27 C
Phnom Penh

មាន​ចម្ងល់​ជុំវិញ​ការព្រមានរបស់សាលារាជធានី​ដល់​ក្រុមហ៊ុន​រកស៊ីជីកដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រាជ​​​ធានី​ភ្នំពេញ​ បាន​ព្រមាន​​ក្រុមហ៊ុន​ធ្វើអា​ជីវកម្ម​​ជីកដី​គ្មាន​អាជ្ញា​ប័ណ្ណ​ទាំងអស់​បន្ទាប់ពី​​ឧទ្ធម្ភា​គចក្រ​យោធា​មួយ​គ្រឿង​បានធ្លាក់​ចូល​ក្នុងរណ្ដៅដី​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​បួន​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​សួរ​ពី​មូល​ហេតុ​ និង​ការ​ប្ដេជ្ញា​របស់​សាលា​រាជ​ធានី។

សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​អង្គារ និង​ចុះ​ហត្ថលេខា​ដោយ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ​យោធាថ្មីប្រភេទ​ Z-9​ ផលិត​នៅ​ប្រទេស​ចិន​របស់​កង​យោធពល​ខេមរភូមិន្ទ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​រណ្ដៅ​ដី​មួយកន្លែង​​​នៅជាយ​រាជ​ធានីភ្នំពេញ។ ទាហាន​បួន​នាក់​ដែ​លជិះ​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​បាន​ស្លាប់​រួម​មាន​លោកឧត្តម​សេនីយ៍​ត្រី អៀង ចាន់ណារិទ្ធ មេបញ្ជាការ​រង​កង​ទ័ព​អាកាស​ ដែ​ល​ជា​នាយក​សាលា​ហ្វឹក​ហាត់​ឧទ្ធម្ភាគចក្រ​យោធា​នេះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញ​ថា សាលា​រាជ​ធានី​មិន​​បាន​បន្ទោសហេ​តុការណ៍​នេះ​ទៅ​លើ​រណ្ដៅ​ដី​ទេ ប៉ុន្តែ​បាន​សម្រេច​ចេញ​សេចក្ដី​ព្រមាន​ទូទៅ​បន្ទាប់ពី​បាន​ដឹង​អំឡុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ស្រង់​សាក​សព​ថា រណ្ដៅ​ដី​នេះ​”ជ្រៅ​ណាស់​”។

លោក​ ឡុង ឌីម៉ង់ មិន​ដឹង​ថា រណ្ដៅ​ដី​នេះជម្រៅ​ប៉ុណ្ណា​ ឬ​ថា តើ​ក្រុម​ហ៊ុន​មាន​អាជ្ញា​ប័ណ្ណ​​ត្រូវ​អនុញ្ញាត​ឲ្យ​ជីក​ជម្រៅ​ប៉ុណ្ណា​ទេ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ជូន​ដំណឹង​រួម​​ដែល​ចេញ​ដោយ​ក្រសួង​មួយ​ចំនួន​កាល​ពី​ពីរ​បី​ឆ្នាំ​មុន បាន​បង្ហាញ​អំពី​រឿង​នេះ​ ហើយ​បាន​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​គោរព​តាម​។ លោក​បានមាន​ប្រសាសន៍​ថា ” បន្ទាប់ពី​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ យើង​កំពុង​ប្រឹង​ប្រែង​ជំរុញ​បន្ថែម​ទៀត​”។

សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​អង្គារ សំដៅ​ដល់​ក្រុមហ៊ុន​ដែល​ជីក​រណ្ដៅ​ដីនិង​ក្រុមហ៊ុន​ដែល​ប្រើ​ប្រាស់​ដីខ្សាច់​យក​ទៅ​ចាក់​បំពេញ​បឹង​​ និង​អាង​ស្តុកទឹក​ដែលជាកន្លែង​ដ៏សំខាន់​ក្នុង​ការ​រំដោះ​ទឹក​ជំនន់ពី​តាមដងផ្លូវ​​អំឡុង​ពេល​មាន​ភ្លៀង​ខ្លាំង និង​ការធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​កាក​សំណល់​ក្នុង​រាជ​ធានី​។ សេចក្ដី​ជូន​ដំណឹង​នេះ​គំរាម​ចាត់​វិធានការ​មិន​ជាក់​លាក់​ទៅ​លើ​ក្រុមហ៊ុន​ដែល​ធ្វើអាជីវកម្ម​​ដោយ​គ្មាន​ការ​អនុញ្ញាត​ ឬ​ក្រុម​ហ៊ុន​ដែល​មាន​លិខិត​ស្នាមផុត​សុពល​ភាព​។

សេចក្ដីជូន​ដំណឹង​ដដែល​នេះ​លើក​ឡើង​ថា “សាលា​រាជ​ធានីភ្នំពេញ​នឹង​ចាត់វិធាន​ការ​តឹង​រ៉ឹង​ទៅ​លើ​ក្រុម​ហ៊ុន​ទាំងអស់ដែល​មិន​គោរព​តាម​សេចក្ដី​ណែនាំ​ខាង​លើ​ ហើយ​សង្ឃឹម​ថា ប្រជា​ព​រដ្ឋ​នឹង​ចូល​រួម​សហការ​ក្នុង​ការ​ស្ដារ​ និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​”។

លោក​ ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា តើ​មាន​ប្រជា​ពល​រដ្ឋប៉ុន្មាន​នាក់​ប្រកបអាជីវកម្ម​​បែប​នេះ​ដោយ​មាន​ឬ​ដោយ​មិនមាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​​នោះទេ ហើយ​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ គេ​មិន​អាច​ទាក់​ទង​មន្ត្រី​នៅ​ក្រសួង​ទាំង​នោះ​បាន​ទេ ឬបាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។

ទោះជាយ៉ាងណា លោក អុី សារុំ នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​ព្រមាន​ពី​ហានិភ័យ​ពាក់ព័ន្ធ​ការ​ចាក់​ដី​លុប​បឹង​ក្នុង​រាជ​ធានី​នោះ បាន​មាន​ប្រសាសន៍​ថា វាមិន​មែន​ជារឿង​ស្មោះ​ត្រង់​ទេ​​ក្នុង​ការ​ដែល​សាលា​រាជ​ធានី​ចេញ​សេចក្ដី​ព្រមាន​​ស្រប​ពេល​​ដែល​ខ្លួន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​មាន​ខ្នង​ក្រាស់​ចាក់​ដី​លុប​បឹង​ក្នុង​រាជ​ធានីភ្នំពេញ។ លោក​ឃើញ​មាន​ការ​ប្ដេជ្ញា​តិច​តួច​ក្នុង​ការ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សង្ឃឹម​ថា វានឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា វានឹងមាន​ប្រសិទ្ធភាពទេ។ វា​ជា​មន្ត្រីជាន់ខ្ពស់​…​វា​មិន​មែន​ជា​អ្នក​ក្រទេ ប្រជាពល​រដ្ឋ​សាមញ្ញ​ណា​​ធ្វើ​នោះ​…។ ពួកគេ​ [មន្ត្រី​រដ្ឋាភិបាល​] និយាយ​រឿង​មួយ​ ប៉ុន្តែ​ពួកគេ​ភ្លេច​អ្វីដែលពួកគេ​កំពុង​ធ្វើ​រួចហើយ​”។

លោក​បាន​បន្ថែមថា ប្រសិន​បើ​សាលា​រាជ​ធានី​មិន​ចាត់​វិធាន​ឲ្យ​បាន​ធ្ងន់​ធ្ងរ​ទេ​ “ឆាប់ៗ​នេះ​មិន​ដឹង​ថា ទឹក​ភ្លៀង​​ហូរ​ទៅ​ណា​ទេ​ វា​នឹង​ជន់​លិច​ទីក្រុង​”។

សាលា​រាជ​ធានី​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចាក់​ដី​លុប​បឹង​មួយ​ចំនួន​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ បើទោះណា​ជា​មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​ ហើយ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះបាន​ណែនាំ​កុំ​ឲ្យ​ធ្វើ​ក៏ដោយ​៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស