34 C
Phnom Penh

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បួន​រូប​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​មាន​ការ​តវ៉ា​ដោយ​ហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​បួន​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ និង​នាំ​យក​ទៅ​ឃាត់​ទុក​នៅ​ស្នង​ការដ្ឋាននគរ​បាល​រាជ​ធានី​មួយ​យប់​ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ពេល​ព្រឹក​រវាង​សន្តិសុខ​ខណ្ឌ និង​អ្នក​តវ៉ា​របស់​គណបក្ស​ប្រឆាំង​នៅ​ជិត​ទីលាន​ប្រជា​ធិបតេយ្យ​ ដែល​មាន​ការ​ការ​ពារ​សន្តិសុខ​តឹង​រ៉ឹង​។Protest-photo-front

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យនគ​របាល​ជាតិ​បាន​បញ្ជាក់​ថា តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ទាំង​បួន​រូប គឺ​លោក​ស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ និង​លោក កែវ ភិរម្យ នឹង​ត្រូវ​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានីភ្នំពេញ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ទាន់​បាន​សម្រេច​ថា តើ​ត្រូវ​ចាត់​វិធាន​ការ​អ្វី​បន្ត​ទៀត​ទេ​នៅ​ថ្ងៃ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” សូមរង់​ចាំ​មើល​រហូត​ដល់​ព្រឹក​ថ្ងៃ​ស្អែក”។

មន្ត្រី​ទាំង​បួន​ត្រូវ​បានឃាត់​​ខ្លួន​ពេញ​មួយ​ថ្ងៃ​ចំពោះ​ការ​ដឹក​នាំ​ការ​តវ៉ា​នេះ​ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ។ ការ​ប៉ះទង្គិច​គ្នា​​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ នៅតាម​មហាវិថី​ព្រះនរោត្តម នៅ​ពេល​ដែល​សន្តិសុខ​ខណ្ឌ​ដូនពេញ​ចាប់​ផ្ដើម​វាយ​តប់​ជាមួយអ្នក​តវ៉ា​ ដែល​បាន​មក​ពី​គ្រប់​ទិស​ទី​ទៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ទីនោះ​ ដើម្បី​គាំទ្រ​ការ​តវ៉ា​របស់​លោក​ស្រី មូរ សុខហួរ ប្រឆាំង​នឹង​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​។

ក្នុង​រយៈពេល​ជាង​ប្រាំមួយ​ខែ​មក​នេះ លោកស្រី មូរ សុខហួរ បាន​ដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​ជាញឹក​ញាប់​ទៅ​កាន់ទីលាន​ប្រជា​ធិបតេយ្យ​ ដែល​ត្រូវ​បាន​បិទ​ដោយ​បន្លាលួស​​បន្ទាប់ពី​រដ្ឋាភិបាល​បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង និង​ការ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣ និង​ទី៤​ខែ​មករា។

ការ​ប៉ុន​ប៉ង​របស់​លោកស្រី​​ដើម្បី​ចូល​ទីលាន​ប្រជាធិបតេយ្យ​ ជា​រឿយៗ​ត្រូវ​បាន​​បញ្ចប់​ដោយ​ការ​បង្ហូរ​ឈាម ដោយ​សារ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​វាយ​អ្នក​គាំទ្រ​លោកស្រី និង​អ្នក​កាសែត​ដែល​មិន​ព្រម​ស្ដាប់​បញ្ជា​របស់​ពួកគេ​។

ដោយ​មាន​ស្ថានភាព​ប្រែ​ប្រួល​កាលពី​ម្សិលមិញ អ្នក​តវ៉ា​ដែល​ចូល​ចិត្ត​លោកស្រី មូរ សុខហួរ បាន​ពាក់​បូ​ពណ៌​ទឹក​ក្រូច និង​ពណ៌​លឿង​នៅ​លើ​អាវ​របស់​ពួកគេ​ និង​បាន​វាយ​តប​វិញ​ជា​លើក​ដំបូង​បន្ទាប់ពី​សន្តិសុខ​ខណ្ឌ​ទាំង​នោះ​ចូល​មក​វាយ​អ្នក​តវ៉ា​ដែល​មិនព្រម​ចាក​ចេញ​ពី​កន្លែង​នោះ​។

អ្នក​តវ៉ា​ដែល​ប្រើ​បង្គោល​ទង់​ជាតិ​ជ័រ និង​ដំបង​ឈើ​ជា​អាវុធ​នោះ បាន​បំបែក​សន្តិសុខ​ខណ្ឌ​ ដែល​សាហាវ​ទាំង​នោះ ហើយ​បាន​រុញ​​ឲ្យ​ពួកគេ​ជាច្រើន​នាក់​ដួល​មុន​ពេល​វាយ​ពួកគេ​យ៉ាង​ខ្លាំង។ សន្តិសុខ​មួយ​ចំនួន​បាន​រត់​គេច​ពី​ការ​វាយ​ដំ ប៉ុន្តែ​សន្តិសុខ​ជាច្រើន​នាក់​មិន​អាច​គេច​រួច​ទេ។

សន្តិសុខ​ម្នាក់​ដែល​មាន​ឈ្មោះថា ឆាយ ពិទូ​ ត្រូវ​បាន​វាយ​ស្ទើរ​សន្លប់​ ហើយ​ត្រូវ​បាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ជាមួយ​សន្តិសុខ​ផ្សេងទៀត​ បន្ទាប់មក​នគរ​បាល​​បាន​ឃាត់​ខ្លួន​លោកស្រី មូរ សុខហួរ លោក សុថាវរិន្ទ និង​លោក ភិរម្យ នៅ​ពេល​ដែល​ពួកគាត់​ប៉ុន​ប៉ង​ឡើង​ជិះ​រថយន្ត​ចេញ​ពី​ទីលាន​នេះ។

លោក ឃួង ស្រេង អភិបាល​រង​រាជ​ធានី​ភ្នំពេញ បាន​និយាយ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ភ្លាមៗ​ថា ” សន្តិសុខ​សាលា​រាជ​ធានី​​ចំនួន​៣៧​នាក់​បាន​រង​របួស​ ដែល​ក្នុង​នោះ​ប្រាំមួយ​នាក់​បាន​រង​របួស​ធ្ងន់ និង​ពីរ​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុងស្ថាន​ភាព​សង្គ្រោះ​បន្ទាន់​ ដោយសារ​រង​របួស​ធ្ងន់​។ នៅ​ពេល​ណា​​មាន​អំពើ​ហិង្សា​កើត​ឡើង​ ត្រូវតែចាប់ខ្លួនមេដឹកនាំ​បាតុកម្មភ្លាមៗ​មក​សាក​សួរ​ និង​​ស៊ើប​អង្កេត”។

នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​ លោកស្រី មូរ សុខហួរ លោក សុថាវរិន្ទ្រ និង​លោក ភិរម្យ ត្រូវ​បាន​នាំ​ទៅ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​នៅ​ក្នុង​ខណ្ឌ​សែន​សុខ។

លោក ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​ ដែល​ទទួល​បន្ទុក​លើ​ប្រតិបត្តិការ​បង្ក្រាប​អ្នក​តវ៉ា​បាន​និយាយ​ថា មេដឹកនាំ​គណបក្ស​​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​បី​នាក់​មិន​មែន​ជា​តំណាង​រាស្ត្រ​ទេ​។ លោក​បាន​​និយាយ​ថា ” មិន​មាន​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ទេ នគរ​បាល​គ្រាន់តែ​ចាប់​ខ្លួន​មនុស្ស​ភ្លីភ្លើ​បីនាក់​ប៉ុណ្ណោះ។ តំណាង​រាស្ត្រ​មិន​ធ្វើ​ឆ្កួតៗ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ​”។

យ៉ាង​ហោច​ណាស់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​រូប​ទៀត​ ដែល​ស្ថិត​នៅ​កន្លែង​តវ៉ា​នេះ​ គឺ​លោក ហូរ វ៉ាន់ លោក ឡុង រី លោក រៀល ខេមរិន្ទ្រ លោក ឡុង បូតា លោក នុត​ រំុដួល លោក ជាម ច័ន្ទនី និង​លោក សុខ អ៊ុំស៊ា មិន​ត្រូវ​បាន​នគរ​បាល​ចាប់​ខ្លួន​ទេ។ ទោះជា​យ៉ាង​ណា លោក ហូរ វ៉ាន់ ក្រោយ​មក​បាន​ដឹកនាំ​​ក្បួន​រថយន្ត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​ស្នង​ការដ្ឋាន​នេះ​ ហើយ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​តែ​ម្តង។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​លីកាដូ បាន​និយាយ​ថា ការ​តប​ត​ដោយ​ហិង្សា​ពីអ្នកតវ៉ា​ដែល​ប៉ុន​ប៉ង​ចូល​ទីលាន​ប្រជាធិបតេយ្យ​ គឺ​ជៀស​មិន​ផុត​ទេ​បន្ទាប់ពី​ពួក​គេ​ត្រូវ​បាន​សន្តិសុខ​វាយ​ដំ​ជាច្រើន​ខែ​មក​ហើយ​នោះ។

លោក អំ សំអាត បាន​និយាយ​ថា​ “ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នេះ​កើត​ឡើង​រវាង​​អ្នក​តវ៉ា​ និង​សន្តិសុខ​រាជ​ធានី​ ពីព្រោះ​សន្តិសុខ​បាន​ធ្វើ​ឲ្យ​គំនិត​ហិង្សា​នេះ​​ដិត​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​តវ៉ា។ អ្នក​តវ៉ា​បាន​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​របស់​សន្តិសុខ​ ហើយ​អំពើ​ហិង្សា​​ទាំង​នេះ​បាន​បង្ក​​ឲ្យ​មាន​​កំហឹង​ និង​ការ​សង​សឹក​ពី​អ្នក​តវ៉ា​”។CNRP-inside

នៅ​ឯ​ស្នង​ការដ្ឋាន​នគរ​បាលរាជធានី នគរ​បាល​បង្ក្រាប​បាតុកម្ម​ប្រហែល​១០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីនោះ ហើយ​យូរ​ៗ​ម្ដង​បាន​ព្យាយាម​ដេញ​អ្នក​កាសែត និង​បុគ្គលិក​សិទ្ធិ​មនុស្ស​ចេញ​ពី​កន្លែង​នោះ​រហូត​ដល់​ម៉ោង​៧​យប់​ទើប​ពួកគេ​បាន​ចាក​ចេញ​ដោយ​ខ្លួន​ឯង​។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​មាន​វត្ត​មាន​នៅ​​កន្លែង​តវ៉ា ប៉ុន្តែ​បាន​ទៅ​ជួប​សហការី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​របស់​លោក និង​ជួប​មន្ត្រី​នគរ​បាល​នៅ​ពេល​រសៀល​ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ចាប់​អារម្មណ៍​ថា នគរ​បាល​កំពុង​ស៊ើប​អង្កេត​អំពី​ការ​តវ៉ា​នៅ​ព្រឹក​ម្សិល​មិញ​នេះ​ ហើយ​នឹង​ចាប់​ខ្លួន​មនុស្ស​ផ្សេង​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​ជួប​ស្នង​ការ​នគរបាល​ ហើយ​បាន​សួរ​ពួកគេ​ថា ហេតុ​អ្វី​បាន​ជា​ពួកគេ​ចាប់​ខ្លួន​មនុស្ស​ទាំង​នេះ។ ស្នង​ការ​រូប​នេះ​និយាយ​ថា ពួកគេ​រៀបចំ​ធ្វើ​បាតុកម្ម​ ដែល​នាំ​ឲ្យ​មានអំពើ​ហិង្សា​។ ខ្ញុំ​បាន​សួរ​ថា តើ​លោក​នឹង​ចាប់​ខ្លួន​​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​? ហើយ​គាត់​បាន​និយាយ​ថា នឹង​ចាប់​ខ្លួន​ម្នាក់​ទៀត​ គឺ​លោក​ រៀល ខេមរិន្ទ្រ។ ខ្ញុំ​គិត​ថា តំណាង​រាស្ត្រ​ទាំង​អស់ដែលបាន​ចូលរួម​នឹង​ត្រូវ​ចាប់​ខ្លួន​”។

កាល​ពី​ល្ងាច​ម្សិលមិញ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន​​មួយ​ថ្កោល​​ទោស​លោកស្រី មូរ សុខហួរ ចំពោះ​ការ​ដឹកនាំ​អ្នក​តវ៉ា​អនាធិបតេយ្យ​៣០០​នាក់​ ប្រមូល​ផ្តុំ​គ្នា​ឥត​ច្បាប់ និង​បិទ​ផ្លូវ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​។

សេចក្ដី​ប្រកាស​ព័ត៌​មាននេះ​លើក​ឡើង​ថា “សាលា​រាជ​ធានី​ភ្នំពេញ​សូម​អំពាវ​នាវ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​ធ្វើការ​ស្រាវ​ជ្រាវ​ និង​កំណត់​មុខ​សញ្ញា​ស្វែង​រក​ជន​ដៃដល់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុការណ៍​ខាង​លើក​នេះ​ ដើម្បី​ផ្តន្ទាទោស​តាម​នីតិ​វិធី​ច្បាប់​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​បញ្ជាក​់​ថា សន្តិសុខ​មួយ​ចំនួន​ដែល​ត្រូវ​បាន​អ្នក​តវ៉ា​វាយ​ឲ្យ​រង​របួស​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ចំពោះ​ការ​ផ្ទុះ​អំពើ​​ហិង្សា​នៅ​កន្លែង​តវ៉ា​នេះ​។

ខណៈ​ដែល​តំណាង​រាស្ត្រ​ទាំង​បួន​នាក់​កំពុង​ត្រូវ​បាន​សាក​សួរ​នោះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា អ្នក​តវ៉ាដែល​បាន​វាយ​បក​ទៅ​លើ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​វិញ​ទាំង​នេះ​ គឺ​ជា​អ្នក​គាំទ្រ​ស្រប​ច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​​មែន​ជា​អ្នក​បន្លំ​ខ្លួន ឬ​អ្នកនាំរំជើបរំជួល។

លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ” មិនមានភាគី​ទី៣​ទេ ប៉ុន្តែ​សន្តិ​សុខ​ទាំង​នោះ​ទេ ដែលជា​អ្នក​ចាប់​ផ្ដើម​ប្រើ​អំពើ​ហិង្សា​វាយ​អ្នក​តវ៉ា​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ជាញឹក​ញាប់​កាលពី​មុនអ៊ីចឹង​។ យើង​មាន​ការ​សោក​ស្ដាយ​ណាស់​ចំពោះការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ថ្ងៃ​នេះ”៕គឹមហឿន​

(រាយការណ៍​បន្ថែម​ដោយ AlexWillemyns)​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស