អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីឯករាជភាពចៅក្រម និងមេធាវី កាលពីម្សិលមិញបានចូលរួមជាមួយតំណាងអង្គការសង្គមស៊ីវិលអំពាវដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី កុំឲ្យឡាយព្រះហស្តលេខាលើច្បាប់ចំនួនបីស្ដីពីប្រព័ន្ធតុលាការ ដែលពួកគេគិតថា នឹងធ្វើឲ្យមានការត្រួតត្រាកាន់តែខ្លាំងរបស់ស្ថាប័ននីតិប្រតិបត្តិទៅលើប្រព័ន្ធតុលាការ។
លោកស្រី Gabriela Knaul បានថ្លែងសុន្ទរកថានៅក្នុងទីក្រុងភ្នំពេញលើកឡើងអំពីការបារម្ភជុំវិញច្បាប់ទាំងនេះ ខណៈដែលតំណាងអង្គការសង្គមស៊ីវិលម្នាក់បានដាក់ញត្តិនៅព្រះបរមរាជវាំងអំពាវនាវឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ជំរុញឲ្យមានការកែប្រែច្បាប់ទាំងនេះ ដែលសំដៅបង្កើតប្រព័ន្ធតុលាការឯករាជ្យ។
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានប្រគល់ញត្តិដែលចុះហត្ថលេខាដោយអង្គការមិនមែនរដ្ឋាភិបាលចំនួនប្រាំមួយទៅតំណាងខុទ្ទកាល័យព្រះបរមរាជវំាងនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក មុនពេលជិះរ៉ឺម៉កម៉ូតូកង់បីនៅក្នុងទីក្រុង យកញត្តិដូចគ្នានេះទៅដាក់នៅស្ថានទូតចំនួន១០ រួមទាំង ស្ថានទូតអាមេរិក និងសហភាពអឺរ៉ុបផងដែរ។
ដោយសំដៅដល់ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នតុលាការ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា លោក សៀ ភារម្យ បានមានប្រសាសន៍ថា ” ព្រះមហាក្សត្រគួរមានព្រះរាជតម្រិះឲ្យបានល្អិតល្អន់អំពីច្បាប់ទាំងបីនេះ ពីព្រោះវានឹងមានផលប៉ះពាល់អវិជ្ជមានទៅលើប្រព័ន្ធតុលាការប្រសិនបើច្បាប់ទាំងនេះចូលជាធរមាននោះ”។
បើទោះជាមានការជំទាស់ជាច្រើនក៏ដោយ ក៏រដ្ឋសភាឯកបក្ស និងព្រឹទ្ធសភា បានអនុម័តច្បាប់ទាំងបីនេះដោយគ្មានការកែប្រែដែរក្នុងរយៈពេលពីរខែមកនេះ។ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តយល់ព្រមលើច្បាប់ទាំងនេះកាលពីដើមខែនេះ គឺត្រូវការតែព្រះហស្តលេខារបស់ព្រះមហាក្សត្រមួយទៀតប៉ុណ្ណោះសម្រាប់ការអនុម័តច្បាប់ទាំងនេះ។
លោកស្រី Gabriela Knaul ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្រៅផ្លូវការបានវិភាគអំពីច្បាប់ទាំងនេះនៅសន្និសីទមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានសិទ្ធិមនុស្សរបស់គណៈមេធាវីអន្តរជាតិ។
លោកស្រីបានមានប្រសាសន៍ថា មាត្រាមួយចំនួននៅក្នុងច្បាប់ទាំងនេះបង្ហាញពីបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងការធានាឲ្យមានឯករាជភាពប្រព័ន្ធតុលាការ ពីព្រោះច្បាប់ទាំងនេះផ្ដល់អំណាចលើសលប់ដល់ស្ថាប័ននីតិប្រតិបត្តិទៅលើស្ថាប័នតុលាការ”។
លោកស្រី Gabriela Knaul បានមានប្រសាសន៍ថា វាក៏ “សំខាន់ផងដែរចំពោះការធានាថា ការផ្ដល់មូលនិធិសម្រាប់ប្រព័ន្ធតុលាការមិនត្រូវមានការជ្រៀតជ្រែកពីប្រព័ន្ធតុលាការឡើយ”។ ឯករាជភាពនៃប្រព័ន្ធតុលាការអាចត្រូវបានប៉ះពាល់ប្រសិនបើប្រព័ន្ធតុលាការត្រូវបានផ្ដល់ហិរញ្ញវត្ថុដោយស្ថាប័ននីតិប្រតិបត្តិ ដូចដែលមានចែងនៅក្នុងច្បាប់ស្ដីពីការរៀបចំប្រព័ន្ធតុលាការ។
លោកស្រីបានមានប្រសាសន៍ថា ” នៅដំណាក់កាលបច្ចុប្បន្ននៃច្បាប់ទាំងបីស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ ខ្ញុំសូមអំពាវនាវដល់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងក្នុងនាមជាអ្នកធានាដល់ឯករាជភាពប្រព័ន្ធតុលាការ និងធានាដល់សុខុមាលភាពសង្គមខ្មែរ កុំឲ្យអនុម័តសេចក្ដីព្រាងច្បាប់ទាំងនេះក្នុងអត្ថន័យដូចសព្វថ្ងៃនេះឡើយ”៕ សារុន