28 C
Phnom Penh

ស្ត្រី​បម្រើ​ការ​ងារ​តាម​ផ្ទះ​អះអាង​ថា ទូត​នៅ​សិង្ហបុរី​មិនអើ​ពើ​នឹង​ការសុំ​ជំនួយ​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​បម្រើ​ការ​ងារ​តាម​ផ្ទះ​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ត្រូវ​បុរស​ចាស់​ជរា​ដែល​ខ្លួន​មើល​ថែ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​បៀតបៀន​​កេរ្តិ៍​ភេទ បាន​និយាយ​កាលពី​ម្សិលមិញ​ថា ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​សិង្ហបុរី​មិនអើ​ពើ​នឹង​ការ​សុំជំនួយ​របស់​គាត់​ទេ ហើយ​បាន​ណែនាំ​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​របស់​ជន​ល្មើស​វិញ​។​

អ្នកស្រី ឡុក សាមាន អាយុ​៣៣​ឆ្នាំ​ ដែល​បាន​វិល​​ត្រឡប់​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ច័ន្ទ​ក៏​បាន​និយាយ​ដែរ​ថា ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​របស់​សិង្ហបុរី​ឈ្មោះថា NationEmployment ដែល​បាន​បញ្ជូន​គាត់​ឲ្យ​ទៅធ្វើការ​នៅ​ផ្ទះ​របស់​បុរស​ចំណាស់​នេះ បាន​ព្យាយាម​បំបិទ​ការ​អះ​អាង​របស់​គាត់​។ គាត់​និយាយ​ទៀត​ថា ” [Nation] បាន​បង្ខំ​ឲ្យ​ខ្ញុំ​ផ្ដិត​មេដៃ​លើ​ឯកសារ​មួយ​ព្រម​ព្រៀង​មិន​ប្ដឹង​បុរស​ចំណាស់​នេះ”។

អ្នកស្រី ឡុក សាមាន បាន​ធ្វើ​ជា​អ្នក​មើល​ថែ​របស់​បុរស​វ័យ​៩២​ឆ្នាំរូប​នេះ​​រយៈពេល​ប្រហែល​៦​សប្ដាហ៍​ មុន​ពេល​ប្ដឹង​ទៅ​ទីភ្នាក់​ងារ​ជ្រើស​ពល​ករ​ NationEmployment ថា បុរស​នេះ​​តែង​តែ​​វារ​ឡើង​លើ​គ្រែ​របស់​គាត់ និង​ស្ទាប​អង្អែល​គាត់​។ គាត់​និយាយ​ថា ” ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​ឲ្យ​បុរស​នេះ​ ប៉ុន្តែ​គាត់​តែង​តែ​បំពាន​ខ្ញុំ​រាល់​យប់​ នៅ​ពេល​ខ្ញុំ​ដេក​ក្នុង​បន្ទប់​តែមួយ​”។

អ្នកស្រី​និយាយ​ទៀត​ថា អ្នកស្រី​បាន​ប្ដឹង​ទៅ​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ Nation Employment ហើយ​បាន​ស្នើ​សុំផ្ទេរ​ទៅ​ធ្វើការ​ឲ្យ​ថៅកែ​ថ្មី​ ប៉ុន្តែ​ទីភ្នាក់​ងារ​នេះ​បែរ​ជា​ទុក​គាត់​ឲ្យ​នៅ​ក្នុង​អគារ​របស់​ខ្លួន​ ហើយ​បង្ខំ​ឲ្យ​គាត់​ឲ្យ​ធ្វើការ​នៅ​ទីនោះ​ដោយគ្មាន​ប្រាក់​ខែ​ទៅវិញ។

អ្នកស្រី ឡុក សាមាន និយាយ​ទៀត​ថា ” ពេល​ខ្ញុំ​​ស្នាក់​នៅ​ទីភ្នាក់ងារ​នេះ​ ពួកគេ​ឲ្យ​ខ្ញុំ​ហូប​បាយ​​​ដូច​បាយ​ជ្រូក​អ៊ីចឹង​។ ខ្្ញុំបាន​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សិង្ហបុរី​ដើម្បី​ស្នើសុំ​ជំនួយ​ ប៉ុន្តែ​ស្ថានទូត​បាន​ស្នើ​ឲ្យ​ខ្ញុំ​ធ្វើការ​ឲ្យទីភ្នាក់​ងារ​នេះ​ប្រាំមួយ​ខែ​ទៀត​ ទើប​ខ្ញុំ​អាច​ត្រឡប់​មក​ស្រុក​វិញ​បាន​”។

នៅពេល​ទៅ​ដល់​ប្រទេស​សិង្ហបុរី​កាលពី​ខែ​កុម្ភៈ អ្នកស្រី ឡុក សាមាន បាន​ចុះ​កិច្ច​សន្យា​ជាមួយក្រុម​ហ៊ុន​ឲ្យ​ខ្ចីលុយ​មួយ​ ដោយ​ព្រមព្រៀង​ថា រយៈពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​កិច្ច​សន្យា​ការ​ងារ​រយៈពេល​ពីរ​ឆ្នាំ​ ប្រាក​់​ចំនួន​៣២​០​ដុល្លារ​ក្នុង​ចំណោម​ប្រាក់​ខែ​៣៨៥​ដុល្លារ​នឹង​​ត្រូវ​បញ្ជូន​មក​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ហ្វីលីម័រ​ ខេមបូឌា នៅ​ភ្នំពេញ​ ដែល​បាន​បញ្ជូន​គាត់​ឲ្យទៅ​ធ្វើ​ការ​នៅ​ប្រទេស​សិង្ហបុរី។

ពេល​ទាក់ទង​បាន​កាលពី​ម្សិលមិញ លោក ឡៅ លីហាក់ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ហ្វីលីម័រ ខេមបូឌា បានមាន​ប្រសាសន៍​ថា ស្ត្រី​បម្រើការ​ងារ​តាម​ផ្ទះ​ដែល​បញ្ជូន​ឲ្យទៅ​ធ្វើការ​ក្នុង​ប្រទេស​សិង្ហបុរី​ មាន​តែ​៥​ឬ៦ភាគរយ​ប៉ុណ្ណោះដែលជួប​បញ្ហា ហើយ​ថា រឿង​រ៉ាវ​របស់​អ្នកស្រី ឡុក សាមាន មិន​អាច​បញ្ជាក់​ថា ជាការ​ពិត​បាន​ទេ​។ លោក​បាន​លើ​ក​ឡើង​បន្ត​ទៀត​ថា ” យើង​មិន​អាច​ស្ដាប់​តែ​ម្ខាង​បាន​ទេ ហើយ​យើង​ក៏​មិន​អាច​ចោទ​ប្រកាន់ថៅកែ​រូប​នោះ​បាន​ដែរ ពីព្រោះ​ពល​ករ​ចំណាក​ស្រុក​របស់​យើង​គ្មានភ័ស្តុ​តាង​​បញ្ជាក់​ថា ថៅកែរូប​នោះ​មាន​ទោស​ដែរ​”។

លោក ជីវ ផល្លី អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និងការ​ពារ​អនីតិជន​នៅ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍ថា លោក​បាន​ជំរុញឲ្យ​អ្នកស្រី​ ឡុក សាមាន ដាក់​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈពេល​សាក​សួរ​គាត់​កាលពី​ថ្ងៃច័ន្ទ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ” ខ្ញុំ​បាន​ជំរុញ​ឲ្យ​គាត់​ដាក់​ពាក្យប្ដឹង​ថៅកែរូប​នោះ ដើម្បី​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពីបទ​បៀត​បៀន​ ប៉ុន្តែ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ខ្លាច​មិនហ៊ាន​ប្ដឹង​ទេ ពីព្រោះ​ទីភ្នាក់​ងារ​នោះ​បាន​គំរាម​គាត់​មិនឲ្យ​ប្ដឹង​”។ ទោះជា​យ៉ាង​ណា ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ិង្ហបុរី​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បានទេ​ពាក់​ព័ន្ធនឹង​រឿង​នេះ​៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស