27 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​ពីរ​រូប​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​គណបក្សប្រឆាំង​​​ប្រាំបី​​​រូប​​​រួម​​​ទាំង​​​​​​តំណាង​​​រាស្ត្រ​​​ជាប់ឆ្នោត​​​ប្រាំពីរ​​​រូប​​​ផង​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​ដឹក​នាំ​​​​កុបកម្ម​​​ និង​​​ញុះ​​​ញង់​​​ឲ្យ​មាន​ការ​​​វាយ​​​តប់​​​គ្នា​​​ដោយ​​​ហិង្សា​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​​ដែលជា​​​កន្លែង​​​តវា៉​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ហើយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​លោក ឡុង​​​ រី និង​​​លោក​​​ នុត រំុដួល​​​ ថែម​ទៀត។CNRP-web

លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​សុក្រ​​​​​​ក្រោយ​​​ផង​​​ដែរ​​​។

យោង​​​តាម​​​ភរិយា​​​របស់​​​លោក ឡុង រី បាន​​​ឲ្យដឹង​​​ថា នគរបាល​​​បាន​​​ឡោមព័ទ្ធ​​​ផ្ទះ​​​លោក ឡុង​​​ រី នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​​​​មុន​​​ម៉ោង​​​៤ល្ងាច​​​ មុន​​​ពេល​​​ចាប់​​​ខ្លួន​​​លោក​​​ និង​​​លោក នុត​​​ រំុដួល​​​ ហើយ​​​បាន​​​នាំ​​​ពួក​​​គាត់​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ។

លោក គៀត ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​នគរបាល​​​ជាតិ​​​បាន​​​បញ្ជាក់​​​តាម​​​ទូរស័ព្ទ​​​នៅ​​​ម៉ោង​​​៧​​​យប់​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ពីរ​​​នាក់​​​តាម​​​ដីកា​​​តុលាការ​​​។ ឥឡូ​​​វនេះ​​​ពួកគាត់​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដៃ​​​របស់​​​នគរបាល​​​”។

ទាំង​​​លោក ឡុង​​​ រី ប្រធាន​​​ផ្នែក​​​សន្តិសុខ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​លោក នុត រំុដួល ជា​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ មាន​​​វត្តមាន​​​នៅ​​​កន្លែង​​​តវ៉ា​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​ និង​​​​ត្រូវ​​​បាន​​​សា​​​​​​លា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់ថា ស្ថិត​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រឆាំង​យ៉ាង​តិច​ប្រាំ​បី​រូប​ដែល​រង​ការ​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​ដឹក​​​នាំ​​​ចលនា​​​កុប​​​កម្ម​​​ និង​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ។

មន្ត្រី​​​ប្រាំ​​​មួយ​​​រូប​​​ផ្សេង​​​ទៀត​​​រួម​​​ទាំង​​​ លោកស្រី មូ​​​រ សុខ​​​ហួរ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​របស់​​​គណបក្ស​​​សង្គ្រោ​​​​​​ះ​​​ជាតិ​​​ផង​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​អង្គារនិង​​​ថ្ងៃ​​​ពុធ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​​​ទៅ​​​ឃុំ​​​ខ្លួន​​​នៅ​​​ពន្ធនាគារ​ព្រៃ​​​ស បន្ទាប់​​​ពី​​​ត្រូ​​​វបាន​​​ចោទប្រកាន់​​​រួ​​​ច​​​កាល​​ពី​​​រសៀល​​​ថ្ងៃ​​​ពុធ។

លោក កែវ ភិរម្យ​​​​​​ និង​​​លោក​​​ ម៉ែន សុថាវ​​​រិន្ទ្ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ជា​​​មួយ​​​លោកស្រី មូរ សុខ​​​ហួរ​​​ នៅ​​​កន្លែង​​​តវ៉ា​​​នោះ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​​​រាជ​​​ធានី​​​ រីឯ​​​លោក ហូរ វ៉ាន់ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ដឹក​​​នាំ​​​ក្បួន​​​រថយន្ត​​​មួយ​​​ទៅ​​​កាន់​​​​​​ស្នង​​​ការដ្ឋាន​​​នេះ​​​។

ក្រោយ​​​មក​​​ទៀត​​​លោក រៀល​​​ ខេម​​​រិន្ទ្រ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពេល​​​កំពុង​​​ជិះ​​​រថយន្ត​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​នៅ​​​ម៉ោង​​​២​​​រំលង​​​អធ្រាត្រ​​​ថ្ងៃ​​​ពុធ  ហើយ​​​​ក្រោយ​មក​លោក​ អឿ ណារិទ្ធ ជំនួយ​​​ការ​​​របស់​​​លោកស្រី មូរ សុខ​​​ហួរ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ពេល​​​ព្រឹក។​​ សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​ទៀត​​​គឺ​​​លោក ឃិន ចំរើន ក៏​​​ត្រូ​​​វបាន​​​ចោទ​​​ប្រកាន់​​​ផង​​​ដែរ​​​ ប៉ុន្តែ មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ទេ​​​។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក​​​ចៅ​​​ក្រម កែវ មុនី បាន​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទាំង​​​ប្រាំ​​​បី​​​រូប​​​ពី​​​បទ​​​កុប​​​កម្ម និ​​​ង​​​ញុះញង់។ ក្រុម​​​មន្ត្រី​​​ទាំ​​​ងនេះ​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​៣០​​​ឆ្នាំ​​​ក្នុង​​​ម្នាក់​​​ៗ​​​ ប្រសិន​​​បើ​​​រក​​​ឃើញពិរុទ្ធ​​​ភាព​​​មែន​​​នោះ។

កាល​​​ពី​​​ព្រឹក​​​​​​ម្សិលមិញ សា​​​​​​លា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក៏​​​បាន​​​ចេញ​​​ដីកា​​​កោះ​​​ហៅ​​​លោក​​​ កឹម សុខា ដែល​​​ជា​​​ប្រធាន​​​ស្តី​​​ទី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ពេល​​​លោក សម រង្ស៊ី ប្រធាន​​​គណ​​​បក្ស​​​ស្ថិត​​​នៅ​​​ក្រៅ​​​ប្រទេស​​អំឡុង​ពេល​តវ៉ា​នោះ​​ ​ឲ្យ​​​មក​​​ជួប​​​លោក​​​ កែវ មុនី ចៅ​​​ក្រម​​​សាក​​​សួរ​​​ដើម្បី​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​សុក្រ សប្តាហ៍​​​ក្រោយ​​​។

លោក យ៉ែម បុញ្ញប្ញទ្ធិ អ្នកនាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឯកឧត្តម [កឹម សុខា​​​]​ នឹង​​​ចូល​​​ទៅ​​​តុលាការ​​​ប្រសិនបើ​​​​​​ឯក​​​ឧត្តម​​​ម​​ិន​​​ជាប់​​​រវល់។

នៅ​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​មួយ​​​ដែល​​​ប្រើ​​​ក្បាល​​​លិខិត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ លោក កឹម សុខា បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​គណបក្ស​​​ប្រឆាំង​​​ទាំ​​ង​​​អស់ ដែល​​​ស្ថិ​​​តនៅ​​​ក្រៅ​​​ប្រទេស​​​កម្ពុជា​​​ ឲ្យ​​​វិល​​​ត្រឡប់​​​ចូល​​​ប្រទេស​​​វិញ​​​ភ្លាម​​​ៗ​​​។

លោក បុញ្ញប្ញទ្ធិ បាន​​​ពន្យល់​​​ថា  យ៉ាង​​​ហោច​​​ណាស់​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ប្រាំ​​​បី​​​រូប​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​នេះ​​​ កំពុង​​​ស្ថិ​​​ត​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​ និង​​​សហ​​​រដ្ឋ​​​អាមេរិក​​​។

លោក សម រង្ស៊ី ដែល​​​ខ្លួន​​​លោក​​​ផ្ទាល់​​​មិន​​​មែន​​​ជា​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ និង​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ឈរ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ថា លោក​​ស្ថិត​​​នៅ​​​លើ​កោះ​​​មួយ​​​នៅ​​​កណ្តាល​​​សមុទ្រ​​​ក្នុង​​​ប្រទេស​​​បារាំង​​​ ប៉ុន្តែ កំពុង​​​ត្រៀម​​​ត្រឡប់​​​មក​​​វិញ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ចោទ​​​ប្រកាន់នេះ។

លោក យឹម​​​ សុវណ្ណ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​លោក ​​​​​​​​​​​​​​​​​​​​​សម រង្ស៊ី​ កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “លោក​​​នឹង​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​១៩​​​ខែ​​​កក្កដា នៅ​​​ម៉ោង​​​៩​​​ព្រឹក”។

ការ​​​ចាប់​​​ខ្លួន​​​លោក​​​ នុត រំុដួល អតីត​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​ និង​​​លោក ឡុង​​​ រី អតីត​​​អង្គរក្ស​​​ផ្ទាល់​​​របស់​​​លោក​​​ សម រង្ស៊ី មាន​​​ន័យ​​​ថា ត្រូវ​ចាប់​ខ្លួន​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​​​​​ទាំង​អស់។

តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​បី​​​រូប​​​ទៀត​​​ គឺ​​​លោក ជាម ច័ន្ទនី លោក​​​ សុខ អ៊ុំស៊ា និង​​​លោក ឡុង បូតា មាន​​​វត្តមាន​​​នៅកន្លែង​​​តវ៉ា​​​នោះ​​​ ប៉ុន្តែ មិន​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ ឬ​​​ចោទ​​​ប្រកាន់​​​ទេ​​​។

ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​នេះ គឺ​​​ជា​​​​​​ផ្នែក​​​នៃ​​​យុទ្ធ​​​នា​​​ការ​​​របស់​​​លោកស្រី មូរ សុខ​​​ហួរ ឲ្យ​​​បើក​​​ទីលាន​​​ប្រជា​​​ធិប​​​តេយ្យ​​​ ដែល​​​រដ្ឋាភិបាល​​​បាន​​​បង្កើត​​​ឡើង​​​នៅ​​​ឆ្នាំ​​​២០១០​​​សម្រាប់​​​ធ្វើ​​​ជា​​​កន្លែង​​​តវ៉ា​​​។

អាជ្ញាធរ​​​​បាន​បណ្តេញ​​​អ្នក​​​តវ៉ា​​​គណបក្ស​​​ប្រឆាំង​ឲ្យ​ចេញ​​​ពី​​​ទីលាន​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤​​​ ខែ​​​មករា ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​​​បង្ក្រាប​​​យ៉ាង​​​ឃោរ​​​ឃៅ​​​ទៅ​​​លើ​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ៗ​​​របស់​​​កម្មករ​​​រោង​​​​​​ចក្រ​​​កាត់​​​ដេរ និង​​​ការ​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន ចុះ​​​ចេញ​​​ពី​​​អំណាច។

ចាប់តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ទីលាន​​​នេះ​​​ត្រូវ​​​បាន​​​បិទ​​​ដោយ​​​បន្លា​​​លួស​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាន​​​ការ​​​យាម​​​កាម​​​ពី​​​នគរបាល​​​បង្ក្រាប​​​បាតុកម្ម​​​ និង​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ដែល​​​ល្បី​​​ខាង​ប្រើ​ហិង្សា​​ ដោយ​​​បាន​​​វាយ​​​ដំ​​​អ្នក​​​តវ៉ា​​​ និង​​​អ្នក​​​កាសែត​​​ ដែល​​​មិន​​​ព្រម​​​ស្តាប់​​​បញ្ជា​​​មិន​​​ឲ្យ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ជិត​​​ទី​​​លាន​​​នេះ​​​។

កាល​​​ពី​​ថ្ងៃ​​​អង្គារ អ្នក​​​តវ៉ា​​​បាន​​​វាយ​​​បក​​​ទៅ​​​លើ​​​សន្តិសុខ​វិញ​​​ជា​​​លើក​​​ដំបូង​​​។ សន្តិសុខ​​​ ដែល​​​ធ្លាប់​​ឃោរឃៅ​ទាំងនោះ ប៉ុន​​​ប៉ង​​​រត់​​​គេច​​​ ប៉ុន្តែ សន្តិសុខ​​​ជា​​​ច្រើន​​​បាន​​​​​​ដួល​​​​​​ ហើយ​​​ត្រូ​​​វ​​​បាន​​​បាតុករ​​​វាយ​​​ដំ​​​យ៉ាង​​​ខ្លាំង។ យ៉ាង​​​ហោច​​​ណាស់​​​សន្តិសុខ​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សង្គ្រោះ​​​បន្ទាន់​​​ និង​​​បាន​​​រង​​​របួស​​​ចំនួន​​​៣៧​​​នាក់។

អង្គកា​​​រអាដហុក ជា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​ ដែល​​​បា​​​ន​​​ដាក់​​​អ្នក​​​ឃ្លាំ​​​មើល​ឲ្យ​​​ឃ្លាំ​​​មើល​​​ការ​​​តវ៉ា​​​នេះ​​​ មាន​ចម្ងល់​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ដឹក​​​នាំ​​​ចលនា​​​កុបកម្ម និង​​​ញុះញង់​​​ទៅ​​​លើ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

សេចក្តី​​​ប្រកាស​​​ចេញ​​​កាល​​​ពី​​​ម្សិល​មិញ​​​បាន​​​បញ្ជាក់​​​ថា “អាដហុក​​​មិន​​​ទទួល​​​យក​​​អំពើ​​​ហិង្សា​​​របស់​អ្នក​​​គាំទ្រ​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​បាន​​​វាយ​​​ដំ​​​យ៉ាង​​​ឃោរ​​​ឃៅ​​​លើ​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​នេះ​​​ទេ”។

“ទោះ​​​ជា​​​យ៉ាង​​​ណា​​​ អ្នក​​​ឃ្លាំ​​​មើល​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​បាន​​​ឮ​​​តំណាង​​​រាស្ត្រ​​​ជាប់ឆ្នោត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​ភាព​ស្ងៀម​​​ស្ងាត់​​​ ហើយ​​​បាន​​​​​​ប្រាប់​​​អ្នក​​​គាំទ្រ​​​កំុឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា​​​។ ពួក​​​គាត់​​​មិន​​​បាន​​​ញុះញង់ ឬបង្ក​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​ទេ​​​”។

រូប​​​ភាព​​​ផ្សព្វផ្សាយ​​​តាម​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ក៏​​​បាន​​​បង្ហាញ​​​ផង​​​ដែរ​​​ថា លោក ភិរម្យ​​​ ជា​​​តំណាង​​​រាស្ត្រ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ដែល​​​ត្រូ​​​វបា​​​ន​​​ចាប់​​​ខ្លួន​​​ បាន​​​ឱប​​​ការ​ពារ​សន្តិសុខ​​​ម្នាក់​​​​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​ដំ​​​យ៉ាង​​ខ្លាំង។

លោកស្រី ម៉េង សុភារី មេធាវី​​​តំណាង​​​ឲ្យ​​​លោកស្រី មូរ សុខ​​​ហួរ ដែល​​​មាន​​​សញ្ជាតិ​​​អា​​​មេ​​​រិក​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​មិន​​​ទាន់​​​មាន​​​មន្ត្រី​​​ស្ថាន​​​ទូត​​​អាមេរិក​​​ទៅ​​​ជួប​​​កូន​​​ក្តី​​​លោក​​​ស្រី​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ទេ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ចាប់​​​ខ្លួន​​​លោកស្រី​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មិន​ទាន់​​​មាន​​​មន្ត្រី​​​​​​ស្ថាន​​​ទូត​​​អាមេរិក​​​មក​​​ជួប​​​លោកស្រី​​​នៅឡើយ​​​ទេ”។

លោក ចន ស៊ីម៉ុន អ្ន​​​ក​​​នាំពាក្យ​​​ស្ថាន​​​ទូត​​​អាមេរិក​​​បាន​​​បញ្ជាក់​ថា មន្ត្រី​​​ស្ថាន​​​ទូត​​​កំពុង​​​ព្យាយាម​​​ទៅ​​​ជួប​​​​​​លោក​​​ស្រី មូរ សុខ​​​ហួរ នៅ​​​​ក្នុង​ពន្ធនាគារ​​​។

លោក ស៊ីម៉ុន បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា “ស្ថាន​​​ទូត​​​អាមេរិក​​​មាន​​​បំណង​​​ផ្តល់​​​សេវា​​​កុង​​​ស៊ុល​​​ដល់​​​លោក​​​ស្រី​​​ មូរ សុខ​​​ហួរ ដោយ​​​សារ​​​លោក​​​ស្រី​​​មាន​​​សិទ្ធិ​​​ទទួល​​​សេវា​​​នេះ​​​ក្នុង​​​នាម​​​ជា​​​ពល​​​រដ្ឋ​​​អាមេរិក​​​ម្នាក់​​​”។

អ្នក​​​នាំពាក្យ​​​ស្ថាន​​​ទូត​​​បារាំង​​​បាន​​​បញ្ជាក់​​​ថា ស្ថាន​​​ទូត​​​ក៏​​​មិន​​​ទាន់​​​បាន​​​ទៅ​​​ជួប​​​លោក សុថាវរិន្ទ្រ​ ដែល​​​មាន​​​សញ្ជាតិ​​​បារាំង​​​ដែរ​​​។ លោក សៃ​​​ម៉ុន ហ្វេលឡូ អ្នក​​​នាំាពាក្យ​​​ស្ថាន​​​ទូត​​​អូស្ត្រា​​​លី​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ថា តើ​​​មាន​​​ការ​​​ទៅ​​​ជួប​​​លោក ខេមរិន្ទ្រ ដែល​​​មាន​​​សញ្ជាតិ​​​អូស្ត្រាលី​​​ឬអត់​​​នោះ​​​ទេ​​​។

តាម​​​មាត្រា​​​៣៦​​​នៃ​​​អនុសញ្ញា​​​ក្រុង​​​វីយែន ស្តី​​​ពី​​​ទំនាក់​​​ទំនង​​​ការ​​​ទូត​​​ដែល​​​កម្ពុជា​​​បាន​ផ្តល់​​សច្ចាប័ន​​​កាល​​​ពីឆ្នាំ​​​២០០៦​​​ រដ្ឋាភិបាល​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​មន្ត្រី​​​កុង​​​ស៊ុល​​​​​​ទៅ​​​ជួប​​​ប្រជា​​​ពល​​​រដ្ឋ​​​នៃ​​​ប្រទេស​​​របស់​​​ខ្លួន​​​ ដែល​​​​​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​​​នាគារ​​​ ​​​និង​ត្រូវ​​​បានឃុំ​ ឬ​​​ឃាត់​​​ខ្លួន​​​៕ គឹម​​​ហឿន

 (រាយការណ៍​​​បន្ថែម​​​ដោយ​​​ មិុច ដារ៉ា Alex Willemyns និង Colin Meyn)​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស