ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា កាកបាទក្រហមកម្ពុជាបានផ្ដល់អំណោយជាប្រាក់សរុប១៤០លានរៀល ឬប្រហែល៣៥.០០០ដុល្លារជួយសន្តិសុខ៣៧នាក់ ដែលបានរងរបួសបន្ទាប់ពីរងការវាយដំកាលពីថ្ងៃអង្គារ ពីសំណាក់អ្នកតវ៉ាបក្សប្រឆាំង ដែលទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ។
លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញ បាននិយាយថា សន្តិសុខរបួសធ្ងន់បំផុតបីនាក់ ម្នាក់ៗទទួលបាន១០លានរៀល ឬប្រហែល២.៥០០ដុល្លារ រីឯសន្តិសុខរបួសធ្ងន់១៩នាក់ម្នាក់ៗទទួលបាន៥លានរៀល ឬប្រហែល១.២៥០ដុល្លារ។ សន្តិសុខរបួសស្រាល១៥នាក់បានទទួល១លានរៀល ឬប្រហែល២៥០ដុល្លារក្នុងម្នាក់ៗ។ លោកបាននិយាយអំពីសន្តិសុខរបួសទាំងនោះថា “ពួកគេមិនអីទេឥឡូវនេះ”។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារ គេបានឃើញក្រុមអ្នកតវ៉ាគណបក្សប្រឆាំងបានតដៃនឹងកម្លាំងសន្តិសុខ ដែលល្បីខាងប្រើអំពើហិង្សា ដែលបានវាយអ្នកតវ៉ាគណបក្សសង្គ្រោះជាតិជាច្រើនលើក អំឡុងបាតុកម្មក្នុងពេល៦ខែកន្លងមកនេះ។
ប៉ុន្តែមិនដូចការប៉ះទង្គិចគ្នាលើកមុនៗទេ ស្ថានការណ៍ហិង្សាប្រែក្រឡាស់នេះ បានធ្វើឲ្យមានការអាណិតអាសូរពីកាកបាទក្រហមកម្ពុជា (CRC)។
ការផ្ដល់អំណោយនេះគឺជាលើកដំបូងហើយ ដែលកាកបាទក្រហមកម្ពុជា ជាអង្គការជំនួយសង្គ្រោះដឹកនាំដោយលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហុ៊ន សែន បានបញ្ជូនអំណោយនេះទៅអ្នកដែលរងរបួសអំឡុងការប៉ះទង្គិចគ្នាជាច្រើនលើក បន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។
លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបានបង្វែរសំណួរទៅនាយកដ្ឋានទំនាក់ទំនង។ លោកស្រី ម៉ែន នារីសុភ័គ ប្រធានផ្នែកទំនាក់ទំនងមិនអាចទាក់ទងបានទេ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយនៅសន្និសីទព័ត៌មានមួយកាលពីម្សិលមិញថា អំណោយទាំងនោះគឺជាភ័ស្តុតាងនៃភាពលម្អៀងរបស់អង្គការនេះ។ លោកបាននិយាយថា ” រឿងអាក្រក់ជាងគេគឺកាកបាទក្រហមកម្ពុជានឹងហើយ ពួកគេទៅជួយតែភាគីម្ខាងប៉ុណ្ណោះ។ កាកបាទក្រហមកម្ពុជា គឺត្រូវជួយនរណាក៏ដោយដែលរងគ្រោះ”។
លោក អំ សំអាត ប្រធានបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា លោកមិនហ៊ានបញ្ចេញយោបល់អំពីការផ្ដល់អំណោយពីកាកបាទក្រហមកម្ពុជាទេ។ ប៉ុន្តែតួនាទីនិងគោលដៅរបស់អង្គការនេះ គឺត្រូវជួយសង្គ្រោះប្រជាជនពីការលំបាក ដោយគ្មានលម្អៀងនយោបាយ”។
ក្រៅពីលុយកាកបាទក្រហម សន្តិសុខទាំងនោះបានទទួលអំណោយពីមន្ត្រីខណ្ឌ និងសាលារាជធានី។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបាននិយាយថា អភិបាលរាជធានី ប៉ា សុជាតិវង្ស បានផ្ដល់អំណោយប្រហែល១២៥ដុល្លារដល់សន្តិសុខម្នាក់ៗក្នុងចំណោមសន្តិសុខរបួសធ្ងន់២២នាក់។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បាននិយាយថា អំណោយមានច្រើនចាប់តាំងពីមានការប៉ះទង្គិចគ្នានោះមក។ ” ខ្ញុំមិនដឹងចំនួនជាក់លាក់ទេ ពីព្រោះមានសប្បុរសជនច្រើនណាស់”៕ មានិត