31 C
Phnom Penh

ទាហាន​រក្សាសន្តិភាព​ខ្មែរ​ពីររូបទៀត​រង​របួស​ដោយ​សារ​ជិះ​រថយន្ត​កិនគ្រាប់មីននៅប្រទេស​ម៉ាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​យោធា​បាននិយាយកាលពីម្សិលមិញថា ទាហាន​រក្សា​សន្តិភាព​ជន​ជាតិ​ខ្មែរ​ពីរនាក់​​របស់អង្គការ​សហ​ប្រជា​ជាតិបាន​រង​របួស​ក្នុង​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃ​សុក្រ​ នៅពេល​រថយន្ត​ដែល​ពួកគេ​កំពុង​ជិះ​បាន​កិន​គ្រាប់​មីន​។ កាលពី​ខែ​មុន ទាហាន​រក្សា​សន្តិភាព​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ក្នុង​ប្រទេស​មា៉លី​បាន​ស្លាប់ដោយ​សង្ស័យ​ថា​ពុល​អាហារ​។

តាមព័ត៌មាន​ថា​ឧបទ្ទវហេតុកាលពី​ថ្ងៃ​សុក្រ​នេះ បាន​កើត​ឡើង​នៅម៉ោង​ប្រហែល​៨​ព្រឹក ហើយ​បាន​​ធ្វើ​ឲ្យ​ទាហាន​កង​យោធពលខេមរភូមិន្ទ​ម្នាក់​រង​របួស​ធ្ងន់​ត្រង់​ជើង និង​ម្នាក់​ទៀត​រង​របួស​ស្រាល។

លោកឧត្តមសេនីយ៍ទោ ឃ្លោក សារី អនុ​ប្រធាន​មជ្ឈមណ្ឌលជាតិ​ទទួល​បន្ទុក​កង​កម្លាំង​រក្សា​សន្តិភាព​បាន​មាន​ប្រសាសន៍​ថា “ទាហាន​រក្សា​សន្តិភាព​របស់​យើង​ពីរ​រូប​កំពុង​ធ្វើ​ដំណើរ​​បំពេញ​បេសកកម្ម​តាម​រថយន្ត​​នៅ​ក្នុង​ប្រទេស​ម៉ាលី ស្រាប់តែ​រថយន្ត​របស់ពួកគេ​បាន​កិន​មីន​ប្រឆាំង​រថក្រោះ ហើយគ្រាប់មីននោះបាន​ផ្ទុះ បណ្ដាល​ឲ្យ​ទាហាន​​រក្សា​សន្តិ​ភាព​ម្នាក់​រង​របួស​ធ្ងន់ ចំណែក​ឯ​ម្នាក់​ទៀត​បាន​ខ្ទាត​ចេញ​ពីរថយន្ត​ ប៉ុន្តែ​​គ្រាន់​តែរង​របួស​ស្រាល​ប៉ុណ្ណោះ​”។

យោង​តាម​លោក​ឧត្តម​សេនីយ៍​ទោ សារី បាន​ឲ្យ​ដឹង​ថា លោក ស៊ឹម វឿន ដែល​រង​របួស​ធ្ងន់​នោះ បច្ចុប្បន្ន​នេះកំពុង​សម្រាក​ព្យាបាល​ក្នុង​​ប្រទេស​ម៉ាលី។

លោក​ឧត្តម​សេនីយ៍​ទោ សារី បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ខ្មែរ​នៅ​ប្រទេស​ម៉ាលី​បាន​ផ្ដល់​ដំណឹង​មក​លោក​ថា រថយន្ត​នោះ​ធ្វើ​ដំណើរ​ជា​ក្បួន​ជា​មួយ​រថយន្ត​ប្រាំបី​គ្រឿង​ទៀត​ដឹក​ទាហាន​រក្សា​សន្តិភាព​ជន​ជាតិ​សេណេហ្គាល់ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ដោយ​សារ​ការ​ផ្ទុះនោះ​ទេ។ របាយការណ៍ផ្លូវ​ការ​ នឹង​​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ចុង​សប្ដាហ៍​នេះ​។

លោក​ឧត្តម​សេនីយ៍ទោ សារី បាន​បន្ថែម​ថា “វា​ជា​សំណាង​អាក្រក់​របស់​ទាហាន​រក្សា​សន្តិ​ភាព​របស់​យើង​ ពីព្រោះវា​ជា​​រថយន្ត​ទី៧នៅក្នុង​ក្បួន​រថយន្ត​នោះ ហើយ​រថយន្ត​របស់​យើង​បានកិន​មីន​ប្រឆាំង​រថក្រោះ បន្ទាប់​ពី​រថយន្ត​ប្រាំមួយ​គ្រឿង​ទៀត​បាន​បើក​បរ​ទៅ​មុខ​ដោយ​សុវត្ថិភាព​”។

ប្រទេស​កម្ពុជា​បាន​ដាក់​កង​កម្លាំង​រក្សា​សន្តិភាព​នៅ​ប្រទេស​ឆាដ ស៊ូដង់ ស៊ូដង់ខាង​ត្បូង និង​ប្រទេស​លីបង់ ក្នុង​រយៈ​ពេ​ល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប៉ុន្តែ​ប្រទេស​ម៉ាលី​គឺ​ជា​កន្លែង​គ្រោះ​​ថ្នាក់​បំផុត​។

កាលពីខែ​មុន លោក មាឃ សេរី​វឌ្ឍនា អាយុ​២៦​ឆ្នាំ និង​លោក នី ណុល អាយុ​៣២​ឆ្នាំ​បាន​ស្លាប់​ដោយសង្ស័យ​ថា ពុល​អាហារ​ ប៉ុន្តែ​មិន​បាន​​ធ្វើ​កោសល្យវិច័យ​សាក​សព​របស់​ពួកគេ​ទេ​។

តាមព័ត៌មាន​ថា លោក សេរីវឌ្ឍនា និង​លោក ណុល គឺ​ជា​ទាហាន​ខ្មែរ​ដំបូង​ដែល​បាន​​ស្លាប់​នៅពេល​ចូល​រួម​ក្នុងបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​មាន​ទាហាន​ជាង​១.៦០០​នាក់​។

ទាហាន​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​អាហ្វ្រិក​ខាង​លិច​កាលពី​ខែ​កុម្ភៈ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​រក្សា​សន្តិភាព​ពហុជាត​ិ​របស់​អង្គការ​សហ​ប្រជាជាតិ (MINSUMA)​ក្នុង​ប្រទេស​ម៉ាលី។ បេសកកម្ម​នេះ​បានចាប់​ផ្ដើម​កាលពី​ឆ្នាំ​២០១៣​ ចំពេល​ដែល​មាន​ភាព​ចលាចល​បន្ទាប់ពី​មាន​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​មេសា ឆ្នាំ​២០១២​ ដោយពួកឧទ្ទាម​ជនជាតិ​ភាគ​តិចTuaregs នៅ​ភាគ​ខាង​ជើង​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស