26 C
Phnom Penh

គេ​បញ្ជូន​អ្នក​នេសាទ​ជន​ជាតិ​ចាមមួយ​ក្រុម​ទៅ​ជួយ​ស្រង​់សាកសព​ក្នុង​ហេតុការ​ណ៍ធ្លាក់​ឧទ្ធម្ភាគចក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​ឧទ្ធម្ភាគចក្រប្រភេទ​ ​Z-9 ផលិត​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ក្នុង​រណ្ដៅ​ជីក​ដី​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដែល​មាន​មន្ត្រី​យោធា​ប្រាំ​រូប​ជិះនៅ​លើ​នោះ គេ​បាន​បញ្ជូនក្រុមមួយ​ឲ្យ​ទៅ​ជួយ​​ស្រង់​សាក​សព​មនុស្ស​បួន​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​។

លោក ​សារី រ៉ូម៉ាល​​​ អាយុ​៦៤​ឆ្នាំ​បាន​ដឹកនាំ​ក្រុម​អ្នក​នេសាទ​ជន​ជាតិ​ចាម​ដទៃទៀត ដើម្បី​មុជ​រក​សាក​សព​មន្ត្រី​យោធា​ក្នុង​ឧបទ្ទវ​ហេតុធ្លាក់​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ​Z-9​ ។​​ ល័ររិន គ្រុធឺរ​/ខេបូឌា​ ដេលី​
លោក ​សារី រ៉ូម៉ាល​​​ អាយុ​៦៤​ឆ្នាំ​បាន​ដឹកនាំ​ក្រុម​អ្នក​នេសាទ​ជន​ជាតិ​ចាម​ដទៃទៀត ដើម្បី​មុជ​រក​សាក​សព​មន្ត្រី​យោធា​ក្នុង​ឧបទ្ទវ​ហេតុធ្លាក់​ឧទ្ធម្ភាគចក្រ​ប្រភេទ​ ​Z-9​ ។​​ ល័ររិន គ្រុធឺរ​/ខេបូឌា​ ដេលី​

គេ​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​សង្កាត់​ជ្រោយ​ចង្វា ដែល​ជា​កន្លែង​ទី​លំនៅ​របស់​អ្នក​នេសាទ​ជន​ជាតិ​ចាម​​អាយុ​៦៤​ឆ្នាំ​ម្នាក់ ឈ្មោះ សារី រ៉ូម៉ាល។ បើទោះ​ណាជា​លោក​មិន​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ជួយ​សង្គ្រោះ​ក៏ដោយ ក៏លោក រ៉ូម៉ាល មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ស្រង់​​សាក​សពដែរ​។

លោក​បាន​និយាយ​នៅ​ផ្ទះ​របស់​លោក​ស្ថិត​នៅ​មាត់​ទន្លេ​​​សំដៅដល់​ស្ពានមិត្តភាពជប៉ុននៅ​ក្បែរនោះថា ” ខ្ញុំ​មាន​បទ​ពិសោធ​ច្រើនដោយ​សារ​មនុស្ស​ទាំង​អស់​​​​ដែល​បាន​លោត​ពីលើ​ស្ពាន​ជ្រោយចង្វានេះឯង។

លោក​បាន​បន្ថែម​ថា ” ចាប់តាំង​ពីរបប​ ប៉ុល ពត មក​ខ្ញុំ​បាន​ស្រង់​មនុស្ស​ចំនួន​១៦១​នាក់​ ហើយ​បន្ទាប់ពី​ពួកគេ​បាន​លោតទឹក​ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​ថា មានសាក​សព​ប៉ុន្មាន​នាក់​ទេ”។

វា​ជា​​ការ​ងារ​បន្ថែម​ពីលើការ​ងារ​របស់​លោក​ជា​អ្នក​នេសាទ​ និង​អ្នក​រត់ទូកដ​នៅ​លើ​បឹង​ទន្លេសាប​ ហើយ​ការ​ងា​នេះ​ហើយ​ដែលបាន​ធ្វើ​ឲ្យ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ ចាប់​អារម្មណ៍​ចំពោះរូប​លោក​នៅ​​ពេល​​មាន​ហេតុការណ៍​នេះ។

លោក​ឧត្តម​សេនីយ៍​ ទៀ បាញ់ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ” យើង​បាន​សុំ​ឲ្យអ្នក​នេសាទ​ខ្មែរ​អុីស្លាម​ជួយ ពីព្រោះពួកគាត់​ជា​អ្នក​ជំនាញ​ខាង​មុជ​ទឹក​រក​សាក​សព​”។

ឧត្តម​សេនីយ៍​ សឹង សំណាង មេបញ្ជាការ​កង​ទ័ព​អាកាស​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​មាន​ប្រសាសន៍​ថា ប្រសិទ្ធភាព​របស់​អ្នក​នេសាទ​ទាំង​នេះ​អាច​ជា​មេរៀន​សម្រាប់​ទាហាន​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” វា​ជា​ទឹក​ភក់​។ បើទោះណាជា​យើង​មានឧបករណ៍​ទំនើប​​ស្វែង​រក​ក៏ដោយ ក៏យើង​មិន​អាច​រក​សាក​សព​ឃើញ​ដែរ”។

លោក​បាន​បន្ថែម​ថា “ខ្មែរ​អុីស្លាម​បាន​រក​សាក​សព​ទាំង​នោះ​ឃើញ ពីព្រោះពួកគាត់​បាន​ប្រើ​យុទ្ធសាស្ត្រ​ផ្ទាល់​ខ្លួន ដែល​ពួកគាត់​ធ្លាប់​ស្វែង​រក​មនុស្ស​ផ្សេង​ទៀត​ដែល​បាន​លោត​ទឹក​សម្លាប់ខ្លួន។តាម​ពិត​យើង​គួរ​ប្រើ​បទ​ពិសោធដ៏ល្អ​នេះពី​ខ្មែរ​អុីស្លាម​របស់​យើង​។

ឧត្តម​សេនីយ៍​ សំណាង ក៏បានមាន​ប្រសាសន៍​ផង​ដែរ​ថា ប្រអប់ខ្មៅ​របស់​ឧទ្ធម្ភាគចក្រ​ដែល​មន្ត្រី​យោធា​លើក​ឡើង​ថា ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ស្វែង​រក​មូលហេតុ​ដែល​នាំឲ្យ​ឧទ្ធម្ភាគចក្រ​ធ្លាក់ ​​ត្រូវ​បាន​ស្រង់​កាលពី​ថ្ងៃ​អង្គារ។

លោក​បាន​មាន​ប្រសាសន៍​ថា ” គណៈកម្មាធិការ​រួម​មួយនឹង​នាំ​យក​សម្ភារ​ពី​ប្រទេស​ចិន​មក​អាន​ទិន្នន័យ​នេះ​…ហើយ​បន្ទាប់​មក​យើង​នឹង​បញ្ជូន​ទិន្នន័យ​ទៅ​ប្រទេស​ចិន​ដើម្បី​ពិនិត្យ​”។

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​​នេះ​​​​ធ្លាក់​កាលពី​ថ្ងៃ​ច័ន្ទ អ្នក​នេសាទ​ជន​ជាត​ិអុីស្លាម​១៥​នាក់​មក​ពី​​ជ្រោយចង្វា​ និង​ប្រាំ​នាក់​ទៀត​មក​ពី​សង្កាត់​ច្រាំង​ចំរេះ២​ដែល​នៅ​ជាប់​មាត់​ទន្លេ​ បានយក​ឧបករណ៍នេសាទ​របស់ខ្លួន​ទៅ​កាន់​កន្លែង​នោះ​។

លោក​ រ៉ូម៉ាល បាន​មាន​ប្រសាសន៍​ថា រណ្ដៅ​ដី​នោះ​ត្រូវ​បាន​បែង​ចែក​ក្នុង​ចំណោម​ក្រុម​របស់លោក​ អ្នក​មុជ​ទឹក​មកពី​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន​កម្ពុជា​ និង​ទាហាន​កង​យោធ​ពល​ខេមរភូមិន្ទ​មក​ពី​កង​ពល​តូច​លេខ​៩១១​។ ប៉ុន្តែ​​មាន​តែ​អ្នក​នេសាទ​​ដែល​មាន​ឧបករណ៍​ស្វែង​រក​សាមញ្ញ​របស់​ខ្លួនទេ​ ដែល​អាចស្រង់យក​សាក​សព​ទាំងបួន​នាក់​ចេញ​ពី​ទឹក​​។

ឧបករណ៍ទាំង​នោះ​ត្រូវ​បាន​​ទម្លាក់​​តាម​ខ្សែ ហើយអ្នក​នេសាទទាំង​នេះ​បាន​រាវរក​រហូត​ពួកគេ​​ចាប់​បាន​​សម្លៀក​បំពាក់​របស់ជន​រងគ្រោះម្នាក់​ បន្ទាប់​មក​ពួកគេ​ពីរ​បី​នាក់​ទៀត​បាន​មុជ​ទឹក​ទៅ​ស្រង់​សាក​សព​ឡើង​លើ​។ អ្នក​នេសាទ​មក​ពី​ជ្រោយ​ចង្វា​ទាំង​នេះ​បាន​រក​ឃើញ​សាក​សព​ចំនួន​បី​​ ដែល​ក្នុង​នោះ​ឧត្តម​សេនីយ៍​ ទៀ បាញ់ បាន​ផ្ដល់​ប្រាក់​ដល់​ពួកគេចំនួន​២.០០០​ដុល្លារ​។

លោក រ៉ូម៉ាល បាន​និយាយ​ថា ” ខ្ញុំ​មាន​អារម្មណ៍​រំភើប​នៅ​ពេល​ដែល​ខ្ញុំ​រក​សាក​សព​ឃើញ។ ខ្ញុំ​គិត​​ថា ត្រូវ​តែ​ជួយ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ខ្ញុំអាច​ជួយ​ស្រង់​មនុស្ស​ចេញ​ពី​ក្នុងទឹក​”៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស