កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួនប្រាំពីររូប និងសកម្មជនគណបក្សមួយរូបពីបទដឹកនាំចលនាកុបកម្ម និងពីបទញុះញង់ឲ្យមានការតវ៉ា ដែលបានក្លាយជាហិង្សាកាលពីថ្ងៃអង្គារ ហើយបានបញ្ជូនតែប្រាំមួយនាក់ប៉ុណ្ណោះទៅឃុំខ្លួននៅពន្ធនាគារព្រៃស។
មេធាវីការពារ លោកស្រី ម៉េង សុភារី បានមានប្រសាសន៍ថា ក្រុមនេះត្រូវបានចោទប្រកាន់ពីបទដឹកនាំចលនាកុបកម្មតាមមាត្រា៤៥៩នៃក្រមព្រហ្មទណ្ឌ ព្រមទាំងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋតាមមាត្រា៤៩៥។
ប្រសិនបើរកឃើញពិរុទ្ធភាពដូចការចោទប្រកាន់ទាំងអស់នេះមែន មន្ត្រីបក្សប្រឆាំងដែលមានសញ្ជាតិអាមេរិក បារាំង អូស្រាលី និងនូវែលសេឡង់ នេះអាចមានទោសជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
លោក សំ សុគង់ ជាមេធាវីការពារម្នាក់ទៀតបានមានប្រសាសន៍ថា ចៅក្រមស៊ើបសួរ លោក កែវ មុនី មិនទាន់បានដោះលែងមនុស្សទាំងប្រាំមួយនាក់នេះឲ្យនៅក្រៅឃុំទេ រួមទាំង លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិផងដែរ។
លោក សុគង់ បានមានប្រសាសន៍តាមទូរស័ព្ទបន្ទាប់ពីស្ថិតនៅតុលាការពេញមួយថ្ងៃថា ” ចៅក្រមសម្រេចឃុំខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិប្រាំមួយនាក់ជាបណ្ដោះអាសន្នសិន។ នៅក្នុងសំណុំឯកសារតុលាការ មន្ត្រីគណបក្សសង្គ្រោះជាតិប្រាំបីរូបត្រូវបានចោទប្រកាន់ រួមជាមួយអ្នកសមគំនិតជាច្រើននាក់ទៀតដែលមិនមានការបញ្ចេញឈ្មោះ”។
លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីបានបដិសេធមិនឲ្យគេសម្ភាស រីឯលោកចៅក្រម មុនី មិនអាចទាក់ទងបាន។
លោកស្រី មូរ សុខហួរ រួមជាមួយនឹងតំណាងរាស្ត្រគណបក្សប្រឆាំងផ្សេងទៀត គឺលោក ម៉ែន សុថាវរិន្ទ្រ និងលោក កែវ ភិរម្យ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១០ព្រឹកថ្ងៃអង្គារ បន្ទាប់ពីការតវ៉ា ដែលពួកគាត់បានដឹកនាំធ្វើនៅតាមមហាវិថីព្រះនរោត្តម ដើម្បីទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ ដែលមានការការពារតឹងរ៉ឹងឡើងវិញនោះ បានក្លាយជាហិង្សា។
ក្រុមអ្នកតវ៉ាដែលពាក់បូពណ៌ទឹកក្រូច និងពណ៌លឿង បានចាប់ផ្ដើមវាយបកយ៉ាងខ្លាំងទៅលើសន្តិសុខខណ្ឌដូនពេញ ដែលជារឿយៗបានវាយដំបាតុករឲ្យបែកឈាមក្នុងរយៈពេលប្រាំមួយខែមកនេះ នៅពេលពួកគេអនុវត្តបម្រាមរបស់រដ្ឋាភិបាលមិនឲ្យមានការជួបជុំគ្នាជាសាធារណៈ។
ពេលបំបែកក្រុមសន្តិសុខឃោរឃៅដែលនៅពេលនេះបានរត់គេចទៅគ្រប់ច្រកល្ហកនោះ ក្រុមអ្នកតវ៉ាបានបង្ហាញការអត់ឱនតិចតួច ដោយប្រើបង្គោលទង់ជាតិជ័រ និងដំបងឈើវាយសន្តិសុខទាំងនោះ។ យ៉ាងហោចណាស់សន្តិសុខពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។
លោកស្រី មូរ សុខហួរ លោក សុថាវរិន្ទ្រ និងលោក ភិរម្យ ត្រូវបានចាប់ខ្លួននៅពេលដែលពួកគាត់ប៉ុនប៉ងចាកចេញពីកន្លែងកើតហេតុជាមួយតំណាងរាស្ត្រជាប់ឆ្នោតម្នាក់ទៀតនៅកន្លែងកើតហេតុនោះ គឺលោក ហូរ វ៉ាន់ ដែលត្រូវបានចាប់ខ្លួនក្រោយមកនៅពេលលោកទៅជួបមន្ត្រីទាំងបីនៅស្នងការដ្ឋាននគរបាលរាជធានី។
មន្ត្រីទាំងប្រាំនាក់ត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលនេះមួយយប់។ លោក រៀល ខេមរិន្ទ ជាតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិម្នាក់ទៀត ដែលមានវត្តមាននៅកន្លែងតវ៉ាត្រូវបានចាប់ខ្លួននៅម៉ោង២រំលងអធ្រាត្រយប់ម្សិលមិញ នៅពេលកំពុងជិះរថយន្តទៅខេត្តបាត់ដំបង។
លោក អឿ ណារិទ្ធ ជាសកម្មជនគណបក្សដែលធ្វើការឲ្យលោកស្រី មូរ សុខហួរ ត្រូវបានទាញចេញពីរថយន្តកាលពីព្រឹកម្សិលមិញនៅខណ្ឌចំការមន និងត្រូវបានចាប់ខ្លួននៅពេលដែលអ្នកគាំទ្រគណបក្សប្រឆាំងបានជួបជុំគ្នានៅជិតសាលាដំបូងរាជធានីភ្នំពេញ អំឡុងពេលសាកសួរ។
លោកមេធាវី សុគង់ បានបញ្ជាក់ប្រាប់ថា តំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំងមួយរូបទៀតដែលត្រូវបានចោទប្រកាន់ដែរនោះ គឺលោក ឡុង រី ដែលជាប្រធានផ្នែកសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ និងលោក នុត រំដួល។ តំណាងរាស្ត្រជាប់ឆ្នោតទាំងពីរមានវត្តមាននៅកន្លែងតវ៉ា ប៉ុន្តែមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។
យ៉ាងហោចណាស់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិបីនាក់ទៀត គឺលោក ជាម ច័ន្ទនី លោក សុខ អ៊ុំស៊ា និងលោក ឡុង បូតា ក៏មានវត្តមាននៅកន្លែងតវ៉ាកាលពីថ្ងៃអង្គារដែរ ប៉ុន្តែមិនមានឈ្មោះនៅក្នុងឯកសារតុលាការទេ។ ពួកគាត់ទាំងបីនាក់ស្ថិតនៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅក្នុងខណ្ឌមានជ័យ កាលពីព្រឹកម្សិលមិញ។
លោក នុត រំដួល ដែលបានលាលែងពីសមាជិកព្រឹទ្ធសភាបន្ទាប់ពីលោកបានជាប់ឆ្នោតជាតំណាងរាស្ត្រនៅមណ្ឌលកំពង់ស្ពឺ នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំមុន បានមានប្រសាសន៍ថា ទាំងលោក និងលោក ឡុង រី មិនបានគេចវេះពីការចាប់ខ្លួនទេ។
លោក រំដួល បានមានប្រសាសន៍ថា ” មិនមានហេតុផលសម្រាប់ខ្ញុំ និង ឡុង រី រត់ឬគេចខ្លួនទេ ពីព្រោះយើងមិនបានធ្វើអ្វីខុសឡើយ។ ការចោទប្រកាន់មកលើពួកយើងមិនពិតទាល់តែសោះ”។
លោក រំដួល បានបន្ថែមថា លោកបានឃើញអ្នកបន្លំខ្លួនជាភាគីទី៣ចូលទៅកន្លែងតវ៉ាកាលពីថ្ងៃអង្គារ ហើយបានចាប់ផ្ដើមវាយសន្តិសុខខណ្ឌដូនពេញ បន្ទាប់ពីសន្តិសុខបានចាប់ផ្ដើមបង្ក្រាបការតវ៉ានោះដូចធម្មតា ហើយបានបង្កឲ្យមានកំហឹងដែលធ្វើឲ្យអ្នកតវ៉ាផ្សេងទៀតបានចូលរួមវាយ។
មានប្រសាសន៍ពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីត្រូវបានចោទប្រកាន់ លោកស្រី មូរ សុខហួរ បានច្រានចោលការលើកឡើងដែលថា ការវាយតប់គ្នាដោយហិង្សារវាងអ្នកគាំទ្រលោកស្រី និងសន្តិសុខគឺជាចលនាកុបកម្ម។
លោកស្រីបានមានប្រសាសន៍តាមទូរស័ព្ទថា ” យើងគ្មានកំហុស១០០ភាគរយ។ អ្វីដែលយើងបានធ្វើគឺទាមទារឲ្យមានសេរីភាពនៃការបញ្ចេញមតិដោយអហិង្សា ប៉ុន្តែរាល់ពេលដែលយើងធ្វើការជួបជុំគ្នាដោយអហិង្សា យើងបានទទួលរងការបង្ក្រាបដោយហិង្សាពីសន្តិសុខខណ្ឌ”។
“ សន្តិសុខទាំងនោះបានបង្កអំពើហិង្សា និងបានចាប់ផ្ដើមប្រើហិង្សាមកលើអ្នកតវ៉ាមុន។ កាលពីថ្ងៃអង្គារ សន្តិសុខទាំងនោះបានវាយអ្នកតវ៉ា ប៉ុន្តែមិនមានអន្តរាគមន៍ពីនគរបាលនៅទីលាននោះទេ”។
លោកស្រី មូរ សុខហួរ ក៏បានគាំទ្រការលើកឡើងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិអំឡុងពេលធ្វើសន្និសីទកាសែតដែលថា លោកស្រី និងតំណាងរាស្ត្រជាប់ឆ្នោតដែលត្រូវបានឃុំខ្លួនផ្សេងទៀតគួរតែមានអភ័យឯកសិទ្ធិរួចផុតពីការផ្ដន្ទាទោសតាមដំណើរការបង្កើតរដ្ឋាភិបាលកាលពីឆ្នាំមុន។
លោកស្រីបានពន្យល់ប្រាប់ថា ” ខ្ញុំហ៊ាននិយាយថា យើងមានអភ័យឯកសិទ្ធិ ពីព្រោះ ហេង សំរិន ប្រធានរដ្ឋសភាបានប្រកាសកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ទទួលស្គាល់តំណាងរាស្ត្រ១២៣រូបនៅរដ្ឋសភា។ ការប្រកាសទទួលស្គាល់នេះបង្ហាញថា យើងមានអភ័យឯកសិទ្ធិ”។
មាត្រា៧៦នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋសភា ” មានសមាជិកយ៉ាងតិច១២០រូប”។ គណបក្សសង្គ្រោះជាតិ ដែលទទួលបានអាសនៈ៥៥នៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសនេះបានលើកឡើងថា រដ្ឋាសភាដែលខ្លួនកំពុងធ្វើពហិការនេះមិនស្របតាមរដ្ឋធម្មនុញ្ញទេ ដោយសារមានតែតំណាងរាស្ត្រ៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជាបានឆ្លើយតបវិញថា មានតំណាងរាស្ត្រ១២៣រូប មិនថាតំណាងរាស្ត្រ៥៥រូបមកពីគណបក្សសង្គ្រោះជាតិសម្រេចចូលរួមឬមិនចូលនោះទេ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ” ប្រសិនបើគេមិនទទួលស្គាល់យើងថា មានអភ័យឯកសិទ្ធិទេ វាបង្ហាញថា រដ្ឋាភិបាលនិងរដ្ឋសភាបច្ចុប្បន្នមិនស្របច្បាប់ឡើយ”។
នៅឯសន្និសីទកាសែតនៅម៉ោង១១ព្រឹក លោក កែវ រ៉េមី អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានចាត់ទុកអំពើហិង្សាកាលពីថ្ងៃអង្គារថា ជាសកម្មភាពអនាធិបតេយ្យរៀបចំទុកជាមុនតាមហ្វេសប៊ុកដោយលោកស្រី មូរ សុខហួរ នោះ បាននិយាយថា ការលើកឡើងអំពីអភ័យឯកសិទ្ធិគឺមិនត្រឹមត្រូវទេ។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា “ពួកគេមិនបានស្បថចូលកាន់តំណែងនៅក្នុងរដ្ឋសភាទេ ហេតុដូច្នេះហើយពួកគេអាចចាប់ខ្លួនបាន”។
នៅពេលល្ងាច លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ព្រំុ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានដឹកនាំកិច្ចប្រជុំបិទទ្វាររយៈពេលពីរម៉ោងជាមួយអ្នកការទូតបរទេសនៅក្រសួងយុត្តិធម៌ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់ទេ ប៉ុន្តែ អាចមើលតាមបង្អួច នៅពេលដែល លោក ព្រំ សុខា បានខំប្រឹងធ្វើការពន្យល់យ៉ាងវែងពីការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងដល់ភ្ញៀវរួមមានលោក វីលៀម ថូដ ឯកអគ្គរដ្ឋទូតអាមេរិក និងលោក ហ្សង់ ហ្វ្រង់ស័រកូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។
បន្ទាប់ពីជំនួបលោក ព្រំុ សុខា បានមានប្រសាសន៍ថា អ្នកការទូតបានសួរថា តើការចាប់ខ្លួននេះទាក់ទងទៅនឹងការបន្តជាប់គាំងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឬយ៉ាងណា ជាការចោទប្រកាន់ដែលលោកបានបដិសេធ។
លោក ព្រំុ សុខា បានប្រាប់អ្នកយកព័ត៌មានថា ” ប្រសិនបើខ្ញុំប្រាប់នរណាម្នាក់ឲ្យទៅដុតផ្ទះគេ ហើយអ្នកនោះទៅដុត ខ្ញុំមិនអាចនិយាយថា ‘ខ្ញុំមិនបានធ្វើនោះទេ’។ គេត្រូវតែស្វែងរកអ្នកដែលបានបញ្ជាឲ្យដុតដដែល”។
លោក ចន ស៊ីមម៉ុន អ្នកនាំពាក្យស្ថានទូតអាមេរិកបានលើកឡើងតាមអីុម៉េល បន្ទាប់ពីជំនួបថា ស្ថានទូតចង់ឲ្យមានការដោះលែងលោកស្រី មូរ សុខហួរ ដែលមានសញ្ជាតិអាមេរិក។ លោកបានមានប្រសាសន៍ថា “យើងអំពាវនាវឲ្យដោះលែងលោកស្រី មូរ សុខហួរ និងសមាជិកសភាដទៃទៀតក្នុងស្មារតីផ្សះផ្សានយោបាយ”។
ស្ថានទូតបារាំងក៏បានលើកឡើងដែរថា ខ្លួននឹងផ្តល់ជំនួយកុងស៊ុលជាប្រចាំដល់លោក សុថាវរិន្ទ្រ ដែលមានសញ្ជាតិបារាំង។ ស្ថានទូតអូស្ត្រាលីដែលផ្តល់ជំនួយកុងស៊ុលដល់ជនជាតិនូវែលសេឡង់ បានលើកឡើងថា ស្ថានទូត “ត្រៀមខ្លួន” ផ្តល់ជំនួយដល់លោក កែវ ភិរម្យ ដែលមានសញ្ជាតិនូវែលសេឡង់ និងលោក រៀល ខេមរិន្ទ្រ ដែលមានសញ្ជាតិអូស្ត្រាលី។
ថ្លែងតាមទូរស័ព្ទពីប្រទេសបារាំងកាលពីយប់មិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលបានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ខែមិថុនា សម្រាប់អ្វីដែលត្រូវបានប្រកាសថា ជាការធ្វើដំណើររយៈពេលបីសប្តាហ៍នោះ បានមានប្រសាសន៍ថា លោកបានធ្វើសន្និសីទតាមប្រព័ន្ធ Skype កាលពីម្សិលមិញ ជាមួយលោក កឹម សុខា ជាអនុប្រធានគណបក្ស និងសមាជិកអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិដែលនៅសេសសល់។
លោក សម រង្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយពីអ្វីដែលត្រូវបានពិភាក្សាឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំនៅតំបន់ដាច់ស្រយាលក្នុងប្រទេសបារាំង គឺកោះមួយនៅកណ្តាលសមុទ្រ។ ខ្ញុំត្រៀមវិលត្រឡប់មកវិញនៅពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា ឃួន ណារីម AlexWillemyns និង ColinMeyn)