33 C
Phnom Penh

មានការ​ប៉ះទង្គិច​គ្នា​ម្ត​ងទៀត​ពាក់ព័ន្ធវិវាទដីធ្លី​របស់ក្រុមហ៊ុន​ខេឌីស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ប៉ះ​ទង្គិច​គ្នា​ដ៏ហិង្សា​បាន​កើត​ឡើង​ម្ដង​ទៀត​រវាង​កម្មករ​និង​អ្នក​ភូមិ​នៅ​កន្លែង​អភិ​វឌ្ឍន៍​​របស់​ក្រុម​ហ៊ុនខេឌីស៊ី កាលពី​ម្សិលមិញ ដោយភាគី​ទាំង​ពីរ​បន្ទោស​​គ្នា​ថា បាន​ប្រើ​ប្រាស់​អាវុធ​ និង​ញុះ​ញង់​ឲ្យមាន​ការ​ប៉ះ​ទង្គិច​គ្នា។ ការ​ប៉ះ​ទង្គិច​គ្នាបាន​កើត​ឡើង​​នៅកន្លែង​នេះកាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ដែល​នៅ​ពេល​នោះ​​នគរ​បាល​ប្រហែល​១០០​នាក់​ត្រូវ​បាន​បញ្ជូនទៅ​ភូមិ​ឡពាង​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។

លោក ហ៊ុល វាសនា អធិការ​នគរ​បាល​ស្រុក​កំពង់​ត្រឡាចបាន​មាន​ប្រសាសន៍​ថា មនុស្ស​ប្រហែល​៦០​នាក់​បាន​ចូល​រួម​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ ជាការ​ប៉ះទង្គិច​គ្នា​ថ្មី​បំផុត​ជុំវិញ​វិវាទ​ដីធ្លី​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ពាក់​ព័ន្ធ​គម្រោង​អភិវឌ្ឍ​ន៍របស់​ក្រុម​ហ៊ុន​ខេឌីស៊ី ដែល​កាន់​កាប់​ដោយ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​ក្រសួង​រ៉ែ និង​ថាមពល​។

លោក​បានមាន​ប្រសាសន៍​ថា ” ជម្លោះ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​អ្នក​ភូមិ​បាន​ប្រើ​ចំពាម​កៅស៊ូ​បាញ់​កម្មករ បន្ទាប់​មក​កម្មករ​បានតប​ត​វិញ​”។ លោក​បាន​បន្ថែម​ថា លោក​បាន​ដឹក​នាំ​នគរ​បាល​មួយ​ក្រុម​ទៅ​បង្ក្រាប​ជម្លោះ​នោះ។

លោក​បាន​បន្ថែម​ថា ” ខ្ញុំ​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​របស់ខ្ញុំថា អ្នក​ភូមិ​បានប្រើ​អាវុធ​កែ​ច្នៃទេ ប៉ុន្តែ​កម្មករ​រាយការណ៍​ប្រាប់​ខ្ញុំ​ថា ពួកគាត់​បាន​ប្រើ​អាវុធ​ ហើយ​បាន​ធ្វើ​ឲ្យ​កម្មករ​បួន​នាក់​រង​របួស​ស្រាល​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ”។

កាលពី​ដើម​ខែ​នេះ ក្រុម​ហ៊ុន​ខេឌីស៊ី​បាន​ចាប់​ផ្ដើម​សាង​សង់​របង​បេតុង​កម្ពស់​២ម៉ែត្រ​ព័ទ្ធ​ជុំវិញ​ដី​ប្រហែល​១៤៥​ហិកតា​។​អ្នក​ភូមិដែល​បាន​ធ្វើ​ស្រែ​ចម្ការ​​លើ​ដី​នោះ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មកនោះ លើក​ឡើង​ថា អ្នកស្រី ជា ខេង បាន​រំលោភ​យក​ដី​នេះ​ដោយ​ខុស​ច្បាប់​កាលពី​ឆ្នាំ​២០០៧។

លោក​ វាសនា បាន​មាន​ប្រសាសន៍​ថា កម្មករ​ដែល​រង​របួស​បាន​ដាក់​ពាក្យ​ប្ដឹង​បន្ទាប់ពី​ហេតុការណ៍​កើត​ឡើង​កាល​ពី​ម្សិលមិញ ដោយ​ចោទ​អ្នកភូមិ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន និង​បង្ក​របួស​ស្នាម​ ចំណែក​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​បណ្ដឹង​របស់ខ្លួន​ប្ដឹង​កម្មករ​​ថាបាន​ប្រើ​ប្រាស់​ចំពាម​គ្រាប់​ដែក​មក​លើពួកគាត់​។

អ្នកស្រី អ៊ុំ សុភី តំណាង​អ្នកភូមិ​ឡពាង បាន​និយាយ​ថា អ្នក​ភូមិ​គ្រាន់​តែ​ចង់​ឈរ​មើល​កម្មករ​ ខណៈ​ដែល​ពួកគេ​បន្ត​​សាង​សង់​របង​ប៉ុណ្ណោះ។ អ្នកស្រី​បាន​​និយាយ​ថា ” យើង​បាន​មក​មើល​កម្មករ​សង់​របង​ ប៉ុន្តែ​ពួកគេ​បាន​ទម្លុះ​របង​ ហើយ​យក​ចំពាម​កៅស៊ូ​បាញ់​ពួក​យើង​។ បន្ទាប់​មក​អ្នកភូមិ​បាន​តប​ត​វិញ”។

អ្នកស្រី​បាននិយាយ​ថា អ្នក​ភូមិ​១០​នាក់​បាន​រងរ​បួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ ដែល​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង​ប្រហែល​២​រសៀល និង​មាន​រយៈ​ពេល​​ពីរ​ម៉ោង​នោះ ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ពេល​កម្មករ​បាន​ដក​ថយ​។

លោក អំ សំអាត អ្នក​គ្រង់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មានវត​្តមាន​នៅ​កន្លែង​នោះ​កាលពី​ម្សិល​មិញដើម្បី​ឃ្លាំមើល​ស្ថាន​ភាព​បាន​មាន​ប្រសាសន៍​ថា លោក​ឃើញ​ភាគីទាំង​ពី​រ​បាន​ប្រើ​ចំពាម​កៅស៊ូដូចគ្នា។ លោកបាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​នៅ​ទី​នោះ​ អំឡុង​ការ​ប៉ះទង្គិច​គ្នា​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ហា៊ន​ចូលកៀកពេកទេ”។

លោក​បាន​បន្ថែមថា ” មនុស្ស​ជាង​១០០​នាក់​បាន​វាយប្រហារ​​ទៅលើ​កម្មករ​ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា តើ​កម្មករ​ប៉ុន្មាននាក់​បាន​​ប្រើ​ចំពាម​កៅស៊ូ​បាញ់​អ្នកភូមិ​ទេ ពីព្រោះ​ពួកគេ​នៅ​ពីក្រោយ​របង​​ក្រុម​ហ៊ុន​”។

លោក​បាន​មាន​ប្រសាសន៍ថា ឥឡូវ​នេះ​លោកជឿ​ថា ក្រុម​ហ៊ុន​ខេឌីស៊ី​ដែល​សុខ​ចិត្ត​ផ្ដល់​សំណង​ចំនួន​១០.០០០​ដុល្លារ​ដល់​​គ្រួសារ​មួយ​ចំនួននោះ នឹង​​ប្រើ​ប្រាស់​ហេតុការណ៍​ថ្មី​​នេះ​ “ដើម្បី​ចោទ​អ្នក​ភូមិ​ទាំង​នោះ​ ហើយ​ឲ្យ​គេ​ចាប់ពួក​គាត​់ដាក់​​គុក​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស