លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា “ប្រអប់ខ្មៅ” ដែលផ្ទុកព័ត៌មានសំខាន់អំពីរយៈពេលប៉ុន្មាននាទីចុងក្រោយនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ បណ្តាលឲ្យមនុស្សបួននាក់ស្លាប់ មិនទាន់បានរកឃើញនៅឡើយទេ។
ឧទ្ធម្ភាគចក្រធុន Z-9 មួយគ្រឿងផលិតនៅប្រទេសចិនបានធ្លាក់ចូលទឹករណ្តៅដីដ៏ធំមួយនៅប៉ែកនិរតីក្នុងរាជធានីភ្នំពេញ អំឡុងពេលហាត់បើកបរឧទ្ធម្ភាគចក្រតាមទម្លាប់ធម្មតានៅម៉ោងប្រហែល៩ព្រឹកថ្ងៃច័ន្ទ បណ្តាលឲ្យមេបញ្ជាការរងកងទ័ពអាកាសមួយរូប និងនាយទាហានបីរូបទៀតបាត់បង់ជីវិត។
សាកសពជនរងគ្រោះទាំងបួននាក់ និងបំណែកភាគច្រើននៃឧទ្ធម្ភាគចក្រ ដែលធ្លាក់នេះត្រូវបានរកឃើញ និងស្រង់ចេញពីទឹកនៅពេលរសៀលថ្ងៃនោះ។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងមិនទាន់រកឃើញប្រអប់ខ្មៅនៅឡើយទេ ពេលនេះយើងកំពុងបន្តរុករកវា”។ លោកមានប្រសាសន៍ទៀតថា នៅក្នុងកិច្ចប្រឹងប្រែងរបស់យោធាដើម្បីស្វែងរកការពន្យល់បកស្រាយពីមូលហេតុនាំឲ្យធ្លាក់ឧទ្ធម្ភាគចក្រនេះ គ្មានតម្រុយផ្សេងទៀតទេ។
រូបភាពវីដេអូដែលសាក្សីថតបានបង្ហាញពីសកម្មភាពឧទ្ធម្ភាគចក្របម្រុងនឹងចុះចតដល់ដីជាប់មាត់រណ្តៅដ៏ជ្រៅនេះរួចទៅហើយ មុនពេលវាហោះឡើងទៅលើវិញហើយដាំក្បាលចុះទៅក្នុងទឹករណ្តៅ។
លោក សឹុង សំណាង មេបញ្ជាការកងទ័ពអាកាសបានមានប្រសាសន៍ថា នៅពេលរកឃើញទិន្នន័យប្រអប់ខ្មៅ វានឹងត្រូវបញ្ជូនទៅប្រទេសចិនដែលលក់ឧទ្ធម្ភាគចក្រ Z-9 នេះឲ្យរដ្ឋាភិបាលកាលពីឆ្នាំមុន។
ឧត្តមសេនីយ៍ សឹុង សំណាង បានមានប្រសាសន៍ថា “ភ្លាមៗយើងមិនអាចវាយតម្លៃពីឧបទ្ទវហេតុនេះបានទេ។ យើងត្រូវការពេលវេលាថែមទៀត។ យើងនឹងបញ្ជូនទិន្នន័យនេះទៅសិក្សានៅរោងច្រក ដែលផលិតឧទ្ធម្ភាគចក្រនេះ។ យើងមិនអាចចាត់ទុកការអះអាងរបស់សាក្សី និងអ្នកនៅរស់ជាផ្លូវការបានទេ ពីព្រោះអ្វីៗស្ថិតក្នុងប្រអប់ខ្មៅនោះ”។
លោក យិន សុខា ដែលជាមេបញ្ជាការរងកងទ័ពអាកាសដែរនោះ បានមានប្រសាសន៍ថា ប្រអប់ខ្មៅនោះត្រូវបញ្ជូនទៅ ប្រទេសចិន ពីព្រោះកម្ពុជាគ្មានកន្លែងវិភាគទិន្នន័យបែបនេះទេ។
ឧត្តមសេនីយ៍ឯក យិន សុខា បានមានប្រសាសន៍ថា សាកសពទាហានបីរូបដែលមានដូចជា ឧត្តមសេនីយ៍ត្រី អៀង ចាន់ណារិទ្ធិ វរសេនីយ៍ត្រី ថន វណ្ឌី និងវរសេនីយ៍ត្រី ខាំ ប៊ុនណាន នឹងត្រូវបូជានៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុងនៅថ្ងៃនេះ។
លោកបានពន្យល់ថា ក្រុមគ្រួសាររបស់ឧត្តមសេនីយ៍ទោ អ៊ុក ប៊ុណ្ណាហា បានស្នើសុំរៀបចំពិធីបុណ្យសពឯកជនដាច់ដោយឡែកសម្រាប់លោក អ៊ុក ប៊ុណ្ណាហា នៅផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញ។
លោក ស សេរី អាយុ២៩ឆ្នាំ ដែលត្រូវជាបងជីដូនមួយរបស់សិស្សនាយទាហានបើកបរឧទ្ធម្ភាគចក្រឈ្មោះ ចេង សុខសំបូរ អាយុ២៧ឆ្នាំ ដែលជាអ្នកនៅរស់តែម្នាក់គត់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ បាននិយាយថា មន្ត្រីរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជាបាននាំយកអំណោយមកឲ្យជនរងគ្រោះកាលពីម្សិលមិញ។
លោក ស សេរី បាននិយាយនៅមន្ទីរពេទ្យថា “ក្រសួងជាច្រើនបានបរិច្ចាគជំនួយសរុបជាង១០លានរៀល[ ប្រហែល២.៥០០ដុល្លារ ] និងទឹកផ្លែឈើជាង១០កេស និងទឹកសុទ្ធមួយចំនួន”។
លោក ចេង សុខសំបូរបានរងរបួសស្រាលនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ ហើយគេរំពឹងថា គាត់នឹងជាសះស្បើយក្នុងសប្តាហ៍នេះ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិតដែលព្យាបាលគាត់៕សុខុម