កាលពីថ្ងៃសុក្រ សាលារាជធានីបានគំរាមចាប់ដាក់ពន្ធនាគារដល់ទៅ១៥ឆ្នាំ ចំពោះនិស្សិតដែលមានផែនការតវ៉ានៅមុខស្ថានទូតវៀតណាម ជំុវិញការអត្ថាធិប្បាយធ្វើឡើងកាលពីខែមិថុនា ដោយមន្ត្រីស្ថានទូតម្នាក់ដែលលើកឡើងថា ទឹកដីកម្ពុជាក្រោមជារបស់ប្រទេសវៀតណាមយូរមកហើយ មុនវាក្លាយជាផ្នែកមួយនៃប្រទេសនេះជាផ្លូវការនៅឆ្នាំ១៩៤៩។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា មានផែនការដើរក្បួនទៅស្ថានទូតវៀតណាមនៅថ្ងៃទី២១ខែកក្កដា ហើយប្រគល់ញត្តិ អំពាវនាវឲ្យវៀតណាមទទួលស្គាល់ថា តាមប្រវត្តិសាស្ត្រទឹកដីនេះជារបស់ប្រទេសកម្ពុជា និងអំពាវនាវឲ្យដកសេចក្តីថ្លែងការណ៍របស់លោក ត្រាន វ៉ាន់ថុង មន្ត្រីទី១ស្ថានទូតវៀតណាម។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ខ្ញុំបានចេញសេចក្តីប្រកាសមួយរួចហើយហាមឃាត់ពួកគេមិនឲ្យដើរក្បួនទេនៅថ្ងៃទី២១”។ លោកបានមានប្រសាសន៍ថា “ពេលយើងហាមឃាត់ពួកគេមិនឲ្យធ្វើ ហើយនៅតែធ្វើឲ្យប៉ះពាល់ដល់សាធារណៈ ដូច្នេះយើងនឹងប្តឹងទៅតុលាការ វាត្រូវតែមានទោស។ ប្រសិនបើវាកើតឡើងនៅកន្លែងសាធារណៈ ដូចជា ទីលានប្រជាធិបតេយ្យ ហើយមានអំពើហិង្សា ពួកគេត្រូវទទួលទោសជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ”។
លោក ម៉ៅ ពិសេស ប្រធានក្រុមនិស្សិត បានប៉ាន់ប្រមាណថា អ្នកគាំទ្រ១.០០០នាក់នឹងចូលរួមជាមួយលោកក្នុងការដាក់ញត្តិទៅស្ថានទូតវៀតណាម បារាំង អាមេរិក អឺរ៉ុប រុស្ស៊ី និងចិន។ លោកបានមានប្រសាសន៍ថា “ក្នុងកិច្ចប្រជុំមួយ សាលារាជធានីបានព្រមានយើងថា ប្រសិនបើយើងដើរក្បួន យើងនឹងត្រូវចាប់ខ្លួន”។
លោកបានបន្ថែមថា “យើងនឹងហែក្បួន ពីព្រោះយើងមិនចង់ឲ្យទឹកដីកម្ពុជាក្រោមរបស់យើងត្រូវបាត់បង់ពីប្រវត្តិសាស្ត្រដ៏យូរនេះទេ ដូច្នេះយើងត្រូវការឲ្យប្រជាជនកម្ពុជាឲ្យយល់ដឹង”។ “ប្រសិនបើយើងមិនធ្វើឲ្យវៀតណាមនិយាយថា កម្ពុជាក្រោមជាទឹកដីកម្ពុជាទេនោះ នៅពេលអនាគត ប្រវត្តិសាស្ត្ររបស់យើងនឹងលែងពិតហើយ។ យើងត្រូវការស្ថានទូតផ្សេងទៀតជួយដោះស្រាយបញ្ហានេះ”។
កម្ពុជាក្រោមគឺជាអាណានិគមក្រោមការគ្រប់គ្រងរបស់បារាំងរវាងឆ្នាំ១៨៦២ដល់ឆ្នាំ១៩៤៩ ដោយពេលនោះវាត្រូវបានប្រគល់ជាផ្លូវការទៅប្រទេសវៀតណាម។
កាលពីថ្ងៃទី៨ ខែកក្កដា ការតវ៉ាលើកដំបូងប្រឆាំងការថ្លែងរបស់អ្នកការទូតវៀតណាមរូបនេះ ត្រូវបានសន្តិសុខខណ្ឌចំការមនដែលពាក់មួកសុវត្ថិភាព បំបែកយ៉ាងហិង្សា។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃសុក្រ អង្គការសិទ្ធិជនជាតិដើមភាគតិចបានអំពាវនាវឲ្យមានភាពអហិង្សា ប្រសិនបើការតវ៉ាធ្វើឡើង។
អង្គការនេះបានលើកឡើងថា “អាជ្ញាធររដ្ឋគួរធានានីតិរដ្ឋ និងធានាសិទ្ធិចំពោះសេរីភាពនៃការជួបជុំ និងការបញ្ចេញមតិ។ អ្នកតវ៉ាត្រូវប្រកាន់ខ្ជាប់គោលការណ៍អហិង្សាក្នុងការបន្តគោលដៅរបស់ខ្លួន”៕ មានិត (រាយការណ៍បន្ថែមដោយ Lauren Crothers)