34 C
Phnom Penh

តុលាការ​កោះ​ហៅ​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​បីរូប​ឲ្យមក​បង្ហាញខ្លួន​​ជុំវិញហេតុការ​ណ៍​រយៈពេល​បីឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​បាន​ន​ិយាយកាលពីម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​កណ្តាល​បាន​កោះ​ហៅ​សមា​ជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិម្នាក់​ មេធាវី​ម្នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់​ជុំ​វិញ​ហេតុការ​ណ៍កាល​ពីឆ្នាំ​២០១១​ទាក់​ទង​នឹង​វិវាទ​ដីធ្លី​មួយ​ និង​ការ​​ចោទ​ប្រកាន់​ថា មាន​កា​រ​ដោះ​​លែង​​អ្នក​​ទោស​ម្នាក់​ដោយ​ខុស​ច្បាប់។

លោក ចាន់ ចេង ដែលបាន​​ជាប់ឆ្នោត​ជា​សមាជិក​សភាគណបក្ស​សង្គ្រោះជាត​ិ​មណ្ឌល​កណ្តាល​​កាលពី​ឆ្នាំមុន លោក មាស​ ប៉េង​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​កេៀនស្វាយ និង​លោក​មេធាវី ជូង ជូងី ត្រូវ​បាន​កោះហៅ​ឲ្យ​មក​បង្ហាញខ្លួន​នៅ​សវនា​ថ្ងៃទី​២២ខែកក្កដាជុំវិញ​ហេត​ុការ​ណ៍​រយៈ​ពេល​បីឆ្នាំនេះ។

កាលពី​ខែ​ឧសភា​ឆ្នាំ​២០១១ លោក មាស ប៉េង​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មាន​​ការ​តវ៉ា​ដោយ​ហិង្សា​ពាក់ព័ន្ធវិវាទដីធ្លី​រវាង​ក្រុម​អ្នក​ភូមិ​និង​ម្ចាស់​ដី​ម្នាក់។កាលពី​ខែ​កញ្ញា ឆ្នាំនោះ លោក ជូង ជូងី ដោយ​មាន​ជំនួយ​ពីលោក ចាន់ ចេង​ បាន​ជួយ​កូនក្តី​របស់​លោក​ឲ្យ​បានចេញពី​ពន្ធនាគារ​។ បន្ទាប់មក​ តុលាការ​​បានចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​នេះ​កាល​ពី​ខែ​ធ្នូឆ្នាំនោះ​ថា បាន​ផ្តល់​មធ្យោបាយ​ឲ្យ​អ្នក​ទោស​រត់​គេច​ខ្លួន ហើយ​បាន​ជួយ​ជន​សង្ស័យ​ម្នាក់​ឲ្យ​រត​់​គេច​ពី​កន្លែង​ឃុំខ្លួន។

លោក សំ រិទ្ធីវាសនា ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍ថា តុលា​ការ​មាន​គម្រោង​បើក​សវនាការ​ប្រហែល​ពីរ​ឆ្នាំ​កន្លះ​ហើយ ​បន្ទាប់ពី​ការ​ចោទ​ប្រកាន់ ប៉ុន្តែ​ខ្លួន​ទើប​​​តែ​បាន​បញ្ចប់​ការ​​ស៊ើប​អង្កេត​តែប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍ថា “​យើង​​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ ហើយ​ចៅក្រម​ស៊ើប​សួរ​​បាន​សម្រេច​បញ្ជូន​សំណុំរឿងនេះ​មកបើក​សវនាការ​ក្នុង​ពេល​នេះ”។

ប៉ុន្តែអ្នក​ដែល​ត្រូវ​បាន​កោះហៅ​នោះ​បាន​មាន​ប្រសាសន៍ថា សវនាការ​នេះ​គ្រាន់តែជា​លេស​ដើម្បី​បំភិត​​បំភ័យ​បន្ថែមទៀតដល់​គណបក្ស​ប្រឆាំង​ដែល​មាន​​សមាជិក​សភា៧រូប​ជាប់​ពន្ធនាគារ​ជុំ​វិញ​ការ​តវ៉ា​ដោយ​ហិង្សា​កាលពី​ថ្ងៃអង្គារតែ​ប៉ុណ្ណោះ​។

លោក អេង ឆៃអ៊ាង សមាជិក​សភា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាត​ិ​​បាន​មាន​ប្រសាសន៍​អំពី​រឿង​ក្តី​នៅក្នុង​ខេត​្ត​កណ្តាល​នេះថា ” វាជា​បញ្ហានយោបាយ​ទាក់​ទង​នឹង​​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​ចាប់​ខ្លួន​​និង​ការ​ឃុំ​ឃ្លួន​សមាជិក​គណបក្ស​ប្រឆាំង”។

លោក មាស ប៉េង បាន​និយាយ​ការ​ពារ​ការ​រត់​គេច​ខ្លួន​របស់​លោក​ ដោយ​បញ្ជាក់​ថា តុលា​ការ​​មិន​បាន​ចេញដីកា​ឃុំខ្លួន​លោក​ទេ ហើយ​សន្តិសុខ​បាន​អនុញ្ញាត​ឲ្យ​លោក​ចេញ​​ពីពន្ធនាគារ​ជាមួយ​មេធាវី​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​បាន​រត់​គេច​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដើរ​ចេញ​ពី​បន្ទប់​ពន្ធនា​គារ​ដោយ​គ្មាន​ការ​រារាំង​ឡើយ”។

លោក មាស ប៉េង បាន​មាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ថា តើ​លោក​ត្រូវ​​បាន​កោះ​ហៅ​ក្នុង​នាម​ជា​សាក្សី​ ឬជន​សង្ស័យ​ឡើយ​ ប៉ុន្តែ​លោក​មាន​គម្រោង​ចូល​រួម​សវនាការ​ដើម្បី​​បញ្ជាក់​ពី​ការ​មិន​ជាប់​ពាក់ព័ន្ធ​របស់លោក។

លោក កែត ឃី មេ​ធាវី​របស់​លោក ចាន់ ចេង បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចូល​រួម​តាង​​នាម​កូន​ក្ដី​របស់​លោក​។ លោក ជូង ជីងី បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ស្នើសុំពន្យារ​ពេល ពីព្រោះ​លោក​មាន​កាតព្វកិច្ច​នៅ​មុន​ពេល​នោះ​បន្តិច៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស