ក្រុមហ៊ុនចិន ដែលផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រកបដោយមហិច្ឆតាមួយដើម្បីអភិវឌ្ឍតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ បានដកខ្លួនចេញហើយ នេះបើយោងតាមការបញ្ជាក់ពីស្ថានទូតចិន និងគណៈគ្រប់គ្រងក្រុមហ៊ុន ហើយទំនងជាគ្មានវិនិយោគិនណាផ្សេងទៀតចូលជំនួសតំណែងទេ។

ប្រសិនបើបែបនេះមែន វាធ្វើឲ្យក្រុមហ៊ុន Erdos Hongjun Investment Corporation ក្លាយជាក្រុមហ៊ុនចិន យ៉ាងហោចណាស់ទី២ ដែលបានដកខ្លួនចេញពីគម្រោងដ៏ចម្រូងចម្រាស ដែលបានបណ្តេញប្រជាពលរដ្ឋប្រមាណ៣.០០០ គ្រួសារ ចេញដោយបង្ខិតបង្ខំនេះ និងដែលធ្វើឲ្យបឹងធ្លាប់តែជាកន្លែងដោះទឹកដ៏សំខាន់សម្រាប់រាជធានីមួយនេះក្លាយជាវាលខ្សាច់ធំល្វឹងល្វើយ។
ការដកខ្លួនចេញនេះក៏ធ្វើឲ្យក្រុមហ៊ុនស៊ូកាគូ អីុន របស់លោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលជាអតីតដៃគូភាគហ៊ុនធំរបស់ខ្លួន ស្ទើរតែគ្មានសល់ដើមទុនដើម្បីបន្តគម្រោងដើមក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនេះ។
ក្រុមហ៊ុន Erdos និងក្រុមហ៊ុន ស៊ូកាគូ អីុន បានរួមកម្លាំងគ្នាកាលពីឆ្នាំ២០១០ ដើម្បីបង្កើតក្រុមហ៊ុនមួយឡើងឈ្មោះថា Shukaku Erdos Hongjun Property Developmentដោយក្រុមហ៊ុន Erdos គ្រប់គ្រងភាគហ៊ុន៤៩ភាគរយ។ ក្នុងខែមេសានៅឆ្នាំបន្ទាប់ ក្រុមប្រឹក្សាវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) របស់រដ្ឋាភិបាល បានអនុម័តគម្រោងសាងសង់វីឡាប្រណីត ខុនដូ អគារការិយាល័យ និងសណ្ឋាគារផ្កាយប្រាំរបស់ក្រុមហ៊ុននៅលើទីតាំងបឹងនេះ។ បញ្ជីគម្រោងដែលទទួលបានការអនុម័តសម្រាប់ខែនោះ បានចុះបញ្ជីទ្រព្យសម្បត្តិក្រុមហ៊ុននេះថាមានចំនួន២,១៧ពាន់លានដុល្លារ។
ប៉ុន្តែ ដោយសារតែគេមើលឃើញថា គ្មានការខំប្រឹងប្រែង ដើម្បីអភិវឌ្ឍតំបន់នេះ ការប៉ាន់ស្មានអំពីការដកខ្លួនរបស់ក្រុមហ៊ុន Erdos ចេញពីក្រុមហ៊ុនស៊ូកាគូ អីុន បានសុសសាយចាប់តាំងពីឆ្នាំ២០១២មក នៅពេលក្រុមហ៊ុនចិន មួយនេះបិទការិយាល័យផ្នែកលក់របស់ខ្លួននៅក្នុងរាជធានីភ្នំពេញសម្រាប់គម្រោងនេះ និងនាយកគ្រប់គ្រងជនជាតិចិន បានចាកចេញពីប្រទេសកម្ពុជា ដោយគ្មានដំណឹងអំពីគម្រោងវិលត្រឡប់មកវិញ។ ក្រុមហ៊ុន និងមន្ត្រីសាលារាជធានីបានបដិសេធម្តងហើយម្តងទៀតមិនធ្វើអត្ថាធិប្បាយបញ្ហានេះទេ។
ទោះជាយ៉ាងណា នៅសប្តាហ៍នេះ មន្ត្រីស្ថានទូតចិនមួយរូបបានបញ្ជាក់ថា ក្រុមហ៊ុន Erdos បានដកចេញពីគម្រោងនេះហើយ ហើយមានប្រសាសន៍ថា លោកស្រីជឿថា គ្មានក្រុមហ៊ុនណាផ្សេងទៀតមកពីប្រទេសចិន ឬកន្លែងផ្សេងចូលជំនួសក្រុមហ៊ុននេះឡើយ។
លោកស្រី ឈឹង លឹ (ChengLe) ប្រធានការិយាល័យកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំនៅស្ថានទូតចិន បានមានប្រសាសន៍ថា “ក្រុមហ៊ុនដែលវិនិយោគលើគម្រោងនេះបានវិលត្រឡប់ទៅប្រទេសចិនវិញហើយ។ បច្ចុប្បន្នខ្ញុំគិតថា គ្មានក្រុមហ៊ុនណាផ្សេងទៀតវិនិយោគលើគម្រោងនេះទេ”។ លោកស្រីបានបន្តថា លោកស្រីមិនដឹងពីមូលហេតុ ឬពីពេលវេលាជាក់លាក់នៃការដកខ្លួនចេញនេះទេ។
លោកស្រី ម៉ាកហ្គី ចាង (Maggie Zhang) ជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន CIIDG ErdosHongjun Electric Power ដែលគាត់ហៅថា “ក្រុមហ៊ុនរួម” ជាមួយក្រុមហ៊ុន Erdos Hongjun Investment ក៏បានអះអាងដែរថា ក្រុមហ៊ុនចិនមួយនេះបានដកខ្លួនចេញពីក្រុមហ៊ុនស៊ូកាគូ អីុន ហើយ។លោកស្រីបានលើកឡើងថា “ត្រឹមត្រូវហើយ ប៉ុន្តែ ចំពោះហេតុផលដែលពួកគេឈប់វិនិយោគ ខ្ញុំមិនដឹងទេ”។
លោកស្រីបានបដិសេធមិនផ្តល់ព័ត៌មានសម្រាប់ទំនាក់ទំនងទៅថ្នាក់លើណាម្នាក់របស់គាត់ដែលអាចមានព័ត៌មានលម្អិតអំពីការដកខ្លួនចេញនេះឡើយ។លោកស្រីនិយាយថា “ក្រុមហ៊ុនរបស់ខ្ញុំ ពួកគេមិនចង់និយាយពីវាទេ។វាជាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន”។
លោកស្រីក៏មិនដឹងថា មានក្រុមហ៊ុនណាផ្សេងទៀតចូលជំនួសក្រុមហ៊ុន Erdos ក្នុងនាមជាអ្នកផ្តល់ហិរញ្ញវត្ថុសម្រាប់គម្រោងបឹងកក់នេះដែរ។
នៅឯការិយាល័យនៅបឹងកក់របស់ក្រុមហ៊ុនស៊ូកាគូ អីុន កាលពីចុងខែមុន លោក ជែសុន ស៊ា (Jason Xie) បានប្រាប់អ្នកយកព័ត៌មានថា លោកបានលាឈប់ពីមុខតំណែងនាយកគម្រោងកាលពីជាងមួយឆ្នាំមុន។ ប៉ុន្តែ លោកមិនបាននិយាយពីមូលហេតុ ឬថា តើលោកត្រូវគេចូលជំនួសតំណែង ឬយ៉ាងណាទេ។ ហើយលោកក៏សុំមិននិយាយពីប្រវត្តិរបស់ក្រុមហ៊ុនស៊ូកាគូ អីុន ជាមួយក្រុមហ៊ុន Erdos Hongjun Investment ដែរ។ អីុម៉េលទៅកាន់ក្រុមហ៊ុននេះដើម្បីសុំការឆ្លើយបំភ្លឺ គ្មានអ្នកឆ្លើយតបទេ។

មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអនុម័តគម្រោងនេះកាលពីឆ្នាំ២០១១បានលើកឡើងកាលពីម្សិលមិញថា ពួកគេមិនដឹងអំពីការវិវឌ្ឍរបស់គម្រោងនេះទេ។ នៅ ឯសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរងរាជធានីបានមានប្រសាសន៍ថា វាមិនមែនជាកិច្ចការរបស់សាលារាជធានី ដែលត្រូវដឹងថា ក្រុមហ៊ុនស៊ូកាគូ អីុន យកដីនេះធ្វើអ្វីនោះទេ។ លោកបានមានប្រសាសន៍ទៀតថា ” ខ្ញុំមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុនបានទេ ពីព្រោះអាជ្ញាធររាជធានីភ្នំពេញមិនមែនជាម្ចាស់ក្រុមហ៊ុនទេ”។
សាលារាជធានីបានជួលទីតាំងគម្រោងទំហំ១៣៣ហិកតានេះទៅឲ្យក្រុមហ៊ុន ស៊ូកាគូ អីុន កាលពីឆ្នាំ២០០៧សម្រាប់រយៈពេល៩៩ឆ្នាំ។ ដោយមានជំនួយរបស់សាលារាជធានី ក្រុមហ៊ុនរបស់លោក ឡាវ ម៉េងឃិន បានបន្តបង្ខំប្រជាជនប្រហែល៣.០០០គ្រួសារឲ្យចេញពីផ្ទះសំបែងរបស់ពួកគេ ខណៈដែលក្រុមហ៊ុននេះបូមខ្សាច់ចាក់បំពេញបឹង ដែលជាការបណ្តេញចេញទាំងបង្ខំដ៏ធំបំផុតនៅប្រទេសកម្ពុជាចាប់តាំងពីសម័យរបបខ្មែរក្រហមមក។
ការបណ្តេញចេញនេះបានធ្វើឲ្យរដ្ឋាភិបាលរងការស្តីបន្ទោសជាខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិ និងធ្វើឲ្យធនាគារពិភពលោកផ្អាកផ្តល់កម្ចីថ្មីណាមួយដល់ប្រទេសនេះកាលពីឆ្នាំ២០១១។
ដោយមិនរួញរា និងដោយមានប្រភពហិរញ្ញវត្ថុដ៏ច្រើនរបស់ក្រុមហ៊ុន Erdos ក្រុមហ៊ុន ស៊ូកាគូ អីុន បានបើកការដ្ឋាននៅបឹងកក់កាលពីខែកក្កដាឆ្នាំនោះ។ ប៉ុន្តែ ម៉ាស៊ីនខួងដីដែលបាននាំមកក្នុងឱកាសនោះ លែងឃើញទៅវិញក្នុងពេលតែប៉ុន្មានសប្តាហ៍ ហើយតាំងពីពេលនោះមក ទីតាំងនោះសឹងតែគ្មានគេប៉ះពាល់ ក្លាយទៅជាវាលស្មៅ ដែលតាមការសន្យាថា ទីតាំងនោះនឹងត្រូវប្រែក្លាយជាកន្លែងដើរកម្សាន្ត និងអគារកញ្ចក់ដ៏ល្អស្អាត។
យ៉ាងនេះក្តី សញ្ញានៃការអភិវឌ្ឍបានមកដល់កាលពីខែមុន ពេលដែលក្រុមហ៊ុន HLH Group បានប្រកាសនៅលើផ្សារហ៊ុនសិង្ហបុរីថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗរបស់ខ្លួនបានត្រៀមទិញដីទំហំ១,៣៥ហិកតានៅបឹងកក់ពីក្រុមហ៊ុន ស៊ូកាគូ អីុន ក្នុងតម្លៃជិត១៤,៩លានដុល្លារដើម្បីអភិវឌ្ឍន៍ផ្ទាល់ខ្លួន។
ទើបតែជាងមួយឆ្នាំមុន ក្រុមហ៊ុនស៊ូកាគូ អីុន ត្រូវបានគេណែនាំថា ខ្លួនមិនអាចលក់ដី នេះបានឡើយទោះបីក្នុងករណីណាក៏ដោយ។
កាលពីខែមីនា ឆ្នាំ២០១៣ ក្រុមហ៊ុនអចលនទ្រព្យ CBRE បានវិភាគប្លង់មេពីរសម្រាប់ទីតាំងគម្រោងស្នើឡើងដោយក្រុមហ៊ុនរចនាប្លង់អន្តរជាតិ Logonand Ong & Ong។ ប្លង់មេទាំងពីរស្របនឹងទស្សនវិស័យរបស់ក្រុមហ៊ុន ស៊ូកាគូ អីុន នៅពេលមានការអភិវឌ្ឍតំបន់នោះយ៉ាងប្រុងប្រយ័ត្នតាមដំណាក់កាល ដោយមានអគារលំនៅដ្ឋានថ្លៃៗ ប្លុកអគារការិយាល័យ និងសណ្ឋាគារផ្កាយប្រាំផង។
ក្នុងរបាយការណ៍របស់ខ្លួន ដែលស្នើឡើងដោយក្រុមហ៊ុន ស៊ូកាគូ អីុន ក្រុមហ៊ុន CBRE ក៏បានផ្តល់យោបល់ដល់ក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភារូបនេះឲ្យលក់ផ្នែកខ្លះនៃទីតាំងនេះជាជម្រើសចុងក្រោយប៉ុណ្ណោះ។
របាយការណ៍នោះបានឲ្យដឹងថា “ជាមួយនឹងកាលៈទេសៈជំុវិញការអភិវឌ្ឍនេះ និងដើម្បីប្រើប្រាស់ដីនេះឲ្យមានប្រយោជន៍បំផុត ដំបូងគួរតែអភិវឌ្ឍសិន ហើយបន្ទាប់មក បើចាំបាច់ លក់ដីនោះជាក្រោយ”។
មិនថាការអភិវឌ្ឍអ្វីមុននោះទេ វានឹងធ្វើឲ្យមានការចងចាំអំពីទីតាំងនេះ ហើយការអភិវឌ្ឍបែបនេះត្រូវធ្វើឲ្យមានគុណភាពខ្ពស់។ យកល្អបំផុតត្រូវគ្រប់គ្រងការអភិវឌ្ឍនេះទាំងមូល ហើយរចនាប្លង់ និងអភិវឌ្ឍជាផ្ទះសំបែងនៅនឹងកន្លែង ជាជាងការលក់ដីទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លក់រាយ”។
លោក អីុ សារុំ នាយកប្រតិបត្តិសមាគមធាងត្នោត ជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកិច្ចការអភិវឌ្ឍក្រុង បាននិយាយថា ការលក់ដីនេះបានធ្វើឲ្យការសង្ស័យមានយូរមកហើយរឹតតែច្បាស់ថា ក្រុមហ៊ុន ស៊ូកាគូ អីុន ពិតជាមិនចង់អភិវឌ្ឍតំបន់នេះដោយខ្លួនឯងឡើយ។
លោកបាននិយាយថា ” ពួកគេបានបណ្តេញប្រជាជន និងបានរំលោភយកដីរបស់អ្នកទាំងនោះ។ ពួកគេបាននិយាយថា ទុកវាសម្រាប់ការអភិវឌ្ឍជាសាធារណៈ។ តាមពិតវាគ្រាន់តែជាការរកស៊ីដីប៉ុណ្ណោះ។ ច្បាស់ណាស់ថា វាជាការរកស៊ីដី”។
លោក សារុំ បារម្ភថា ការលក់ដីម្តងមួយចំណែកៗ ដូចដែលក្រុមហ៊ុន ស៊ូកាគូ អីុន កំពុងព្យាយាមធ្វើនោះ វានឹងនាំឲ្យមានការអភិវឌ្ឍកាន់តែមិនរៀបរយដូចដែលរាជធានីភ្នំពេញជួបប្រទះស្រាប់។ លោកបាននិយាយទៀតថា “ច្បាស់ណាស់វាមិនមែនជាការអភិវឌ្ឍល្អទេ ពីព្រោះនឹងមានវិនិយោគិនជាច្រើនក្នុងតំបន់នោះ។ ខ្ញុំមើលឃើញបញ្ហាច្រើននៅពេលអនាគត”៕សុខុម និង មានិត