35 C
Phnom Penh

រដ្ឋាភិបាល​នឹង​បិទ​សាលា​ដែល​ជាប់​ចោទ​ថា ធ្វើ​សញ្ចរកម្មសិស្សរបស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​សៀម​រាប​លើក​ឡើង​ថា ពួកគេ​នឹង​បិទ​សាលា​ភាសា​អង់គ្លេស​​គ្មាន​អាជ្ញាប័ណ្ណ​មួយ​ដែល​នាយក​សាលា​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​មុន​តាម​ការ​ចោទ​ប្រកាន់​ពីបទ​ធ្វើ​សញ្ចរកម្ម​សិស្ស​វ័យ​ជំទង់​របស់​ខ្លួន​ឲ្យរួម​ភេទ​ជាមួយ​គ្រូបង្រៀន​ស្ម័គ្រ​ចិត្ត។

លោក ឡុង វេហា អាយុ​៣២​ឆ្នាំ ត្រូវ​សាលា​ដំបូង​ខេត្ត​ចោទ​ប្រកាន់​មួយ​សប្ដាហ៍​មក​ហើយ​​ពីបទ​សង្ស័យ​ថា​បាន​នាំ​ក្មេង​ប្រុស​ពីរ​នាក់​អាយុ​១៧​ឆ្នាំ​ឲ្យ​រួម​ភេទ​ជា​មួយ​គ្រូ​។ សាលា​ឯកជន​របស់​គាត់​ស្ថិត​ក្នុង​ស្រុក​​សូទ្រនិគម ឈ្មោះ Underprivileged Children School នេះត្រូវ​បាន​រក​ឃើញ​ថា បើក​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

លោក អ៊ុក ស្រីប៊ី ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បានមាន​ប្រសាសន៍​ថា សាលា​នេះ​នឹង​ត្រូវ​បិទ​ឆាប់ៗ​នេះ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ពេល​ណានោះ​ទេ​។ លោក​កំពុង​រង់ចាំ​របាយការណ៍​ចុង​ក្រោយ​ពី​បុគ្គលិក​របស់​លោក ដែល​បាន​ព្យាយាម​ស្វែង​រក​បញ្ហា​ផ្សេង​ទៀត​ថា តើ​អាជ្ញាធរ​មូលដ្ឋាន​បាន​អនុញ្ញាត​ឲ្យ​សាលា​នេះ​បើក​តាំងពី​ឆ្នាំ​២០០៨​ និង​បន្ត​ដំណើរ​ការ​ដោយ​របៀប​ណា​។

លោក ស្រីប៊ី បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​សាលា​នេះ​បើក​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ទេ​”។ លោក​បាន​បន្ថែម​ថា ដោយ​​សាលា​នេះ​ស្ថិត​នៅ​ជនបទ​ វាធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ឃ្លាំមើល​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​បិទ​សាលា​នេះ​ ពីព្រោះ​វា​មិន​មែនជា​សាលា​រដ្ឋ​ទេ ហើយពិបាក​គ្រប់​គ្រង​ទៀត​ ពីព្រោះ​វា​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ ហើយ​ងាយ​ស្រួល​ដល់​ម្ចាស់​សាលា​ប្រព្រឹត្ត​រឿងមិន​ត្រឹម​ត្រូវ​”។

លោកស្រី ឆេង វណ្ណា អនុ​ប្រធាន​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​មាន​សិស្ស​៨៩​នាក់​បាន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​សាលា​នេះ​។ លោកស្រីបញ្ជាក់​ថា គ្រូបង្រៀន​នៅ​សាលានេះម្នាក់គឺ​ អ្នកស្រី ឡុង ឡី បងប្អូន​របស់​លោក ឡុង វេហា ​មិនមាន​ការ​បណ្តុះបណ្តាល​ផ្លូវការ​ក្នុងការ​​បង្រៀន​ភាសា​អង់គ្លេស​ឡើយ។ លោក​ស្រី​បាន​និយាយ​ថា ” គ្រូបង្រៀនរូបនេះ​មិន​មាន​ការ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​គ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន​ឡើយ ពីព្រោះគាត់​មិន​ទទួល​បាន​ការ​អប់រំ​គរុកោសល្យ​ទេ”។

អ្នកស្រី ណុប លាភ ដែល​កូន​ស្រី​របស់​គាត់​ធ្លាប​់​ចូលរៀន​នៅសាលា​របស់​លោក ឡុង វេហា បាននិយាយ​ថា ការ​បិទ​សាលា​រៀន​េនះ​គឺ​ជា​ការ​ខាត​បង់​សម្រាប់​អ្នក​ភូមិ​មូលដ្ឋាន ដែល​មិនអាច​បញ្ជូន​កូនៗ​របស់​ខ្លួន​ទៅ​រៀនភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​បាន​។ អ្នកស្រី​បាន​និយាយ​ថា ” ការ​បិទ​សាលា​នេះ​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​សិស្ស​នៅ​ទីនេះ ពីព្រោះ​ពួកគេ​មិន​អាច​រៀន​ភាសា​អង់គ្លេស​បានទៀត​ទេ​ ដោយ​សារ​ពួកគេ​ក្រីក្រ”។

កូនស្រី​របស់​អ្នកស្រី លាភ គឺ​ជា​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​ជំទង់​ប្រាំបួន​នាក់​ដែល​ស្នាក់​នៅ​ផ្ទះ​ជួល​របស់​លោក​ ឡុង វេហា ក្នុង​ក្រុង​សៀមរាប​នៅពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួននោះ​។ អ្នកស្រី​បាន​និយាយ​ថា​ កូន​ស្រី​របស់​អ្នកស្រី​ស្នាក់​នៅ​​ជាមួយ​លោក ឡុង វេហា ដូច្នេះ​នាង​អាច​ចូលរៀន​នៅ​ក្នុង​ក្រុង ហើយ​ថា អ្នកស្រី​មិន​ជឿ​ថា​ នាយក​សាលា​រូប​នេះ​មាន​កំហុសឡើយ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស