30 C
Phnom Penh

អ្នកស្ម័គ្រចិត្ត​ជាង​២.០០០នាក់​បាន​ចុះឈ្មោះធ្វើជាអ្នក​សង្កេត​ការ​ណ៍ការ​ប្រឡង​ថ្នាក់ជាត​ិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ស្ម័គ្រចិត្ត​ជាង​២.០០០​នាក់​នឹង​ត្រូវ​ដាក់​ឲ្យ​សង្កេត​​មើល​សិស្ស​ដែល​​ប្រឡង​ថ្នាក់​ជាតិ​នៅ​ខែសីហា ដោយ​ឱសានវាទ​សម្រាប់​ការ​ចុះ​ឈ្មោះ​​បញ្ចប់​នៅ​ថ្ងៃ​នេះ។

យោងតាម​លោក រស់ សាលីន អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា សិស្ស​ជាង​៩៣.០០០​នាក់​បាន​ចុះ​ឈ្មោះ​ប្រឡង​នៅ​ថ្ងៃ​ទី៤និង​ទី៥ ខែ​សីហា នៅ​តាម​មណ្ឌល​​ប្រឡង​ចំនួន​១៥៤​មណ្ឌល​ទូទាំង​ប្រទេស​ ដោយ​មណ្ឌល​នីមួយៗ​នឹង​មាន​តំណាង​ម្នាក់​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

ក្រសួង​អប់រំ​បាន​ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជួយ​នៅ​ក្នុង​រឿង​នេះ ​ពីព្រោះ​​អង្គ​ភាព​នេះ​បាន​ផ្ដោត​ទៅ​លើ​ការ​លុប​បំបាត់​​អំពើ​ពុក​រលួយ​ពេលប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូទាំង​ប្រទេស​ ដោយ​ណែ​នាំ​ឲ្យ​មាន​ការ​ផ្តល់​មូល​និធិ​បន្ថែម​សម្រាប់​បើក​ឲ្យ​អនុរក្ស និង​ធ្វើ​ឲ្យ​ការ​ប្រឡង​នេះ​ជា​កត្តា​តែ​មួយ​គត់​ដើម្បី​កំណត់​ពី​ការ​ចូលរៀន​របស់​សិស្ស​នៅ​តាម​សាកល​វិទ្យាល័យ​រដ្ននានា​។

អ្នក​ដែល​បាន​ស្ម័គ្រ​ចិត្ត​ឃ្លាំ​មើល​ការ​ប្រឡង​នឹង​ត្រូវ​ដាក់​នៅ​ក្នុង​បន្ទប់​ប្រឡង​នីមួយៗក្នុង​ចំណោម​បន្ទប់​ប្រឡង​ចំនួន​៣.៧៧៩​បន្ទប់ទូទាំង​ប្រទេស​​ជាមួយ​គ្រូពីរ​នាក់​ ដែល​ជា​អនុ​រក្ស​។​ក្នុង​ពេល​កន្លង​មក អនុរក្ស​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ទូទៅ​ថា បានទទួល​សំណូក​ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​លួច​ចម្លង។

យោងតាម​លោក ឆាយ សាវុធ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា ទោះ​ជា​គោល​បំណង​របស់អ្នក​សង្កេត​ការ​ណ៍គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រឡង​ថ្នាក់​ជាតិ​នេះ​គ្មាន​ការ​លួច​ចម្លងក៏​ដោយ ក៏​ពួកគេ​នឹង​មិន​តម្រូវ​ឲ្យ​នៅ​តែ​ក្នុង​បន្ទប់​ដែល​ពួកគេ​ត្រូវ​បាន​ចាត់​តាំង​នោះ​ទេ​។

លោក​ សាវុធ បាន​មាន​ប្រសាសន៍​ថា ” អ្នក​សង្កេត​ការណ៍​នឹង​ពាក់​កាត​ដើម្បី​បង្ហាញ​ថា ពួកគេ​គឺ​ជា​អ្នក​សង្កេត​ការណ៍​ការ​ប្រឡង​ ហើយពួកគេ​អាច​ទៅ​កន្លែង​ណា​ក៏បាន​ សូម្បី​តែ​ក្នុង​បន្ទប់ប្រឡង និង​កន្លែង​ហាម​ឃាត់ផ្សេងៗទៀត​”។

លោក​បាន​បន្ថែម​ថា ” ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា អ្នក​សង្កេត​ការណ៍ទាំង​នោះ​នឹង​ដើរចូលក្នុង​បន្ទប់​ប្រឡង​ជា​ប្រចាំនោះទេ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​អារម្មណ៍​សិស្ស​”។

លោក​ សាវុធ បាន​មាន​ប្រសាសន៍​ថា អ្នក​សង្កេត​ការណ៍​នឹង​ត្រូវ​ឃ្លាំ​មើល​ ហើយ​ដាក់​ពិន័យ​ ប្រសិន​មាន​ការ​រក​ឃើញ​ថា ពួក​គេ​បាន​ជួយ​សិស្ស​ឲ្យលួច​ចម្លង។

លោក សាលីន នៅក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៤​គឺ​ជា​ការ​ប្រឡង​ស្អាត​​ស្អំ​បំផុត។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​រំពឹង​ថា ការ​ប្រឡង​នេះ​នឹង​ជា​ការ​ប្រឡង​ដ៏​ស្អាត​ស្អំ។​ យើង​មាន​អ្នក​សង្កេត​ការណ៍​ភាគី​ទី៣ ហើយ​សិស្ស​​ភ័យ​ខ្លាច​អ្នក​សង្កេតការណ៍។ នោះ​ជាហេតុ​ផល​ដែល​យើង​គិត​ថា នឹង​មាន​លទ្ធផល​គួរ​ឲ្យជឿ​ទុក​ចិត្ត​”។

កាលពី​សប្ដាហ៍​មុន​ អង្គការ​​តម្លាភាព​កម្ពុជាបានដកការ​​សន្យា​ផ្ដល់​​អ្នក​ឃ្លាំ​មើលវិញ​ ពីព្រោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​មិន​អនុញ្ញាត​ឲ្យ​អង្គការ​នេះ​ចុះឈ្មោះ​អ្នក​ឃ្លាំ​មើល​បម្រុង​ឡើយ​ ជា​សេចក្ដី​សម្រេច​មួយ​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាលនេះ​លើក​ឡើង​ថា រារាំង​ខ្លួន​មិន​ឲ្យ​​ជួយ​ធ្វើ​ឲ្យ​ការ​ប្រឡង​មាន​គុណភាព៕ សារុន​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស