31 C
Phnom Penh

ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមលក់ទូរស័ព្ទ iPhone ជាផ្លូវការនៅកម្ពុជានៅថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ Apple នឹង​ចាប់​ផ្ដើម​ចេញលក់​ទូរស័ព្ទ​ iPhone ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នៅ​ថ្ងៃ​នេះ តាម​រយៈ​​ iOne ជា​ក្រុម​ហ៊ុន​ចែក​ចាយ​បន្ត​របស់​ខ្លួន​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ ដោយ​ផ្ដល់​ឱកាស​ដល់​អតិថិជន​ដែល​ធ្លាប់​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​ iPhone នៅ​ក្នុង​ទីផ្សារ​ ដែល​គ្មាន​ការ​ធានា​ត្រឹម​ត្រូវ​ជា​យូរ​មក​ហើយ ឲ្យ​ទទួល​បាន​ការ​ធានា​ពីក្រុម​ហ៊ុន Apple។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​លើក​ឡើង​ថា ” ការ​បើក​លក់​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា។ iOne ដែល​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​នាំ​ចូល​ផលិត​ផល​របស់​ក្រុម​ហ៊ុន Apple មក​កាន់​ទីផ្សារ​កម្ពុជា​ បាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ក្រុម​ហ៊ុន Apple ដើម្បី​នាំចូល​ទូរស័ព្ទ​ iPhone នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា”។

ប៉ុន្តែ​ទូរស័ព្ទ iPhone តែ​មួយស៊េរី​ដែល​នឹង​មាន​ដាក់​លក់​នៅ​ iOne គឺ​ iPhone 5s ដែល​ជា​ស៊េរីថ្មីបំផុត​របស់​ Apple នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោកស្រី ដាម៉ៃទីម៉ា កៅ ដែល​ជា​អនុ​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ iOne។ គាត់​និយាយ​ថា ” Apple ទើប​តែ​បញ្ចេញ​ iPhone 5s មក​កាន់​កម្ពុជា​ប៉ុណ្ណោះ ហើយ​យើង​មិនដឹង​ថា មូល​ហេតុ​អ្វីទេ​”។

iPhone 5s ត្រូវ​បាន​ចេញ​លក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ហើយ​លក្ខណៈ​ពិសេស​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​របស់​វា​គឺ​ការ​ស្គែន​ក្រយៅ​ដៃ​។ លោកស្រី កៅ មិន​អាច​បង្ហើប​ពី​តម្លៃ​​ iPhone នេះ​បានទេ ប៉ុន្តែ​លើក​ឡើង​ថា វា​មាន​តម្លៃ​អាច​ប្រៀប​ធៀប​បាន​ទៅ​នឹង​ហាង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​។

យោងតាម​គេហ​ទំព័រ​របស់​ Apple បាន​ឲ្យ​ដឹង​ថា iPhone 5s លក់​រាយ​ក្នុង​តម្លៃ​ប្រហែល​៧០០​ដុល្លារ នៅ​​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​។ iPhone មាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ ប៉ុន្តែ​គឺ​លក់​តាម​រយៈ​ទីផ្សារ​ដែល​គ្មាន​ការ​ធានា​ និង​សេវា​ជួស​ជុល​មិន​ត្រឹម​ត្រូវ​។

កាលពី​ម្សិលមិញ អាជីវករ​លក់ទូរស័ព្ទ​នៅ​ផ្សារ​ធំថ្មី​ មាន​ការ​ព្រួយ​បារម្ភ​អំពី​គម្រោង​របស់​ iOne លក់ទូរស័ព្ទ​ iPhone។ ស្ត្រីឈ្មោះ នៅ ពិសី អាយុ​២៦​ឆ្នាំ ជា​អ្នក​លក់​ម្នាក់​នៅ​ហាង​ទូរស័ព្ទ​ សុធឿន និយាយ​ថា ” ប្រសិន​បើ​ iOne លក់​ក្នុង​តម្លៃ​ទាប វា​នឹង​ប៉ះ​ពាល់​ដល់​ហាង​របស់​ខ្ញុំ។ យើង​គ្មាន​ការ​ធានា​សម្រាប់​អតិថិជន​ដែល​ទិញ​ iPhone ពី​យើង​ទេ​”។ អាជីវករ​រូប​នេះ​លក់​ iPhone 5s ក្នុង​តម្លៃ​ចន្លោះ​​៤៥៦​ដុល្លារ​ទៅ​៦៦០​ដុល្លារ​។​

នៅឯ​ហាង​ទូរស័ព្ទ ហាក់សែ ដែល​ iPhone 5s លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​៦៥០​ដុល្លារ ទៅ​៦៧០​ដុល្លារ​ ម្ចាស់​ហាង​នេះ​​​និយាយ​ថា អ្នកស្រី​មាន​អតិថិជន​ដែល​ជឿ​ជាក់​លើ​សេវា​កម្ម​របស់​គាត់។ គាត់​​​និយាយ​ទៀត​ថា “​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទេ​នៅ​ពេល​នេះ​។ ចាំ​​​មើល​ពួកគេ​ចាប់​ផ្ដើម​សេវា​កម្ម​របស់​ពួកគេ​សិន​”៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស