មន្ត្រីនគរបាលព្រំដែនម្នាក់ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទរំលោភមានស្ថានទម្ងន់ទោស បន្ទាប់ពីតាមចោទថា បានចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ដែលគាត់បានចាប់បង្ខាំងរយៈពេល២៤ម៉ោង។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោក ឡេង សារ៉ាន់ អាយុ៣៦ឆ្នាំ ជាមន្ត្រីនគរបាលព្រំដែននៅច្រកទ្វារព្រំដែនភ្នំត្បាល់ក្នុងខេត្តឧត្តរមានជ័យ ឥឡូវនេះកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន។
លោក ផេង ផួត នាយប៉ុស្តិ៍ឃុំត្រពាំងតាវ បានមានប្រសាសន៍ថា ជនរងគ្រោះ និងលោក សារ៉ាន់ បានជួបគ្នាដំបូងនៅភោជនីយដ្ឋានមួយជិតពីរខែមកហើយ ដែលនៅពេលនោះលោកបានផ្តល់ការងារឲ្យនាងធ្វើនៅចម្ការរបស់លោក។
កាលពីថ្ងៃសៅរ៍ លោក សារ៉ាន់ សុខចិត្តជូននាងទៅផ្ទះ បន្ទាប់ពីចប់ពិធីផឹកស៊ីនៅចម្ការនោះ។
លោក ផេង ផួត បានមានប្រសាសន៍ថា “ជនរងគ្រោះបានយល់ព្រម ពីព្រោះនាងមិនគិតថា ជនសង្ស័យធ្វើអ៊ីចឹងមកលើរូបនាងនោះទេ”។ លោកបានបន្ថែមថា ផ្ទុយទៅវិញលោក សារ៉ាន់ បាននាំនាងទៅកាន់ប៉ុស្តិ៍នគរបាលរបស់លោក ហើយបានរុញនាងចូលក្នុង។
លោក ផេង ផួត បានមានប្រសាសន៍ថា “ជនសង្ស័យបានដាល់ជនរងគ្រោះ…រហូតនាងសន្លប់ ហើយបន្ទាប់មកជនសង្ស័យរូបនេះបានចាប់រំលោភនាង។ ជនសង្ស័យក៏បានគំរាមសម្លាប់នាងផងដែរ ប្រសិនបើនាងមិនព្រម”។
លោក ផេង ផួត បានមានប្រសាសន៍ថា បន្ទាប់ពីក្មេងស្រីនេះត្រូវបានអនុញ្ញាតឲ្យចាកចេញនាងបានប្រាប់ក្រុមគ្រួសាររបស់នាងពីរឿងដែលបានកើតឡើង ហើយឪពុកម្តាយរបស់នាងបានប្តឹងនគរបាល។
លោក ផេង ផួត បានមានប្រសាសន៍ថា “យើងបានឃើញស្នាមជាំនៅលើភ្លៅរបស់នាង ហើយដៃ និងភ្នែករបស់នាងឡើងហើម។ លោកបានបញ្ជាក់ថា បន្ទាប់មកលោក សារ៉ាន់ ត្រូវបានហៅមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
លោក ផេង ផួត បានមានប្រសាសន៍ថា ជនសង្ស័យបានសារភាពថា គាត់បានស្រឡាញ់ក្មេងស្រីរូបនេះហើយចង់យកនាងធ្វើប្រពន្ធ”។
លោក លីម គី អនុប្រធាននគរបាលយុត្តិធម៌ខេត្តបានមានប្រសាសន៍ថា លោក សារ៉ាន់ ក្នុងនាមជាមន្ត្រីនគរបាលគួរតែមានការយល់ដឹងច្រើន។
លោកបានមានប្រសាសន៍ថា “គាត់គឺជាមន្ត្រីអនុវត្តច្បាប់ ហើយយល់ពីច្បាប់ ប៉ុន្តែ គាត់នៅតែបំពានច្បាប់ ដូច្នេះយើងត្រូវផ្តន្ទាទោសគាត់តាមច្បាប់”។
លោក ឡឹក សុខា ស្នងការរងនគរបាលខេត្តបានគំាទ្រជំហររបស់លោក លីម គី។ “មិនថា អ្នកជានរណាទេ ជាប្រជាពលរដ្ឋធម្មតា មន្ត្រីរាជការ ឬមន្ត្រីអនុវត្តច្បាប់ឡើយ នៅពេលអ្នករំលោភច្បាប់ អ្នកត្រូវតែផ្តន្ទាទោសតាមច្បាប់។ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់”៕សារុន