លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកនឹងបដិសេធការបើកការិយាល័យពាណិជ្ជកម្មតៃវ៉ាន់នៅប្រទេសកម្ពុជា ដោយសារការគោរពតាមនយោបាយចិនតែមួយរបស់រដ្ឋាភិបាល បើទោះជាមេដឹកនាំជំនួញជាច្រើននាក់អំពាវនាវឲ្យមានជំហានអនុវត្តន៍ថែមទៀត ដើម្បីជំរុញការវិនិយោគពីកោះតៃវ៉ាន់ក៏ដោយ។
បណ្តាញព័ត៌មានតៃវ៉ាន់បានរាយការណ៍នៅសប្តាហ៍នេះថា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មតៃវ៉ាន់ (TAITRA) នឹងបើកការិយាល័យពាណិជ្ជកម្មមួយក្នុងរាជធានីភ្នំពេញនៅខែក្រោយ ជាជំហានមួយដែលក្រុមតំណាងពាណិជ្ជកម្មក្នុងស្រុកបាននិយាយថា នឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ លោក ហ៊ុន សែន បានបញ្ជាក្រសួងការបរទេសឲ្យកាសែត រស្មីកម្ពុជា ធ្វើការកែតម្រូវអត្ថបទទំព័រមុខមួយដែលដកស្រង់ពីគេហទំព័រព័ត៌មាន តៃវ៉ាន់ តៃប៉ិ ថាមស៍ ដែលបានរាយការណ៍ថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមនឹងផែនការនេះហើយ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “អត្ថបទនេះមានលក្ខណៈរសើបណាស់ចំពោះនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ដែលអនុវត្តនយោបាយចិនតែមួយយូរមកហើយ”។
លោកនាយករដ្ឋមន្ត្រី ដែលបានបិទការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌ក្រុងតៃប៉ិ កាលពីឆ្នាំ១៩៩៧ ព្រោះអ្វីដែលលោកបានអះអាង គឺការផ្តល់មូលនិធិតៃវ៉ាន់ដល់គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការប្រយុទ្ធគ្នានៅឆ្នាំនោះ បានលើកឡើងជាថ្មីនូវនយោបាយរដ្ឋាភិបាលហាមប្រាមមិនឲ្យមានតំណាងតៃវ៉ាន់ជាផ្លូវការនៅកម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ទី១ វាជានយោបាយផ្លូវការរបស់យើង មិនអនុញ្ញាតឲ្យតៃវ៉ាន់មានការិយាល័យនៅប្រទេសកម្ពុជាទេ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ ទី២ យើងមិនអនុញ្ញាតឲ្យមានពិធីជាតិ [តៃវ៉ាន់] ណាមួយ ឬការបង្ហូតទង់ជាតិតៃវ៉ាន់លើទឹកដីរបស់ប្រទេសកម្ពុជាទេ ទោះជានៅតាមសណ្ឋាគារ ឬកន្លែងផ្សេងទៀតក៏ដោយ”។ លោកបានបន្ថែមថា “ជាពិសេសយើងមិនអនុញ្ញាតឲ្យទេ ពីព្រោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះ”។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា (CCC) បានបដិសេធមិនអធិប្បាយលើបញ្ហានយោបាយទេ ប៉ុន្តែ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាចជាមធ្យោបាយពាណិជ្ជកម្មដ៏មានតម្លៃ។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនតៃវ៉ាន់ជាច្រើនទៅវិនិយោគនៅប្រទេសវៀតណាម ហើយនាំទៅជាមួយនូវប្រាក់ដ៏ច្រើន ប៉ុន្តែ ប្រទេសកម្ពុជាមិនបានទទួល[ការវិនិយោគ] ច្រើនពីតៃវ៉ាន់ទេ ហេតុដូច្នេះហើយ ខ្ញុំបានស្នើទៅរដ្ឋាភិបាលសុំឲ្យមានមជ្ឈមណ្ឌលពាណិជ្ជកម្មមួយជាមួយតៃវ៉ាន់”។
លោក ម៉េងតិច បានឲ្យដឹងទៀតថា ក្រុមប្រឹក្សាពាណិជ្ជកម្មតៃវ៉ាន់បានប្រាប់លោកថា ពួកគេបានទាក់ទាញការវិនិយោគមានទឹកប្រាក់៣២ពាន់លានដុល្លារនៅវៀតណាម ហើយលោកបានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាអាចទទួលបាន១០ពាន់លានដុល្លារ ឬច្រើនជាងនេះពីតៃវ៉ាន់ “ប្រសិនបើយើងមានការគ្រប់គ្រងនិងបទប្បញ្ញត្តិល្អ”។
លោក ឡារី កៅ (Larry Kao) អនុប្រធានសមាគមពាណិជ្ជកម្មតៃវ៉ាន់នៅកម្ពុជា (TCAC)បានប៉ាន់ប្រមាណថា មានក្រុមហ៊ុនរបស់តៃវ៉ាន់៥.០០០ ឬ៦.០០០ក្រុមហ៊ុនបើករកស៊ីនៅកម្ពុជាសព្វថ្ងៃនេះ ដោយលោកបានបន្ថែមថា ការិយាល័យពាណិជ្ជកម្មមួយនឹងទាក់ទាញបានការវិនិយោគថែមទៀត។
លោកបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ការិយាល័យនេះអាចត្រូវបង្កើតឡើង ដោយគ្មានបញ្ហាណាមួយទេ ប៉ុន្តែ គេត្រូវធ្វើដោយប្រុងប្រយ័ត្ន ពីព្រោះស្ថានទូតចិនអាចមានការជំទាស់ ពីព្រោះអ្វីក៏ដោយពាក់ព័ន្ធនឹងតៃវ៉ាន់ គេអាចជំទាស់”។
លោក កៅ បានឲ្យដឹងទៀតថា ការប្រកាន់ខ្ជាប់ដ៏តឹងរឹុងរបស់កម្ពុជាចំពោះនយោបាយចិនតែមួយមិនមានផលប៉ះពាល់អវិជ្ជមានលើការវិនិយោគមកពីតៃវ៉ាន់ទេ។
លោកបានមានប្រសាសន៍ថា “ពួកគេគ្រាន់តែសម្រេចចិត្តធ្វើការវិនិយោគប៉ុណ្ណោះដោយសារបរិយាកាសជំនួញ។ ស្ថានការនយោបាយជាកង្វល់មួយ ប៉ុន្តែ ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងប្រទេសកម្ពុជា[នៅតែដដែល] ជាយូរណាស់មកហើយ ហើយពួកគេមិនគិតថា វានឹងផ្លាស់ប្តូរនៅពេលណាមួយឆាប់ៗនោះទេ”។
លោក ឆេង ហុងប៉ អ្នកនាំពាក្យស្ថានទូតចិនបានមានប្រសាសន៍ថា លោក “គ្មានសិទ្ធិធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ”។ លោកបានមានប្រសាសន៍ទៀតថា “ប៉ុន្តែ ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាបានថ្លែងយ៉ាងច្បាស់ហើយនូវជំហររបស់ខ្លួនអំពីបញ្ហានេះ”៕ មានិត