មន្ត្រីទទួលបន្ទុកស៊ើបអង្កេតការស្លាប់របស់លោក ហម មុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញកាលពីដើមខែនេះ បាននិយាយកាលពីម្សិលមិញថា តាមពិតសំណុំរឿងពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនានេះមិនទាន់ត្រូវបានបញ្ជូនទៅតុលាការទេ។

លោក ហម មុត ដែលមានអាយុ៣៩ឆ្នាំ បានធ្លាក់ពីជាន់ទី៤ស្លាប់តាមប្រឡោះជណ្ដើរយន្តដែលមិនទាន់សាងសង់រួចនៅសណ្ឋាគារ Midland ដែលកាន់កាប់ដោយលោក ជ្រៀង សុផាន់ អភិបាលរងរាជធានីភ្នំពេញ បន្ទាប់ពីលោកត្រឡប់មកពីដើរកម្សាន្តពេលយប់ទៅដល់បន្ទប់របស់លោកវិញនៅពេលរំលងអធ្រាត្រថ្ងៃទី៨ ខែកក្កដា។
លោក ប៉ុល ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍មួយថ្ងៃក្រោយមកថា ការស៊ើបអង្កេតអំពីការស្លាប់នេះបានបញ្ចប់ ហើយសំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការ។ លោកបានមានប្រសាសន៍ថា លោក ជ្រៀង សុផាន់ ប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនាតាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ដោយសារលោកមិនបានដាក់រនាំងបិទប្រឡោះជណ្ដើរយន្តដែលមិនទាន់សាងសង់រួចនៅសណ្ឋាគាររបស់លោក។
ប៉ុន្តែលោកវរសេនីយ៍ទោ ផាន់ តារាវុធ អនុប្រធានផ្នែកយុត្តិធម៌កងរាជអាវុធហត្ថរាជធានី កាលពីម្សិលមិញបានបដិសេធការអះអាងនេះ។
លោកបានមានប្រសាសន៍ថា “រឿងក្តីនេះស្ថិតនៅក្នុងដៃរបស់ខ្ញុំ ហើយយើងមិនទាន់បានបញ្ជូនទៅតុលាការនៅឡើយទេ ពីព្រោះយើងកំពុងស៊ើបអង្កេត។
លោកបានបន្ថែមថា ” យើងមិនមានពេលទំនេរដើម្បីជួបជាមួយម្ចាស់សណ្ឋាគារពិភាក្សាអំពីការផ្ដល់សំណង់ដល់គ្រួសារជនរងគ្រោះឡើយ ពីព្រោះយើងជាប់រវល់”។
វរសេនីយ៍ទោ តារាវុធ បានមានប្រសាសន៍ថា ការចរចារវាងលោក ជ្រៀង សុផាន់ និងក្រុមគ្រួសារលោក ហម មុត កំពុងតែបន្ត។
លោក ហេង វីរៈ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុករឿងក្ដីព្រហ្មទណ្ឌក៏បានបញ្ជាក់ផងដែរថា លោកមិនទាន់បានទទួលសំណុំរឿងពាក់ព័ន្ធការស្លាប់លោក ហម មុត ពីកងរាជអាវុធហត្ថនៅឡើយទេ។
កាលពីម្សិលមិញ លោកវរសេនីយ៍ឯក ដាវី បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោកបានមានប្រសាសន៍ថា លោកជាប់ប្រជុំ ហើយបន្ទាប់មកមិនបានលើកទូរស័ព្ទទៀតទេ។
នៅសណ្ឋាគារនោះ គុយ លាន បុគ្គលិកផ្នែកទទួលភ្ញៀវបាននិយាយថា ច្រកចូលទៅកាន់ប្រឡោះជណ្ដើរយន្តត្រូវបានដាក់ឈើបាំង ប៉ុន្តែបាននិយាយថា អ្នកយកព័ត៌មានអាចមើលបានបន្ទាប់ពីម៉ោង១០យប់។
នៅពេលត្រូវបានទាក់ទងតាមទូរស័ព្ទ លោក ជ្រៀង សុផាន់ អភិបាលរងរាជធានីភ្នំពេញ និងជាម្ចាស់សណ្ឋាគារនេះឆ្លើយយ៉ាងសាមញ្ញចំពោះសំណួរជាច្រើន រួមទាំងសំណួរពាក់ព័ន្ធការវិវឌ្ឍស្ដីពីការចរចាផ្ដល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះថា ” ខ្ញុំមិនដឹងទេ” ៕ សារុន
(រាយការណ៍បន្ថែមដោយ AlexWillemyns)