មន្ត្រីគណបក្សប្រឆាំងប្រាំបីរូបរួមទាំងតំណាងរាស្ត្រជាប់ឆ្នោតប្រាំពីររូបផងត្រូវបានចាប់ខ្លួនតាមការចោទប្រកាន់ពីបទដឹកនាំកុបកម្ម និងញុះញង់ឲ្យមានការវាយតប់គ្នាដោយហិង្សានៅតាមដងផ្លូវដែលជាកន្លែងតវា៉របស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃអង្គារ ហើយកាលពីម្សិលមិញនគរបាលបានចាប់ខ្លួនលោក ឡុង រី និងលោក នុត រំុដួល ថែមទៀត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិក៏ត្រូវបានកោះហៅឲ្យចូលទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសុក្រក្រោយផងដែរ។
យោងតាមភរិយារបស់លោក ឡុង រី បានឲ្យដឹងថា នគរបាលបានឡោមព័ទ្ធផ្ទះលោក ឡុង រី នៅក្នុងខណ្ឌពោធិ៍សែនជ័យមុនម៉ោង៤ល្ងាច មុនពេលចាប់ខ្លួនលោក និងលោក នុត រំុដួល ហើយបាននាំពួកគាត់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានបញ្ជាក់តាមទូរស័ព្ទនៅម៉ោង៧យប់ថា “យើងបានចាប់ខ្លួនពីរនាក់តាមដីកាតុលាការ។ ឥឡូវនេះពួកគាត់កំពុងស្ថិតក្នុងដៃរបស់នគរបាល”។
ទាំងលោក ឡុង រី ប្រធានផ្នែកសន្តិសុខគណបក្សសង្គ្រោះជាតិ និងលោក នុត រំុដួល ជាតំណាងរាស្ត្រជាប់ឆ្នោត មានវត្តមាននៅកន្លែងតវ៉ាកាលពីព្រឹកថ្ងៃអង្គារ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ស្ថិតក្នុងចំណោមមន្ត្រីគណបក្សប្រឆាំងយ៉ាងតិចប្រាំបីរូបដែលរងការចោទប្រកាន់ពីបទដឹកនាំចលនាកុបកម្ម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
មន្ត្រីប្រាំមួយរូបផ្សេងទៀតរួមទាំង លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិផងត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនិងថ្ងៃពុធ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស បន្ទាប់ពីត្រូវបានចោទប្រកាន់រួចកាលពីរសៀលថ្ងៃពុធ។
លោក កែវ ភិរម្យ និងលោក ម៉ែន សុថាវរិន្ទ្ ត្រូវបានចាប់ខ្លួនជាមួយលោកស្រី មូរ សុខហួរ នៅកន្លែងតវ៉ានោះ ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី រីឯលោក ហូរ វ៉ាន់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីលោកបានដឹកនាំក្បួនរថយន្តមួយទៅកាន់ស្នងការដ្ឋាននេះ។
ក្រោយមកទៀតលោក រៀល ខេមរិន្ទ្រ ត្រូវបានចាប់ខ្លួនពេលកំពុងជិះរថយន្តនៅក្នុងខេត្តបាត់ដំបងនៅម៉ោង២រំលងអធ្រាត្រថ្ងៃពុធ ហើយក្រោយមកលោក អឿ ណារិទ្ធ ជំនួយការរបស់លោកស្រី មូរ សុខហួរ ត្រូវបានចាប់ខ្លួននៅពេលព្រឹក។ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតគឺលោក ឃិន ចំរើន ក៏ត្រូវបានចោទប្រកាន់ផងដែរ ប៉ុន្តែ មិនទាន់ត្រូវបានចាប់ខ្លួនទេ។
កាលពីថ្ងៃអង្គារ លោកចៅក្រម កែវ មុនី បានចោទប្រកាន់មន្ត្រីគណបក្សសង្គ្រោះជាតិទាំងប្រាំបីរូបពីបទកុបកម្ម និងញុះញង់។ ក្រុមមន្ត្រីទាំងនេះអាចមានទោសជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំក្នុងម្នាក់ៗ ប្រសិនបើរកឃើញពិរុទ្ធភាពមែននោះ។
កាលពីព្រឹកម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាកោះហៅលោក កឹម សុខា ដែលជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពេលលោក សម រង្ស៊ី ប្រធានគណបក្សស្ថិតនៅក្រៅប្រទេសអំឡុងពេលតវ៉ានោះ ឲ្យមកជួបលោក កែវ មុនី ចៅក្រមសាកសួរដើម្បីសាកសួរនៅថ្ងៃសុក្រ សប្តាហ៍ក្រោយ។
លោក យ៉ែម បុញ្ញប្ញទ្ធិ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍ថា “ឯកឧត្តម [កឹម សុខា] នឹងចូលទៅតុលាការប្រសិនបើឯកឧត្តមមិនជាប់រវល់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលប្រើក្បាលលិខិតរបស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអំពាវនាវឲ្យតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំងទាំងអស់ ដែលស្ថិតនៅក្រៅប្រទេសកម្ពុជា ឲ្យវិលត្រឡប់ចូលប្រទេសវិញភ្លាមៗ។
លោក បុញ្ញប្ញទ្ធិ បានពន្យល់ថា យ៉ាងហោចណាស់តំណាងរាស្ត្រជាប់ឆ្នោតប្រាំបីរូបក្នុងចំណោមតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សនេះ កំពុងស្ថិតនៅក្នុងប្រទេសបារាំង និងសហរដ្ឋអាមេរិក។
លោក សម រង្ស៊ី ដែលខ្លួនលោកផ្ទាល់មិនមែនជាតំណាងរាស្ត្រជាប់ឆ្នោត និងត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះបោះឆ្នោតនោះបានមានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃពុធ ថា លោកស្ថិតនៅលើកោះមួយនៅកណ្តាលសមុទ្រក្នុងប្រទេសបារាំង ប៉ុន្តែ កំពុងត្រៀមត្រឡប់មកវិញ បន្ទាប់ពីមានការចោទប្រកាន់នេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍អំពីលោក សម រង្ស៊ី កាលពីម្សិលមិញថា “លោកនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៩ខែកក្កដា នៅម៉ោង៩ព្រឹក”។
ការចាប់ខ្លួនលោក នុត រំុដួល អតីតសមាជិកព្រឹទ្ធសភា និងលោក ឡុង រី អតីតអង្គរក្សផ្ទាល់របស់លោក សម រង្ស៊ី មានន័យថា ត្រូវចាប់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់។
តំណាងរាស្ត្រជាប់ឆ្នោតបីរូបទៀត គឺលោក ជាម ច័ន្ទនី លោក សុខ អ៊ុំស៊ា និងលោក ឡុង បូតា មានវត្តមាននៅកន្លែងតវ៉ានោះ ប៉ុន្តែ មិនត្រូវបានឃាត់ខ្លួន ឬចោទប្រកាន់ទេ។
ការតវ៉ាកាលពីថ្ងៃអង្គារនេះ គឺជាផ្នែកនៃយុទ្ធនាការរបស់លោកស្រី មូរ សុខហួរ ឲ្យបើកទីលានប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលបានបង្កើតឡើងនៅឆ្នាំ២០១០សម្រាប់ធ្វើជាកន្លែងតវ៉ា។
អាជ្ញាធរបានបណ្តេញអ្នកតវ៉ាគណបក្សប្រឆាំងឲ្យចេញពីទីលាននេះកាលពីថ្ងៃទី៤ ខែមករា ដែលជាប់ពាក់ព័ន្ធនឹងការបង្ក្រាបយ៉ាងឃោរឃៅទៅលើការធ្វើកូដកម្មកាន់តែខ្លាំងឡើងៗរបស់កម្មកររោងចក្រកាត់ដេរ និងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។
ចាប់តាំងពីពេលនោះមក ទីលាននេះត្រូវបានបិទដោយបន្លាលួស មានការយាមកាមពីនគរបាលបង្ក្រាបបាតុកម្ម និងសន្តិសុខខណ្ឌដូនពេញ ដែលល្បីខាងប្រើហិង្សា ដោយបានវាយដំអ្នកតវ៉ា និងអ្នកកាសែត ដែលមិនព្រមស្តាប់បញ្ជាមិនឲ្យជួបជុំគ្នានៅជិតទីលាននេះ។
កាលពីថ្ងៃអង្គារ អ្នកតវ៉ាបានវាយបកទៅលើសន្តិសុខវិញជាលើកដំបូង។ សន្តិសុខ ដែលធ្លាប់ឃោរឃៅទាំងនោះ ប៉ុនប៉ងរត់គេច ប៉ុន្តែ សន្តិសុខជាច្រើនបានដួល ហើយត្រូវបានបាតុករវាយដំយ៉ាងខ្លាំង។ យ៉ាងហោចណាស់សន្តិសុខពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ និងបានរងរបួសចំនួន៣៧នាក់។
អង្គការអាដហុក ជាអង្គការសិទ្ធិមនុស្សក្នុងស្រុក ដែលបានដាក់អ្នកឃ្លាំមើលឲ្យឃ្លាំមើលការតវ៉ានេះ មានចម្ងល់ចំពោះការចោទប្រកាន់ពីបទដឹកនាំចលនាកុបកម្ម និងញុះញង់ទៅលើមន្ត្រីគណបក្សសង្គ្រោះជាតិ។
សេចក្តីប្រកាសចេញកាលពីម្សិលមិញបានបញ្ជាក់ថា “អាដហុកមិនទទួលយកអំពើហិង្សារបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលបានវាយដំយ៉ាងឃោរឃៅលើសន្តិសុខខណ្ឌដូនពេញកាលពីថ្ងៃអង្គារនេះទេ”។
“ទោះជាយ៉ាងណា អ្នកឃ្លាំមើលរបស់អង្គការអាដហុកនៅកន្លែងកើតហេតុបានឮតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិអំពាវនាវឲ្យមានភាពស្ងៀមស្ងាត់ ហើយបានប្រាប់អ្នកគាំទ្រកំុឲ្យប្រើអំពើហិង្សា។ ពួកគាត់មិនបានញុះញង់ ឬបង្កឲ្យមានអំពើហិង្សាទេ”។
រូបភាពផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមក៏បានបង្ហាញផងដែរថា លោក ភិរម្យ ជាតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រដែលត្រូវបានចាប់ខ្លួន បានឱបការពារសន្តិសុខម្នាក់ដែលត្រូវបានគេវាយដំយ៉ាងខ្លាំង។
លោកស្រី ម៉េង សុភារី មេធាវីតំណាងឲ្យលោកស្រី មូរ សុខហួរ ដែលមានសញ្ជាតិអាមេរិកបានបញ្ជាក់កាលពីម្សិលមិញថា មិនទាន់មានមន្ត្រីស្ថានទូតអាមេរិកទៅជួបកូនក្តីលោកស្រីនៅពន្ធនាគារព្រៃសទេ។ លោកស្រីបានមានប្រសាសន៍ថា “ចាប់តាំងពីថ្ងៃចាប់ខ្លួនលោកស្រីរហូតមកទល់ពេលនេះមិនទាន់មានមន្ត្រីស្ថានទូតអាមេរិកមកជួបលោកស្រីនៅឡើយទេ”។
លោក ចន ស៊ីម៉ុន អ្នកនាំពាក្យស្ថានទូតអាមេរិកបានបញ្ជាក់ថា មន្ត្រីស្ថានទូតកំពុងព្យាយាមទៅជួបលោកស្រី មូរ សុខហួរ នៅក្នុងពន្ធនាគារ។
លោក ស៊ីម៉ុន បានលើកឡើងតាមអីុម៉េលថា “ស្ថានទូតអាមេរិកមានបំណងផ្តល់សេវាកុងស៊ុលដល់លោកស្រី មូរ សុខហួរ ដោយសារលោកស្រីមានសិទ្ធិទទួលសេវានេះក្នុងនាមជាពលរដ្ឋអាមេរិកម្នាក់”។
អ្នកនាំពាក្យស្ថានទូតបារាំងបានបញ្ជាក់ថា ស្ថានទូតក៏មិនទាន់បានទៅជួបលោក សុថាវរិន្ទ្រ ដែលមានសញ្ជាតិបារាំងដែរ។ លោក សៃម៉ុន ហ្វេលឡូ អ្នកនាំាពាក្យស្ថានទូតអូស្ត្រាលីមិនធ្វើអត្ថាធិប្បាយថា តើមានការទៅជួបលោក ខេមរិន្ទ្រ ដែលមានសញ្ជាតិអូស្ត្រាលីឬអត់នោះទេ។
តាមមាត្រា៣៦នៃអនុសញ្ញាក្រុងវីយែន ស្តីពីទំនាក់ទំនងការទូតដែលកម្ពុជាបានផ្តល់សច្ចាប័នកាលពីឆ្នាំ២០០៦ រដ្ឋាភិបាលត្រូវអនុញ្ញាតឲ្យមន្ត្រីកុងស៊ុលទៅជួបប្រជាពលរដ្ឋនៃប្រទេសរបស់ខ្លួន ដែលត្រូវបានចាប់ដាក់ពន្ធនាគារ និងត្រូវបានឃុំ ឬឃាត់ខ្លួន៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ មិុច ដារ៉ា Alex Willemyns និង Colin Meyn)