កាលពីថ្ងៃសៅរ៍ នគរបាលខេត្តកំពង់ស្ពឺបានរកឃើញសាកសពបុរសម្នាក់ដែលត្រូវបានគេចងដៃនិងជើងហើយយកស្កុតបិទមាត់ក្នុងរណ្តៅដីមានទឹកមួយកន្លែង។គេជឿថា បុរសនេះត្រូវបានចាប់ជំរិតកាលពីសប្ដាហ៍មុនដើម្បីទារប្រាក់លោះ។
លោក ហេង ពិសិដ្ឋ អាយុ២៥ឆ្នាំជាកូនម្ចាស់ហាងនំប៉័ង ហេង ចេង ដែលមានច្រើនសាខា នៅខេត្តកណ្ដាល។
លោក សំ សាក់ នាយនគរបាលព្រហ្មទណ្ឌកម្រិងធ្ងន់ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា លោក ហេង ពិសិដ្ឋ បានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ គឺនៅថ្ងៃតែមួយដែលក្រុមគ្រួសារបានយកប្រាក់លោះទៅឲ្យក្រុមជនចាប់ជំរិតក្នុងរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ថា ” យោងតាមនគរបាលខេត្តកណ្ដាល វាជាករណីចាប់ជំរិត។ ជនសង្ស័យបានចាប់ជំរិតជនរងគ្រោះ ហើយទាមទារប្រាក់លោះចំនួន១០០.០០០ដុល្លារពីគ្រួសារជនរងគ្រោះ ហើយគ្រួសារជនរងគ្រោះបានយកប្រាក់លោះឲ្យពួកគេនៅយប់ថ្ងៃទី១៧ ខែកក្កដា”។
លោក សំ សាក់ បានបន្ថែមថា នគរបាលបានស្គាល់អត្តសញ្ញាណជនសង្ស័យទាំងនោះហើយ។ លោកបានមានប្រសាសន៍ថា ” នគរបាលខេត្តកណ្ដាលស្គាល់អត្តសញ្ញាណជនសង្ស័យទាំងនោះ៧០ភាគរយហើយ។ ខ្ញុំមិនអាចនិយាយឲ្យលើសពីនេះបានទេ ពីព្រោះនគរបាលខេត្តកណ្ដាលទទួលបន្ទុករឿងនេះ”។
លោក អុីវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ ពីព្រោះករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ក្រសួងមហាផ្ទៃ មិនអាចបញ្ជាក់ថា លោក ហេង ពិសិដ្ឋ ត្រូវបានចាប់ជំរិតនោះទេ ប៉ុន្តែលោកបានមានប្រសាសន៍ថា ការស្លាប់របស់ជនរងគ្រោះត្រូវបានចាត់ទុកថា ជាករណីមនុស្សឃាត។ លោកបានមានប្រសាសន៍ថា ” វាជាករណីមនុស្សឃាត ប៉ុន្តែយើងមិនទាន់ដឹងថា តើជនរងគ្រោះត្រូវគេសម្លាប់ដោយមូលហេតុអ្វីឡើយ”។
នៅខេត្តកំពង់ស្ពឺ លោក សួន យ៉ុន នាយប៉ុស្តិ៍ឃុំកក់ ស្រុកបសេដ្ឋ បានមានប្រសាសន៍ថា សាកសពហើមទៅហើយនេះ ត្រូវបានអ្នកឃ្វាលគោប្រទះឃើញកាលពីរសៀលថ្ងៃសៅរ៍ អណ្តែតផ្កាប់មុខក្នុងរណ្ដៅដីមានទឹកមួយ។ លោកបានបន្ថែមថា អ្នកភូមិដែលបានឃើញនគរបាលស្រង់សាកសពបាននិយាយថា សាកសពលោក ហេង ពិសិដ្ឋ ត្រូវគេឃើញចងជើង និងដៃចងស្លាបសេក ហើយក្បាលរបស់គាត់ត្រូវគេយកអាវយឺតពណ៌សគ្រប និងមានស្កុតបិទមាត់ទៀត។ លោកបានមានប្រសាសន៍ថា សាកសពរងការវាយដំត្រង់ក្បាលយ៉ាងដំណំ។
លោក សួន យ៉ុន បានមានប្រសាសន៍ថា លោកក៏បាននិយាយជាមួយបុរសម្នាក់នៅកន្លែងកើតហេតុដែលបានប្រាប់ថា ត្រូវជាសាច់ថ្លៃរបស់លោក ហេង ពិសិដ្ឋ ផងដែរ។ បុរសរូបនោះបានប្រាប់លោកថា តាមពិតជនរងគ្រោះត្រូវបានចាប់ជំរិត ប៉ុន្តែបានអះអាងថា ជនចាប់ជំរិតបានទាមទារប្រាក់លោះមិនមែន១០០.០០០ដុល្លារទេ គឺ៥០០.០០០ដុល្លារ។
លោក សួន យ៉ុន បានមានប្រសាសន៍ថា ” បើតាមសាច់ញាតិ វាជាការចាប់ជំរិត។ ពួកគេបានទាមទារប្រាក់លោះ៥០០.០០០ដុល្លារ ហើយក្រុមគ្រួសារជនរងគ្រោះបានផ្ដល់ប្រាក់ឲ្យពួកគេ១០០.០០០ដុល្លារ ប៉ុន្តែជនសង្ស័យទាំងនោះនៅតែសម្លាប់ជនរងគ្រោះដដែល”។
ស្ត្រីម្នាក់ដែលបានលើកទូរស័ព្ទនៅហាងនំប៉័ង ហេង ចេង ក្នុងក្រុងតាខ្មៅបាននិយាយថា អ្នកស្រីត្រូវជាបងប្អូនជីដូនមួយ ហេង ពិសិដ្ឋ ប៉ុន្តែបានបដិសេធមិនប្រាប់ឈ្មោះរបស់អ្នកស្រីទេ។ អ្នកស្រីក៏បានអះអាងផងដែរថា ជនចាប់ជំរិតបានទារប្រាក់លោះ៥០០.០០០ដុល្លារ។ ស្ត្រីរូបនេះបាននិយាយថា “ជនសង្ស័យមានគ្នាប្រហែលប្រាំនាក់ ហើយពួកគេសុទ្ធតែជាបុរស។ នគរបាលកំពុងស៊ើបអង្កេតករណីនេះ។ ខ្ញុំមិនអាចនិយាយឲ្យលើសពីនេះបានទេ ពីព្រោះយើង [ក្រុមគ្រួសារ និងជនចាប់ជំរិត] ជាអ្នកស្គាល់គ្នា”៕ សារុន