ស្ត្រីម្នាក់ដែលបានចូលរួមនៅក្នុងគម្រោងសាកល្បងរបស់ក្រសួងការងារក្នុងការបញ្ជូនស្ត្រីបម្រើការតាមផ្ទះទៅប្រទេសសិង្ហបុរីនោះ បានវិលត្រឡប់មកកម្ពុជាវិញកាលពីម្សិលមិញ បន្ទាប់ពីបានស្ថិតនៅក្រោមការគាំពាររបស់អង្គការក្រៅរដ្ឋាភិបាលមួយអស់រយៈពេលប៉ុន្មានខែមក។
យោងតាមអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ស្ត្រីដែលមានអាយុ៣៤ឆ្នាំរូបនេះ បានដាក់ពាក្យបណ្ដឹងពីបទបំពានផ្លូវភេទទៅនគរបាល និងក្រសួងការងារសិង្ហបុរី ដើម្បីប្ដឹងឪពុកវ័យចំណាស់របស់ថៅកែនាង ប៉ុន្តែត្រូវដកពាក្យបណ្ដឹងនោះវិញដើម្បីបានចាកចេញពីប្រទេសនេះ។
លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានជួបពលករដែលវិលត្រឡប់មកវិញនេះនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ ប៉ុន្តែលោកមិនព្រមធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។
លោក ផល្លី បានមានប្រសាសន៍ថា ” យើងបានទទួលពលករចំណាកស្រុកកម្ពុជាម្នាក់ ដែលវិលត្រឡប់មកពីប្រទេសសិង្ហបុរីនៅថ្ងៃនេះ ហើយឥឡូវនេះយើងកំពុងសាកសួរគាត់។ ខ្ញុំមិនអាចប្រាប់លោកនូវព័ត៌មានបន្ថែមទៀតអំពីរឿងនេះបានទេ ពីព្រោះយើងកំពុងធ្វើការលើរឿងនេះ”។
លោកស្រី សារ៉ា ផ្យាសាណូ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស ដែលផ្ដល់មូលនិធិដោយអង្គការ USAID ដែលបានជួយបណ្ដុះបណ្ដាលស្ត្រីបម្រើការតាមផ្ទះមុនពេលពួកគេចាកចេញទៅប្រទេសសិង្ហបុរី និងធ្វើការជាមួយអង្គការនៅប្រទេសសិង្ហបុរីដើម្បីតស៊ូមតិសម្រាប់សិទ្ធិរបស់ពលករបានបញ្ជាក់ថា ស្ត្រីអាយុ៣៤ឆ្នាំរូបនេះបានវិលត្រឡប់មកវិញហើយ។
ច្បាប់សិង្ហបុរីចែងថា ភាគីណាមួយដែលជាប់ពាក់ព័ន្ធនៅក្នុងបណ្ដឹងទៅនគរបាល ត្រូវតែស្ថិតនៅក្នុងប្រទេសនេះរហូតដល់រឿងក្ដីនោះចប់សព្វគ្រប់។
លោកស្រី ផ្យាសាណូ បាននិយាយថា ” ច្បាស់ហើយថា នាងបានចុះហត្ថលេខាលើលិខិតដកពាក្យបណ្ដឹងរបស់នាង ពីព្រោះច្បាប់សិង្ហបុរីតម្រូវឲ្យធ្វើបែបនេះ។ អង្គការក្រៅរដ្ឋាភិបាលនេះពន្យល់ប្រាប់នាងថា ប្រសិនបើអ្នកចង់ចាកចេញពីប្រទេសសិង្ហបុរី អ្នកត្រូវដកពាក្យបណ្ដឹងរបស់អ្នក ហើយនាងពិតជាចង់មកផ្ទះវិញមែន។
សារាចរណែនាំរបស់ក្រសួងការងារឲ្យការពារពលករបម្រើការតាមផ្ទះនៅក្រៅប្រទេសលើកឡើងថា ទីភ្នាក់ងារជ្រើសរើសពលករត្រូវតែជួយស្ត្រីដែលរងការរំលោភបំពាន ក្នុងការធ្វើពាក្យបណ្ដឹងទៅនគរបាលនៅប្រទេសកម្ពុជា។
អ្នកស្រី សាមាន ត្រូវបានក្រុមហ៊ុនហ្វីលីម័របញ្ជូនទៅប្រទេសសិង្ហបុរីកាលពីខែកុម្ភៈ។ ស្ត្រីបម្រើតាមផ្ទះពីរនាក់ទៀត ដែលត្រូវបានក្រុមហ៊ុនដដែលនេះបញ្ជូនទៅប្រទេសសិង្ហបុរីនោះ បានវិលត្រឡប់មកវិញហើយកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយបាននិយាយថា ក្រុមហ៊ុនហ្វីលីម័របានដកហូតលិខិតឆ្លងដែនរបស់ពួកគេ និងឲ្យពួកគេចុះហត្ថលេខាលើកិច្ចសន្យាជំពាក់បំណុល។ កាលពីម្សិលមិញ គេមិនអាចទាក់ទងទាំងក្រុមហ៊ុនហ្វីលីម័រ និងក្រសួងការងារសុំការអត្ថាធិប្បាយបានទេ៕ គឹមហឿន