ស្ត្រីខ្មែរម្នាក់ដែលបានទៅកាន់ប្រទេសចិនដើម្បីរៀបការជាមួយបុរសម្នាក់នៅទីនោះ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីម្សិលមិញ បន្ទាប់ពីរត់គេចចេញពីផ្ទះប្តីរបស់នាង ហើយរត់ទៅជ្រកកោននៅស្ថានកុងស៊ុលខ្មែរក្នុងក្រុងគ័ងចូវ។
យឹង ស្រីមុំ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង៣និង៣០នាទីរសៀលជាមួយបុរសម្នាក់ដែលប្រាប់ថា ខ្លួនជាតំណាងស្ថានកុងស៊ុលប្រចាំនៅក្រុងគ័ងចូវ ដែលជាក្រុងធំបំផុតទី៣របស់ប្រទេសចិន។
ស្ត្រីរូបនេះត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនម្នាក់ទាញចេញពីក្រុមអ្នកកាសែតយ៉ាងប្រញាប់ ហើយរុញចូលក្នុងរថយន្ត ដោយគ្រាន់តែនិយាយថា “ខ្ញុំនៅប្រទេសចិនបានមួយឆ្នាំ”។
សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសកាលពីម្សិលមិញ មានខ្លឹមសារដូច្នេះថា ” ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅក្រុងគ័ងចូវប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ដើម្បីសង្គ្រោះស្ត្រីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ដែលជួយរកប្តីម្នាក់ឲ្យនាងនៅក្នុងប្រទេសចិន”។
សេចក្តីថ្លែងការណ៍នេះក៏លើកឡើងដែរថា លិខិតឆ្លងដែនរបស់ យឹង ស្រីមុំ ត្រូវមេខ្យល់ដកហូតទុក។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោកគ្មានព័ត៌មានលម្អិតបន្ថែមទៀតទេស្តីពីករណីនេះ។
លោកស្រី លឹម មុនី អនុប្រធានផ្នែកកិច្ចការស្ត្រីនៅអង្គការសិទ្ធិមនុស្សអាដហុក ដែលទទួលសេចក្តីរាយការណ៍មុនគេស្តីពីស្ថានភាពរបស់ យឹង ស្រីមុំ បានមានប្រសាសន៍ថា
ជនរងគ្រោះបានចាញ់បោកមេខ្យល់។
លោកស្រីមានប្រសាសន៍ទៀតថា រយៈពេលប្រាំមួយខែដើមឆ្នាំ២០១៤ អង្គការអាដហុក បានកត់ត្រា២៩ករណីនៃស្ត្រីដែលត្រូវគេបោកបញ្ឆោតឲ្យទៅរៀបការជាមួយបុរសចិន មួយផ្នែកកើតឡើងដោយសារតែគោលនយោបាយកូនមួយរបស់ប្រទេសនេះ ដែលធ្វើឲ្យមានចំនួនបុរសច្រើនជាងស្ត្រី។
លោកស្រីមានប្រសាសន៍ទៀតថា “[ស្ត្រីខ្មែរ]ត្រូវគេលក់ដូចទំនិញនៅផ្សារតាមរយៈបណ្តាញនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន”។ លោកស្រីបានលើកឡើងបន្តថា ការដែល យឹម ស្រីមុំ រត់គេចចេញពីផ្ទះរបស់បុរសដែលនាងរៀបការជាមួយ គឺជាការព្រមានដល់ស្ត្រីខ្មែរផ្សេងៗទៀត ដែលអាចនឹងចាញ់ការបោកបញ្ឆោតតាមរយៈការសន្យាក្លែងក្លាយរបស់មេអណ្តើក។
លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ស្ត្រីគួរតែបញ្ចុះបញ្ចូលបុរសៗឲ្យមកកម្ពុជា ជាជាងធ្វើដំណើរទៅបរទេស។ លោកលើកឡើងទៀតថា ” ប្រសិនបើពួកគាត់ចង់រៀបការជាមួយជនបរទេស គួរតែស្នើឲ្យពួកគេមកកម្ពុជាដើម្បីរៀបការ”៕សុខុម