27 C
Phnom Penh

នាយក​ក្រុមហ៊ុន​មួយ​បាន​​យកកាំភ្លើង​ខ្លី​គំរាម​បុគ្គលិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​​​នៅ​​​ក្រុម​​​ហ៊ុន​​​រចនាប្លង់មួយ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ស៊ុយ​​​អែត​​​បាន​​​បដិសេធ​​​មិន​​​​​ធ្វើ​​​ការ​​​​​​កាល​​​ពី​​​ម្សិលមិញ ហើយ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​បណ្តេញ​​​នាយក​​​របស់​​​ខ្លួនចេញ​​​​​ដែល​​​ពួក​​​គេ​​​អះ​​​អាង​​​ថា ជា​​​មន្ត្រី​​​ម្នាក់​​​នៅ​​​ក្រសួ​​​ងមហាផ្ទៃ​​​ បន្ទាប់​​​ពី​​​តាម​​​ចោទ​​​ថា គាត់​​​បាន​​ដក​​​កាំភ្លើង​​​ខ្លី​​​គំរាម​​​ពួក​​​គេ​​​។

បុគ្គលិក​​​នៅ​​​​​​ក្រុម​​​ហ៊ុន True TimeAsia PhnomPenh អះ​​​អាង​​​ថា នាយក​​​​​​របស់​​​ពួក​​​គេ​​​ឈ្មោះ ញែ៉ម សុភក្ត្រ បាន​​​វាយ​​​ពួក​​​គេតាម​​​តែ​​​ទំនើង​​​ចិត្ត​​​ ហើយ​​​បាន​​​ដក​​​កាំ​​​ភ្លើង​​​ខ្លី​​​គំរាម​​​ពួក​​​គេ​​​ទៀត​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃអង្គារ។

លោក​​​ ស្រេង​​​ រ៉ាម៉ូ អាយុ​​​២៣​​​ឆ្នាំ​​​​​​ជា​​​អ្នក​​​រចនា​​​​នៅ​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​និយា​​​យ​​​ថា “លោក​​​ សុភក្ត្រ បាន​​​ចូលមក​​​ក្នុង​​​ការិយាល័យ​​​​​​ដោយ​​​ស្រវឹង​​​ស្រា និង​​​មាន​​​កំហឹង​​។ គាត់​​​បាន​​​យក​​​​​​​​​វិទ្យុ​​​​​​​​​ទាក់​​​ទង​​​វាយ​​​បុគ្គលិក​​​បី​​​នាក់​​​ បន្ទាប់​​​មក​​​បាន​​​ដក​​​កាំភ្លើង​​​ខ្លី​​​ភ្ជង់​​​ ហើយ​​​បាន​​​គំរាម​​​សម្លាប់​​​ពួក​​​យើង​​​ខណៈដែល​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​”។

ភាព​​​តាន​​​តឹង​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្រុម​​​ហ៊ុន​​​រចនា​​​ប្លង់​​​នេះ​​​តាំ​​​ងពី​​​ថ្ងៃ​​​ទី​​​១​​​ ខែកក្កដា នៅ​​​ពេល​​​មានការ​កាត​់​ប្រាក់​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង។​បុគ្គលិក​ដែល​​​មាន​​​ប្រាក់​​​ខែ​​​១៦២​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ធ្លាប់​​​ទទួល​​​បាន​​​ប្រាក់​​​បន្ថែម​​​គុណនឹង​​បី​​​ ​​​នៅ​​​ពេល​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​ ហើយ​​​ក្រុម​​​ហ៊ុន​​​បាន​​​កាត់​​​មក​​​​​​ត្រឹម​​​តែ​​​ពីរ​​​ដង​​​។

បុគ្គលិក​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​លោក សុភក្ត្រ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​អង្គារ​​​ទាម​​​ទារឲ្យផ្តល់​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​គុណ​នឹង​បី​​វិញ។ លោក​​​ សុភក្ត្រ បាន​​​ប្រាប់​​​បុគ្គលិក​​​ថា មាន​​​តែ​ម្ចាស់​​​ជន​​​ជាតិ​​​ស៊ុយ​​​អែត​​​ទេ​​​មាន​​​សិទ្ធិ​​​ផ្តល់​​​ប្រាក់​​​បន្ថែម​​​មោ៉ង​​គុណ​នឹង​បី​ឡើងវិញ។

លោក សុភក្ត្រ បាន​​​បដិសេធ​​​ការ​​​អះ​​​អាង​​​របស់​​​បុគ្គលិក​​​ ប៉ុន្តែ បាន​​​ទទួ​​ល​​​​​​ស្គាល់​​​ថា លោក​​​មាន​​​កាំភ្លើង​​​ខ្លី​​​មែន​​​ ដែល​​​លោក​​​និយាយ​​​ថា លោក​​​ត្រូ​​​វបាន​​​អនុញ្ញាតឲ្យ​កាន់​​​ក្នុង​​​នាម​​​ជា​​​មន្ត្រី​​​ក្រសួ​​​ងមហាផ្ទៃ​​​មួយ​​​រូប។ មន្ត្រី​​​ក្រសួងនេះ​​​មិន​​​អាច​​​បញ្ជាក់​​​ពី​​​ការ​​​ងារ​​​របស់​​​លោក សុភក្ត្រ នៅ​​​ទី​​​នោះ​​​បាន​​​ទេ។

យោង​​​តាម​​​លោក​​​ សុភក្ត្រ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​បាន​​​ទៅ​​​ការិយាល័យ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​អង្គារ​​​ ដើម្បី​​​បង្ហើយ​​​ការ​​​ងារ​​​មួយ​​​ចំនួន​​​។ នៅពេល​​​លោក​​​ឃើញ​​​បុគ្គលិក​​​ដេក​​​ លោកក៏​​​បាន​​​​​​ណែ​​​នាំ​​​ឲ្យ​​​ពួក​​​គេ​​​ឲ្យ​​​ចូលធ្វើ​​​ការវិញ​​​។

លោក​​​ សុភក្ត្រ បាន​​​និយាយ​​​ថា “មនុស្សប្រហែល​​​១០​​​នាក់​​​បាន​​​វាយ​​​ខ្ញុំ ហើយ​​​បន្ទាប់​​​មក​​​មនុស្ស​​​ជាង​​​៧០​​​នាក់​​​​​​ទៀត​​​បាន​​​មក​​​វាយ​​​ខ្ញុំ​​​ដែរ។ កាំភ្លើងខ្លី​​​របស់​​​ខ្ញុំ​​​បាន​​​​​​ជ្រុះ​​​ពី​​​ហោប៉ៅ ហើយ​​​បុគ្គលិក​​​​​​បាន​​​លួច​​​វា​​​”។

លោក សុភក្ត្រ បាន​​​បដិសេធ​​​ថា លោក​​​មិន​​​​​​ស្រវឹង​​​ស្រា​​​ទេ។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​យក​​​កាំភ្លើង​​​ខ្លី​​​តាមខ្លួន​ ​​​ពី​​​ព្រោះ​​​ខ្ញុំ​​​មាន​​​សិទ្ធិ​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ការ​​​ពារ​​​សន្តិ​​​សុខ​​​របស់​​​ខ្ញុំ​​​”។

លោក សុភក្ត្រ បាន​​​និយាយ​​​ថា ខ្ញុំ​​​គិត​​​ថា បុគ្គលិក​​​មិន​​​​​​សប្បាយ​​​ចិត្ត​​​ ហើយ​​​ខឹង​​​នឹង​​​ខ្ញុំ​​​ ពី​​​ព្រោះ​​​យើង​​​បាន​​​ទាស់​​​សំដី​​​គ្នា​​​នៅ​​​ពេល​​​ពួក​​​គេ​​​​​​មក​ការិយាល័យ​​​របស់​​​ខ្ញុំ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ព្រម​​​ដំឡើង​​​ប្រាក់​​​បន្ថែម​​​មោ៉ង ប៉ុន្តែនេះ​​​គឺ​​​ជា​​ការ​​​សម្រេច​​​របស់​​​ក្រុមហ៊ុន​​​”។

​​​យោង​​​តាម​​​លោក សុភក្ត្រ បាន​​​ឲ្យ​​​ដឹង​​​ថា លោក មីរ៉ូស្លាវ ស្លា​​​នីណា ​​​​​​​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ធ្វើ​​​ដំណើរ​​មក​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​​​​ម្សិល​​​មិញ ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​នេះ​​​ ប៉ុន្តែ លោក​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស