មន្ត្រីម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ អ្នកវិភាគបច្ចេកទេសមកពីប្រទេសចិនបាននាំយកប្រអប់ខ្មៅរបស់ឧទ្ធម្ភាគចក្រ Z-9 ផលិតនៅចិនដែលធ្លាក់កាលពីសប្តាហ៍មុន បណ្តាលឲ្យស្លាប់នាយទាហានបួននាក់នោះ ទៅប្រទេសចិន បន្ទាប់ពីមានការសម្រេចថា នៅប្រទេសកម្ពុជា គេមិនអាចយកទិន្នន័យក្នុងប្រអប់នោះបានទេ។
លោក ឧត្ដមសេនីយ៍ឯក យិន សុខា មេបញ្ជាការរងកងទ័ពជើងអាកាស បានមានប្រសាសន៍ថា “យើងមិនអាចបើកវានៅទីេនះបានទេ។ ប្រអប់ខ្មៅនោះបានបញ្ជួនទៅប្រទេសចិន ដើម្បីពិនិត្យទិន្នន័យ”។
អ្នកវិភាគបច្ចេកទេសចិននិងខ្មែរបានជួបពិភាក្សាគ្នាអំពីលទ្ធភាពយកព័ត៌មានពីប្រអប់ខ្មៅរបស់ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ។ ឧទ្ធម្ភាគចក្រ Z-9 មួយគ្រឿងក្នុងចំណោមចំនួន១២គ្រឿង ដែលរដ្ឋាភិបាលបានទិញពីប្រទេសចិនកាលពីឆ្នាំមុន ក្នុងតម្លៃជិត២០០លានដុល្លារ បានធ្លាក់នៅជាយក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទសប្តាហ៍មុន អំឡុងការហាត់រៀនបើកបរ៕មានិត