ​ជា​ចំណុច​សំខាន់​នៃ​​ការ​ធ្វើ​កូដ​កម្ម​កាល​ពី​ចុង​ខែធ្នូ និង​ដើម​ខែមករា ដែល​បាន​នាំ​ឲ្យ​ឧស្សាហកម្ម​កាត់​ដេរ​ផ្អាក​ដំណើរ​ការ​អស់​មួយ​រយៈពេល​។ នៅ​ទីបញ្ចប់​កង​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ការ​តវ៉ា​នោះ ដោយ​​បាន​បាញ់​ទៅ​លើ​កម្មករ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣ ខែមករា បណ្ដាល​ឲ្យ​កម្មករ​​ស្លាប់​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់។

កាលពី​ខែ​មុន សហជីព​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល​​មាន​សំឡេងគាំទ្រ​តិច​ជាង​នៅ​ពេល​ដែល​គណៈកម្មការ​ប្រឹក្សា​ការ​ងារ​ ដែល​មាន​សមាជិក​ជា​មន្ត្រី​រដ្ឋាភិបាល តំណាង​រោងចក្រ​ និង​តំណាង​សហជីព​នោះ បានព្រម​ព្រៀង​​គ្នា​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​នេះ​មិន​គួរ​ចាប់​ផ្ដើមទេ រហូត​ដល់​ថ្ងៃ​ទី១ ខែ​មករា។ ក្រុម​ការ​ងារ​របស់​គណៈកម្មការ​ប្រឹក្សា​ការ​ងារ​ ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​ប្រាក់​ខែ​គោល​នេះ ​គ្រោង​ជួប​ប្រជុំ​គ្នា​ម្ដង​ទៀត​នៅ​ចុង​ខែ​នេះ។

គេ​មិន​អាច​ទាក់​ទង​មន្ត្រី​ក្រសួង​ការ​ងារ​សុំការ​អត្ថាធិប្បាយ​បានទេ​៕ គឹមហឿន​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស