31 C
Phnom Penh

អ្នក​ជំនាញ​នឹង​ពិនិត្យ​មើល​ប្រអប់​ខ្មៅ​របស់​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​នៅ​ថ្ងៃ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​និយាយ​កាល​ពី​ម្សិល​មិញ​ថា នៅ​ថ្ងៃ​នេះ​គណៈកម្មការ​ចម្រុះ​មួយ ​ដែល​មាន​សមាស​ភាព​អ្នក​វិភាគ​បច្ចេកទេស​កម្ពុជា និង​ចិន​ នឹង​ធ្វើការ​ពិនិត្យ​ទិន្នន័យ​ប្រអប់​ខ្មៅ​របស់​ឧទ្ធម្ភាគចក្រ​ធុន Z-9 ផលិត​នៅ​ប្រទេស​ចិន​ ដែល​បាន​ធ្លាក់​កាល​ពី​ដើម​សប្ដាហ៍​នេះ​ បណ្ដាល​ឲ្យ​នាយ​ទាហាន​ជាន់​ខ្ពស់​បួន​នាក់​បាត់​បង់​ជីវិត។

ឧទ្ធម្ភាគចក្រ​ Z-9 ដែល​រដ្ឋាភិបាល​បាន​ទិញ​ពី​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន រួម​ជាមួយ​ឧទ្ធម្ភាគ​ចក្រ​ដូច​គ្នា​នេះ​១២​គ្រឿង​ទៀត​ក្នុង​តម្លៃ​ជិត​២០០​លាន​ដុល្លារ បាន​ធ្លាក់​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ អំឡុង​ពេល​ហ្វឹកហ្វឺន​ការ​ហោះ​ហើរ​។

មេបញ្ជាការ​រង​ទ័ព​អាកាស​មួយ​រូប​ទទួល​បន្ទុក​ផ្នែក​ហ្វឹកហ្វឺន​បើក​​ឧទ្ធម្ភាគចក្រ​ និង​មន្ត្រី​យោធា​បីរូប​ទៀត​បាន​បាត់​បង់​ជីវិត​។ សិស្ស​នាយ​ទាហាន​បើក​បរ​ឧទ្ធម្ភាគចក្រ​ឈ្មោះ ចេង សុខសម្បត្តិ អាយុ​២៧​ឆ្នាំ​ បាន​គេច​ផុត​ពី​សេចក្ដី​ស្លាប់​នៅ​ក្នុង​ហេតុការណ៍ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ ហើយ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​។

លោក​ សឹុង សំណាង មេបញ្ជាការ​កង​ទ័ព​អាកាស​បាន​មាន​ប្រសាសន៍​ថា អ្នក​វិភាគ​ជន​ជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​បី​នាក់​បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​កាល​ពីម្សិលមិញ ដើម្បី​ជួយ​វិភាគ​ទិន្នន័យ​ប្រអប់​ខ្មៅ​នេះ​។

ឧត្តម​សេនីយ៍​ឯក យុិន សុខា មេបញ្ជាការ​រង​កង​ទ័ព​អាកាស​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រអប់​ខ្មៅ​នេះ​កំពុង​ត្រូវ​គេ​រក្សា​ទុក​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិចិនតុង ក្នុង​រាជ​ធានី​​ភ្នំេពញ។ លោក​មាន​ប្រសាសន៍ទៀត​ថា ” យើង​បាន​រក្សា​ទុក​ប្រអប​់​ខ្មៅ​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិចិនតុង ហើយ​យើង​មិន​បាន​បើក​ឬប៉ះ​ពាល់​វា​ឡើយ​”។

ទោះ​ជាយ៉ាង​ណា គេ​នៅ​តែ​មិន​ច្បាស់​លាស់​ថា ​អ្វី​បណ្ដាល​ឲ្យ​ឧទ្ធម្ភាគចក្រ​ធ្លាក់​ទេ​។ វីដេអូ​​របស់​​សាក្សី​បង្ហាញ​ពី​ឧទ្ធម្ភាគចក្រ​នេះ​រៀប​នឹង​ចុះ​ចត មុន​ពេល​ហោះ​ឡើង​វិញ​ ហើយ​ក៏ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ដី​ដែល​មាន​ទឹក​យ៉ាង​​ជ្រៅ​នៅ​ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​។

លោក ឈួយ ម៉េង វេជ្ជបណ្ឌិត​មួយ​រូប​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​មាន​ប្រសាសន៍​ថា ” សុខភាព​របស់​លោក សុខ សំបូរ ប្រសើរ​ឡើង​ហើយ​ ហើយ​គាត់​អាច​ចេញ​ពី​មន្ទីរ​ពេទ្យបាន​នៅ​ពេល​ពីរ​បី​ថ្ងៃ​ទៀត”។

អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​មានដូច​ជា ឧត្តម​សេនីយ៍​​ត្រី​ អៀង ចាន់ណារិទ្ធ ដែល​ជា​មេបញ្ជាការ​រង​កង​ទ័ព​អាកាស​ ​ឧត្តមសេនីយ៍ទោ អ៊ុក ប៊ុណ្ណាហា វរសេនីយ៍ត្រី ថន វណ្ឌី និង​វរសេនីយ៍​ត្រី ខាំ ប៊ុនណាន៕ សុខុម​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស