30 C
Phnom Penh

លោក សម រង្សុី វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត និង​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៨​ខែ​កក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​វិល​ត្រឡប់​ពី​ប្រទេស​បារាំង​ចូល​មក​ប្រទេស​វិញ​កាលពី​ថ្ងៃសៅរ៍ ជាមួយ​សារ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​គ្នា​ ដោយ​ប្ដេជ្ញា​បន្ត​ការ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​នេះ​ បន្ទាប់ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំបីរូប​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​កាលពី​សប្ដាហ៍មុន តាម​ការ​ចោទ​​ប្រកាន់​ពីបទ​ ” ដឹកនាំ​ចលនា​កុបកម្ម”។cam-photo-politics

មេធាវី​របស់​លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ម្នាក់​ក្នុង​ចំណោម​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​ប្រាំបីរូប​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ ក៏​បានមាន​ប្រសាសន៍កាលពី​ម្សិល​មិញ​ដែរថា លោកស្រីនឹង​ធ្វើ​សំណើ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​អង្គារ ឲ្យ​សម្រេច​ថា តើ​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ឬអត់​។

លោក សម រង្ស៊ី ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​កាលពីថ្ងៃ​ទី១៤ ខែ​មិថុនា ត្រូវ​បាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ទទួល​ស្វាគមន៍​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ មុន​ពេល​ដឹក​នាំ​ក្បួន​រថយន្ត​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ប្រមូល​ផ្ដុំគ្នា​នៅ​តាម​ផ្លូវ​ ទៅ​កាន់​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

នៅ​ពេល​បិទ​ផ្លូវ​នៅ​ខាង​មុខ​បរិវេណ​អគារ​នេះ ដែល​ធ្វើ​ជា​ការិយាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នោះ លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​គាំទ្រ​មិន​ឲ្យ​ត​ប​ត​ដោយ​ហិង្សា​ចំពោះ​អំពើ​ហិង្សា​របស់​រដ្ឋាភិបាល​ ដូច​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​តវ៉ា​កាលពី​ថ្ងៃ​អង្គារ ដែលនៅ​ក្នុង​នោះ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​តប​ត​វិញ​ដោយ​ហិង្សា​ទៅ​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ” ប្រជា​ពល​រដ្ឋខ្មែរ​របស់​យើង​ត្រូវ​តែ​រួប​រួម​ និង​ផ្សះ​ផ្សាគ្នា​ និង​បង្រួប​បង្រួម​និន្នាការ​នយោបាយ​ទាំង​អស់​ដើម្បី​ផ្សះ​ផ្សា​ជាតិ ដែល​នឹង​នាំ​ឲ្យមាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​ និង​មាន​ស្ថិរភាព​ សេរីភាព និង​យុត្តិធម៌”។

កាល​ពីថ្ងៃ​អង្គារ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​តវ៉ា​ចំពោះ​ការ​បិទ​ទីលាន​ប្រជា​ធិបតេយ្យ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យក​ធ្វើ​ជាកន្លែង​តវ៉ា​រាប់​ខែ​ ដើម្បី​ទាម​ទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​នោះ បាន​តប​ត​វិញ​នៅ​ពេល​ដែល​មាន​ការ​ព្យាយាម​បំបែក​ពួកគេ​។

បន្ទាប់​ពី​បាន​ទទួលរង​ការ​វាយ​ដំ​ជាច្រើន​ខែ​ពី​កង​កម្លាំង​សន្តិសុខ​ខណ្ឌ ដែល​ល្បី​ខាង​ប្រើ​ហិង្សា​ ដែល​បាន​វាយ​អ្នក​តវ៉ា​ជាច្រើន​ដង​ដើម្បី​អនុវត្ត​បម្រាមមិន​ឲ្យ​ជួប​ជុំ​​គ្នា​ជា​សាធារណៈ​នោះ ក្រុម​អ្នក​តវ៉ា​បាន​តបត​ដោយ​ហិង្សា​វិញ​ជា​លើក​ដំបូង ដែល​បង្ក​ឲ្យ​មាន​ការ​វាយ​តប់​គ្នា​នៅ​តាម​ដង​ផ្លូវ​។

សន្តិសុខ​ជា​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ និង​មាន​ប្រាំមួយ​នាក់​រង​របួស​ធ្ងន់​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំបី​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពីបទ​ដឹក​នាំ​កុបកម្ម​ និង​ញុះញង់​​​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​រង់ចាំ​​បើក​សវនាការ​ជំនំ​ុជម្រះ​។

លោក សម រង្ស៊ី ដែល​បាន​ដឹកនាំ​អ្នកគាំទ្រលោក​ពី​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទៅ​កាន់​ការិយាល័យ​គណបក្ស​របស់​លោក​នៅ​ក្នុង​ខណ្ឌមានជ័យ​កាលពី​ថ្ងៃ​សៅរ៍ បាន​ស្នើ​ឲ្យ​លោក​ ហ៊ុន សែន ជួប​ជាមួយ​លោក​ដោយ​ផ្ទាល់​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​មុន​ខួប​នៃ​ការ​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​២០១៣​ នៅ​សប្ដាហ៍​ក្រោយ​។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​ចាប់​ពីថ្ងៃ​ច័ន្ទ​ទៅ​រវាង​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​។ គណបក្ស​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​រក​ដំណោះ​ស្រាយ​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”។

គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​ពី​គណបក្ស​ប្រឆាំងពីរ​តូចៗ​មួយ​ឆ្នាំ​មុន​ការ​បោះ​ឆ្នោត​នោះ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ចំពោះ​ការ​ទទួល​បាន​អាសនៈ​៥៥​ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​ទាំង​១២៣។

ចាប់​តាំង​ពីពេល​នោះ​មក គណបក្ស​នេះ​បាន​ធ្វើ​ពហិការ​មិន​ទទួល​យកអាសនៈ​ទាំងនោះ​ទេ ដោយ​លើក​ឡើង​ថា មាន​ការ​លួច​បន្លំ​ប្លន់​យក​ជ័យជម្នះ​របស់​ខ្លួន​នៅពេល​បោះ​ឆ្នោត​នោះ។

អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​បរទេស​នានា​ រួម​ទាំង​សហរដ្ឋអាមេរិក​ផង ​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ការ​បោះ​ឆ្នោត​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ប៉ុន្តែ​គណបក្ស​ប្រជា​ជន​កម្ពុជាមិន​ព្រម​។

លោក ជាម យៀប អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា គណបក្ស​របស់​លោក​ស្វាគមន៍​ការ​ចរចា​បន្ត​ទៀត​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ធ្វើ​សំណើ​ជាផ្លូវ​ការ​ រួម​ទាំង​ដាក់​ជា​របៀប​វារៈ​ផង​ដែរ​។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ” ភាគីទី២​ត្រូវ​ធ្វើ​សំណើ​មក​​គណបក្ស​ប្រជា​ជន​កម្ពុជា ប្រសិន​បើ​ពួកគេ​ចង់​បង្រួប​បង្រួម​ជាតិ​ឲ្យ​បានទាន់​ពេល និង​ដឹកនាំ​ប្រទេស​រួម​គ្នា។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សំណើ​ យើង​រង់ចាំ​នៅ​ទីនេះដើម្បី​ចរចា​”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្សសង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ការ​ទាក់​ទង​គ្នា​ក្រៅ​ផ្លូវ​ការ​រវាង​សមាជិក​គណបក្ស​ទាំង​ពីរ​បាន​បន្ត​ឡើង​វិញ​កាល​ពី​ម្សិលមិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​ទាំង​ពីរ​កំពុង​ធ្វើការ​ដើម្បី​រៀបចំ​ការ​ចរចា​ជាថ្មី​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “ក្រុម​ការ​ងារ​បច្ចេកទេស​នៃ​គណបក្ស​ទាំង​ពីរ​បាន​ទាក់​ទង​គ្នា​រួច​ហើយ​កាលពី​ម្សិលមិញ ហើយ​យើង​កំពុង​រង់ចាំ​លទ្ធផល​នៃ​ជំនួប​ក្រៅ​​ផ្លូវ​ការ​របស់​តំណាង​គណបក្ស​ទាំង​ពីរ​។ យើង​នឹង​ជូន​ដំណឹង​ដល់​សាធារណជន​នៅ​ពេល​ណា​មាន​លទ្ធផល​”។

កាលពី​ម្សិលមិញ គេ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក គួយ ប៊ុនរឿន តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ដឹកនាំ​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​ចរចា​​ផ្នែក​បច្ចេកទេស​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា ​និង​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​បាន​ដឹកនាំ​មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​ទេ។

លោក សម រង្ស៊ី បាន​ទាមទារ​ឲ្យ​គណបក្ស​ប្រជា​​ជន​កម្ពុជា ដោះ​លែង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ប្រាំបីរូប​ គឺ​លោកស្រី មូរ សុខហួរ លោក កែវ ភិរម្យ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្ទ្រ លោក ឡុង រី និង​លោក នុត រំដួល ព្រម​ទាំង​លោក អឿ ណារិទ្ធ ជំនួយ​ការ​​របស់​លោកស្រី មូរ សុខហួរ ភ្លាមៗ​ផង​ដែរ​។

លោកស្រី ម៉េង សុភារី មេធាវី​របស់​លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា លោកស្រី​កំពុង​រៀប​ចំ​ឯកសារ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​បក​ស្រាយ​អំពី​ភាព​ស្រប​ច្បាប់​នៃការ​ឃុំខ្លួន​លោកស្រី មូរ សុខហួរ។

មាត្រា៧៦​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា “រដ្ឋសភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច១២០​រូប”។ រដ្ឋា​ភិបាល​របស​់​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​លើក​ឡើង​កាលពី​ឆ្នាំ​មុន​ថា ខ្លួន​ស្រប​ច្បាប់​ ពីព្រោះ​រដ្ឋសភា​មាន​សមាជិក​១២៣​រូប​ ទោះបី​ជា​សមាជិក​គណបក្ស​ប្រឆាំង​ទាំង​៥៥​រូប​មិន​ព្រម​ទទួល​យក​អាសនៈ​របស់​ខ្លួន​ក៏ដោយ។

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា បើ​តាម​ការ​លើក​ឡើង​នេះ​ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​ខ្លួន​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ បើ​មិនដូច្នេះ​ទេ​​​សមាជិក​រដ្ឋសភា ឬ​រដ្ឋ​សភា​បច្ចុប្បន្ន​ និង​រដ្ឋាភិបាល​ក៏​​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញដែរ​។

លោកស្រី សុភារី បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​នៅ​ថ្ងៃ​ច័ន្ទ ឬថ្ងៃអង្គារ ដើម្បី​ឲ្យ​បក​ស្រាយ​ថា តើ​លោកស្រី មូរ សុខហួរ និង​តំណាង​រាស្ត្រ​ផ្សេងទៀត​មាន​អភ័យ​ឯកសិទ្ធិ​ឬអត់​។

លោកស្រី​ក៏បានមាន​ប្រសាសន៍​ដែរ​ថា លោកស្រី មូរ សុខហួរ ដែល​មាន​សញ្ជាតិ​អាមេរិក​ក៏​មិន​ទាន់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​គ្រួសារ​ ឬមិត្ត​ភក្តិ​ចូលសួរ​សុខទុក្ខ​ដែរ​។

លោកស្រី សុភារី ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ” ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យគ្រួសារ សាច់ញាតិ​ និង​មិត្ត​ភក្តិ​លោកស្រី​ចូល​សួរ​សុខទុក្ខ​ទេ ហើយ​ពួកគេ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា នេះ​ជា​បទ​បញ្ជា​ពីថ្នាក់​លើ​”។

លោក ចន ស៊ីម៉ុន អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​ស្ថាន​ទូត​កំពុង​ព្យាយាម​សុំ​ការ​អនុញ្ញាត​ទៅ​ជួប​លោកស្រី​ មូរ សុខហួរ ដែល​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​អង្គារ។ រដ្ឋាភិបាល​ត្រូវ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ អនុញ្ញាត​ឲ្យ​បុគ្គលិក​កុង​ស៊ុល​បរទេស​ទៅ​ជួប​ប្រជា​​ពល​រដ្ឋជាប់​ឃុំ​។

លោក ស៊ីម៉ុន បាន​មាន​ប្រសាសន៍​ថា ” ស្ថានទូត​អាមេរិក​ចង់​​ចូល​ទៅ​ផ្តល់​ជំនួយ​កុង​ស៊ុល​ ហើយ​យើង​កំពុង​ស្វះ​ស្វែង​សុំ​ចូល​ទៅ​ផ្តល់​ជំនួយ​កុងស៊ុល​”។

នៅ​ឯសន្និសីទ​កាសែត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពីថ្ងៃសុក្រ លោកស្រី ចេន សាគី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​អត់​ធ្មត់​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បន្ធូរ​ស្ថាន​ការណ៍នេះ​ និង​ជៀស​វាង​អំពើ​ហិង្សា​បន្ថែម​ទៀត​។

លោកស្រី សាគី បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា ” យើង​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​​​​​​​​​​​​​នៃ​ការ​ធានាឲ្យ​មាន​ដំណើរ​ការ​ត្រឹម​ត្រូវ និង​អំពាវ​នាវ​ឲ្យ​ដោះលែង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ ជាថ្មី​ម្ដង​ទៀត​ យើង​ក៏ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​បម្រាម​លើការ​ធ្វើ​បាតុកម្ម​ និង​អនុញ្ញាត​ឲ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃការ​ជួប​ជុំ​ដោយ​អហិង្សា​ផង​ដែរ​”៕ គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ AlexWillemyns)​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស