កាលពីម្សិលមិញ នគរបាលខេត្តកំពង់ចាមបានចាប់ខ្លួនអ្នកនេសាទបីនាក់ពីបទសម្លាប់លោក ចាន់ សុផល នាយប៉ុស្តិ៍ឃុំស្វាយពោធិ ដែលសាកសពរបស់លោកត្រូវបានអ្នកភូមិរកឃើញកាលពីថ្ងៃសុក្រ រយៈពេលមួយខែបន្ទាប់ពីលោកបានបាត់ខ្លួនពេលទៅតាមដានការនេសាទខុសច្បាប់។
លោក កេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរបានមានប្រសាសន៍ថា ជនសង្ស័យទាំងបីនាក់គឺឈ្មោះ សយ សឿន អាយុ៥០ឆ្នាំ ហ៊ុំ ហឿន អាយុ៤៣ឆ្នាំ និង ផូ ផុស អាយុ៤៤ឆ្នាំ មកពីឃុំតែមួយក្នុងស្រុកស្រីសន្ធរ ហើយជនរងគ្រោះបានទៅតាមដានជនទាំងនេះមុនពេលលោកបានបាត់ខ្លួន។
លោកបានមានប្រសាសន៍ថា “បន្ទាប់ពីស៊ើបអង្កេតរយៈពេលជាងបួនសប្តាហ៍ យើងបានចាប់ខ្លួនជនសង្ស័យបីនាក់ដែលបានជាប់ពាក់ព័ន្ធក្នុងការបាត់ខ្លួនលោក ចាន់ សុផល”។ លោកបានបន្ថែមថា នគរបាលកំពុងស្វែងរកជនសង្ស័យទី៤ម្នាក់ទៀតដែលលោកមិនបង្ហាញឈ្មោះ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ គេនឹងប្រាប់ជនសង្ស័យឲ្យដឹងជាមុន”។
លោក ស្រេង បានមានប្រសាសន៍ថា បួនថ្ងៃមុននាយប៉ុស្តិ៍រូបនេះបាត់ខ្លួនកាលពីថ្ងៃទី២១ខែមិថុនា លោកមានទំនាស់ពាក្យសម្តីគ្នាជាមួយជនសង្ស័យទាំងបួននាក់ បន្ទាប់ពីលោកបានទៅសាកសួរពួកគេអំពីការនេសាទខុសច្បាប់នៅក្នុងតំបន់នេះ។ លោកបានបន្ថែមថា “បរុសទាំងបួននាក់គឺជាមុខសញ្ញាចាស់ដែលនគរបាលបានស៊ើបអង្កេត ហើយបានរកឃើញឧបករណ៍នេសាទខុសច្បាប់នៅក្នុងផ្ទះរបស់ពួកគេ”។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា ទោះបីជាជនសង្ស័យបដិសេធថា មិនបានសម្លាប់លោក សុផល ក៏ដោយ ក៏មានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ពួកគេពីបទមនុស្សឃាតគិតទុកជាមុនដែរ។ លោកបានមានប្រសាសន៍ថា “មុនពេលជនសង្ស័យត្រូវបានចាប់ខ្លួន នគរបាលបានរកឃើញកាំបិតប៉័ងតោប្រឡាក់ឈាមនៅផ្ទះរបស់ឈ្មោះ សឿន ហើយបានរកឃើញសម្លៀកបំពាក់ប្រឡាក់ឈាមចំនួនពីររបស់ជនសង្ស័យផ្សេងទៀត”។
លោកបានមានប្រសាសន៍ថា លើសពីនេះទៀត នគរបាលដឹងថាឈ្មោះ សឿន បានទូរស័ព្ទទៅជនរងគ្រោះនៅថ្ងៃដែលលោកបានបាត់ខ្លួន ប៉ុន្តែនៅពេលនគរបាលសួរគាត់ គាត់បែរជាបដិសេធថា គាត់មិនបានទូរស័ព្ទទៅវិញ។
លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា តុលាការកំពុងសាកសួរជនសង្ស័យទាំងបីនាក់នេះ ហើយមិនទាន់ធ្វើការចោទប្រកាន់នៅឡើយទេ។ លោកបានមានប្រសាសន៍ថា “យើងនឹងបន្តសាកសួរជនសង្ស័យទាំងនេះម្តងម្នាក់ៗនៅល្ងាចនេះ ហើយយើងនឹងបន្តសាកសួរពួកគេនៅថ្ងៃស្អែកទៀតមុនពេលបញ្ជូនពួកគេទៅឲ្យចៅក្រមធ្វើការចោទប្រកាន់”៕សារុន