កម្មកររោងចក្រកាត់ដេរអូសេអង់រាប់រយនាក់បានធ្វើការតវ៉ាដោយអង្គុយនៅលើផ្លូវមួយក្នុងចំណោមផ្លូវធំៗក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ តវា៉ចំពោះការដែលរោងចក្រមិនគោរពតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឲ្យបើកប្រាក់ខែដល់ពួកគេ។

ពេលកាន់មែកឈើនិងយកស្លាកសញ្ញាតវា៉ដើម្បីបាំងថ្ងៃ ក្រុមកម្មករបានអង្គុយបិទមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ នៅម៉ោងប្រហែល៨ព្រឹក ហើយមិនព្រមចាកចេញអស់រយៈពេលប្រាំបីម៉ោង។
កម្មការិនីឈ្មោះ កេន ចន្ថា អាយុ៤០ឆ្នាំ បាននិយាយថា ការបិទផ្លូវធំនៅជិតរោងចក្រកាត់ដេរអូសេអង់នេះគឺជាមធ្យោបាយតែមួយគត់ក្នុងការជំរុញឲ្យអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហារបស់ពួកគេ។ អ្នកស្រីបាននិយាយថា ” ខ្ញុំមិនមានប្រាក់បង់ថ្លៃឈ្នួលផ្ទះមួយខែមកហើយ ដូច្នេះខ្ញុំត្រូវតែធ្វើការតវ៉ា”។
កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសម្រេចថា រោងចក្រកាត់ដេរអូសេអង់ ដែលបានផ្អាកដំណើរការកាលពីថ្ងៃទី២៦ ខែឧសភា ដោយសារមិនមានការបញ្ជាទិញនោះ ត្រូវបើកប្រាក់ខែឲ្យកម្មករក្នុងម្នាក់ៗ១២០ដុល្លារសម្រាប់ពេលដែលគ្មានការងារធ្វើនេះ។
ទោះជាយ៉ាងណា រោងចក្រមិនអើពើនឹងសេចក្ដីសម្រេចនេះទេ ហើយបានលើកឡើងថា រោងចក្រនឹងបើកប្រាក់ឲ្យកម្មករដែលធ្វើការលើសពីមួយឆ្នាំចំនួន១០០ដុល្លារ និងកម្មករដែលធ្វើការក្រោមប្រាំមួយខែចំនួន៥០ដុល្លារ។
ដោយច្រានចោលសំណើរបស់រោងចក្រ កម្មករប្រហែល៦០០នាក់បានធ្វើការតវ៉ាកាលពីម្សិលមិញ ដោយធ្វើការបិទផ្លូវ បណ្ដាលឲ្យមានជម្លោះកើតឡើងរវាងអ្នកបើកយានយន្ត និងអ្នកតវ៉ា ហើយបន្ទាប់មក បានអនុញ្ញាតឲ្យរថយន្តមួយចំនួនបើកឆ្លងកាត់។
អ្នកបើកបររថយន្តឈ្មោះ ប៊ី ប៊ុនសក្តិ ដែលបានជាប់គាំងដោយសារការកកស្ទះចរាចរណ៍រយៈពេលជិតពីរម៉ោងបាននិយាយថា ” ខ្ញុំក៏ខឹងដែរ។ កម្មករមិនគួរធ្វើដូច្នេះទេ ពីព្រោះវាប៉ះពាល់ដល់ការងាររបស់ខ្ញុំ និងអ្នករកស៊ីមួយចំនួនទៀត”។ សហជីពដែលតំណាងឲ្យកម្មករបានច្រានចោលសំណើរបស់លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកម្សិលមិញ ក្នុងការឃ្លាំមើលការចរចា។។
លោក ឆេង ឆន អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្ពុជា បានមានប្រសាសន៍ថា ” ប្រសិនបើើយើងទៅចរចានៅសាលាខណ្ឌ យើងនឹងចាញ់ប្រៀបរោងចក្រ ពីព្រោះមន្ត្រីមូលដ្ឋានគាំទ្ររោងចក្រ”។
លោក ស៊ុនសូដា បានមានប្រសាសន៍ថា បើទោះណាជាសន្តិសុខខណ្ឌមិនបានប្រើកម្លាំងទៅលើអ្នកតវ៉ាកាលពីម្សិលមិញក៏ដោយ ក៏ពួកគេនឹងចាត់វិធានការប្រសិនបើមានបទបញ្ជា។ លោកបានមានប្រសាសន៍ថា ” យើងមិនបង្ក្រាបទេ ពីព្រោះយើងមានការអត់ឱន ប៉ុន្តែប្រសិនបើយើងទទួលបានបញ្ជាពីមន្ត្រីជាន់ខ្ពស់ យើងនឹងធ្វើ។ ពួកគេគ្មានសិទ្ធិស្របច្បាប់ក្នុងការបិទផ្លូវឡើយ ពីព្រោះវាជាផ្លូវឧស្សាហកម្ម”។
លោក ទិត្យ សុភ័ណ បុគ្គលិករដ្ឋបាលនៅរោងចក្រកាត់ដេរអូសេអង់ បានមានប្រសាសន៍ថា ថៅកែរោងចក្របច្ចុប្បន្នមិនអាចផ្តល់ប្រាក់បន្ថែមទៀតដល់កម្មករបានទេ។ លោកបានបន្ថែមថា នៅពេលវិវាទត្រូវបានដោះស្រាយរួច រោងចក្រនេះនឹងត្រូវប្រគល់ទៅឲ្យថៅកែថ្មី ដែលនឹងសម្រេចថា តើត្រូវបន្តកិច្ចសន្យាដល់កម្មករឬយ៉ាងណានោះ។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា សមាគមបានផ្តល់ជម្រើសដល់អ្នកគ្រប់គ្រងរោងចក្របន្ទាប់ពីមានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ លោកបានមានប្រសាសន៍ថា “បើទោះជារោងចក្រពាក់ព័ន្ធក៏ដោយ ក៏វាមិនមែនជាកាតព្វកិច្ចត្រូវតែគោរពដែរ”។ ការបិទផ្លូវបានបញ្ចប់នៅម៉ោង៤ល្ងាច នៅពេលដែលមន្ត្រីសហជីពបានប្រាប់កម្មករឲ្យសន្សំកម្លាំងរបស់ខ្លួនដើម្បីតវ៉ានៅថ្ងៃនេះទៀត៕ សារុន