28 C
Phnom Penh

បន្ទាប់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​ប្រាំ​បី​រូប​ជាប់​ពន្ធ​នាគារ​ គណបក្ស​នយោបាយ​បន្ត​ការ​ចរចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​មន្ត្រី​​គណបក្ស​ប្រឆាំង​ប្រាំបី​នាក់​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដ៏ចម្រូង​ចម្រាស​ពីបទ​ ” ដឹកនាំ​ចលនាកុបកម្ម​”​នោះ លោក សម រង្ស៊ី ប្រធានគណបក្ស​ប្រឆាំង​គ្រោង​ជួប​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​នេះ​ចាប់​តាំង​ពី​ខែ​កញ្ញា​មក​ ហើយ​លោក​ចាត់ទុក​ថា ​នេះ​ជា​ការ​ចរចា​ចុង​ក្រោយ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​រដ្ឋសភា​ទាំង​៥៥​ដែល​ខ្លួន​បាន​ទទួល​នៅក្នុងការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំមុន ដោយ​អះ​អាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​​ប្លន់​យក​ជ័យ​ជម្នះ​របស់​ខ្លួន​។

ដោយ​ចាប់​ផ្តើម​ពី​ឆ្នាំ​មុន គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​រាប់​ខែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយការ​ធ្វើ​បាតុកម្ម​ទាំង​នោះ​ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​យ៉ាង​ឃោរឃៅ​កាលពី​ខែ​មករា។ ចាប់​តាំង​ពី​ពេល​នោះ​មក គណបក្ស​ប្រឆាំង​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ការ​ចរចា​ផ្នែក​បច្ចេកទេស​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​។

លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ដឹកនាំ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​ចរចា​បានមាន​ប្រសាសន៍​ថា ការ​ចរចា​នៅ​ព្រឹក​នេះ​គឺ​ជា​ការ​ចរចា​របស់​មេដឹកនាំ​គណបក្ស​ដើម្បី​បញ្ចប់​បញ្ហានៅ​សេសសល់​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​។

លោក ព្រុំ​ សុខា បាន​មាន​ប្រសាសន៍​ថា ” នេះ​ជា​កិច្ចចរចា​របស់​មេដឹកនាំ​កំពូល​បី​រូប​នៃ​គណបក្ស​របស់​យើង​”។​លោក​បាន​ប្រាប់​ថា ​លោក ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សាយ ឈុំ អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​​ គឺ​ជា​ក្រុម​ចរចា​កំពូល​របស់​គណបក្ស​ប្រជាជនកម្ពុជា​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានមាន​ប្រសាសន៍​ថា ក្រុម​ចរចា​របស់​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ និង​លោក ប៉ុល ហំម ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ។​ប្រតិភូ​គណបក្ស​ទាំង​ពីរ​នឹង​មាន​ការ​ចូល​រួម​ពី​សមាជិក​ប្រាំ​រូប​ទៀត​មក​ពី​គណបក្ស​នីមួយៗ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា លោក ហុ៊ន សែន នឹង​ដោះ​លែង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ប្រាំបី​រូប​ ដែល​បាន​ជាប់​ពន្ធ​នាគារ​កាលពី​សប្ដាហ៍​មុន​តាម​ការ​ចោទ​ប្រកាន់​ពីបទ​កុបកម្ម​ និងញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ដែល​ជាការ​បង្ហាញ​​ពី​ឆន្ទៈល្អ​នៅ​មុន​ការ​ចរចា​។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ លោកស្រី មូរ សុខហួរ លោក កែវ ភិរម្យ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្ទ្រ លោក នុត រុំដួល និង​លោក ឡុង រី ព្រម​ទាំង​លោក អឿ ណារិទ្ធ ​សកម្មជន​គណបក្ស​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួននៅ​ពន្ធនាគារ​ បន្ទាប់​ពី​មាន​ការ​វាយ​តប់​គ្នា​ដោយ​ហិង្សា​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍មុន​ ដោយ​អ្នក​តវ៉ា​របស់​គណបក្ស​ប្រឆាំង​​បាន​វាយដំ​យ៉ាង​ខ្លាំង​ទៅ​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាច្រើននាក់​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​សំដៅ​ដល់​ការ​ដោះ​លែង​មន្ត្រី​គណបក្ស​ប្រឆាំង​ថា ” រហូត​មក​ទល់​ពេល​នេះ​ មិន​មានការ​​ធានា​បែប​នេះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ធ្វើ​កាយ​វិការ​នេះមុន​ពេល​ចាប់​ផ្ដើម​ការ​ចរចា​នៅ​ថ្ងៃ​ស្អែក ពីព្រោះ​ដូច​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​រួច​ហើយ​ថា គណបក្ស​ទាំង​ពីរ​ចង់​បញ្ចប់​ភាព​តានតឹង​ផ្នែក​នយោបាយ​នេះ​”។

លោក សម សុគង់ មេធាវី​ការពារ​ក្រុម​ជាប់​ចោទ​ទាំង​ប្រាំ​បី​រូប​បាន​មាន​ប្រសាសន៍​កាលពី​យប់​មិញ​ថា លោក​​ត្រូវ​បាន​គេ​ប្រាប់​ថា លោក​ចៅក្រម​ស៊ើបសួរ​ កែវ មុនី នឹង​ទៅ​ជួប​ក្រុម​នេះ​នៅ​ព្រឹក​នេះ​ដើម្បី​សាក​សួរ​បន្ថែម​ទៀត ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា មិនមាន​សញ្ញា​ណាមួយ​បង្ហាញ​ថា ពួកគាត់​នឹង​ត្រូវ​ដោះ​លែង​នោះ​ទេ។

លោក សម រង្ស៊ី បាន​បដិសេធ​មិន​និយាយ​អំពី​ប្រធាន​បទ​នៃ​កិច្ច​ចរចា​នៅ​ថ្ងៃនេះ​ទេ ដោយលើកឡើង​ថា លោក​មិន​បង្ហាញ​គោល​ជំហរ​នៅ​មុន​ការ​ចរចា​ទេ។

ទោះជាយ៉ាង​ណា កាលពី​ថ្ងៃ​អាទិត្យ លោក សម រង្ស៊ី បាន​សរសេរ​​តាម​ហ្វេស​ប៊ុក​ថា ​ការ​ចរចា​ថ្ងៃ​នេះ​គឺ​ផ្តោត​លើ​​គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត​ថ្មី និង​ឯករាជ្យ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និងការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨​ ជំនួស​ឲ្យ​ខែ​កក្កដា ឆ្នាំ​២០១៨។

ការ​ធ្វើ​សម្បទាននេះ​បាន​បង្ហាញ​ពី​ការ​បន្ធូរបន្ថយ​ការ​ទាម​ទារ​ពីមុន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចាប់​ផ្ដើម​កាលពី​ខែ​ធ្នូ ទាម​ទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ភ្លាមៗ​ ហើយ​បន្ទាប​់​មក​បាន​បន្ថយមក​ត្រឹម​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ខែ​មករា ឆ្នាំ​២០១៦​ និង​ក្រោយ​មក​ទៀត​ទាម​ទារ​ឲ្យបោះឆ្នោត​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​។

កាលពី​ខែ​មេសា ការ​សន្ទនា​តាមទូរស័ព្ទ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជិត​បាន​បញ្ចប់​ភាព​ទាល់​ច្រក​នេះ​ទៅ​ហើយ ប៉ុន្តែ​បាន​ខ្វែង​គំនិត​គ្នា​នៅ​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​យក​ការ​បោះ​ឆ្នោត​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ដោយ​ឥឡូវ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​ទទួល​យក​ការ​បរិច្ឆេទ​បោះ​ឆ្នោត​ថ្មី​​ដែល​លោក​ ហុ៊ន សែន បាន​កំណត់ហើយនោះ បញ្ហា​ជាប់​គាំង​ដែល​នៅ​សេស​សល់​គឺ​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​បង្កើត​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យ​មួយ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បច្ចុប្បន្ន មាន​សមាជិក​ភាគ​ច្រើន​ជា​មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​បាន​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឯករាជ្យ​ចំពោះ​កង្វះ​អព្យាក្រឹត​ភាព​របស់​ខ្លួន។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​បានមាន​ប្រសាសន៍​ថា នៅ​ឯ​កិច្ច​ចរចា​នៅ​ថ្ងៃ​នេះ​ គណបក្ស​របស់​លោក​នឹង​បង្ហាញ​រូប​មន្ត​ថ្មី​សម្រាប់​ជ្រើស​រើស​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ថ្មី​។

លោក​បាន​ពន្យល់​ប្រាប់​ថា ” មាន​បី បី បី។ សមាជិក​បីរូប​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា បីរូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​បីរូប​មកពី​សង្គមស៊ីវិល។​បី​រូប​ដែល​មក​ពី​សង្គម​សីុវិល​នេះ​ គណបក្សសង្គ្រោះ​ជាតិ​នឹង​ស្នើ​មួយរូប គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​ស្នើ​មួយ​រូប និងសមាជិក​ប្រទែង​ប្រទង់​មួយ​រូប​ទៀត”។

អ្នក​នាំពាក្យ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា រូបមន្ត​នេះត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា​សម្រាប់​ត្រួត​ពិនិត្យរួច​ហើយ ហើយលោក​បាន​មាន​ប្រសាសន៍​ថា សមាជិក​ប្រទែង​ប្រទង់​នោះ​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ព្រម​ព្រៀង​ពី​គណបក្ស​ទាំង​ពីរ ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាម​ទារ​ឲ្យ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​នីមួយ​ៗ​នៅ​ក្នុង​គណៈកម្មាធិការ​ដែល​មាន​សមាជិក​ប្រាំបួនរូប​នេះ ដោយ​សំឡេង​២ភាគ៣​នៃ​សមាជិក​សភា​ ប៉ុន្តែ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ច្រាន​ចោល​រូប​មន្ត​នេះ។

លោក ព្រុំ សុខា បាន​បញ្ជាក់​ថា ប្រតិភូ​គណបក្ស​ប្រជា​ជន​កម្ពុជាកំពុង​ពិចារណា​អំពី​សំណើ​ថ្មីនេះ នឹង​មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ នេះគ្រាន់តែ​ជាការ​លើកឡើង​ពី​រូប​មន្ត​ថ្មី​ប៉ុណ្ណោះ។ នៅ​ពេល​នេះ​របៀបវារៈ​សម្រាប់​ការ​ចរចា​ គឺ​ផ្អែក​លើ​សេចក្ដី​ព្រាង​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​បន្ទាប់​ពី​មាន​ការ​ចរចា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​នេះ​”។

លោក ជាម យៀប អ្នក​នាំពាក្យគណបក្ស​ប្រជា​ជន​កម្ពុជា ដែល​បាន​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​ចរចា​លើក​មុនៗ បាន​មាន​ប្រសាសន៍​ថា សំណើ​ថ្មី​នេះ​អាច​យក​មក​ប្រើ​ប្រាស់​បាន​ប្រសិន​បើ​មាន​ការ​យល់​ព្រម​ពី​នាយក​រដ្ឋមន្ត្រី។

លោក​បាន​មាន​ប្រសាសន៍​ថា ” រូបមន្ត បី បី បី នឹង​យក​ទៅ​ពិភាក្សា​លើ​តុចរចា​ ប៉ុន្តែ​មាន​តែ​មេដឹកនាំ​ជាន់​ខ្ពស់​ទេ​អាច​សម្រេច​បាន​”។

លោក ជាម យៀប បាន​បន្ថែម​ថា ” យើង​ត្រូវគិត​អំពី​សមាមាត្រ​នៃ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​។ គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ដែល​ស្មើ​នឹង​៥៥ភាគ​រយ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ ដែល​ស្មើ​នឹង​៤៥​ភាគរយ​”។

ដូច្នេះ លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ​មិន​គិត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មាន​សមាជិក​ប៉ុន្មាននោះ​ទេ គឺ​គួរ​តែ​មាន​សំឡេង​ភាគ​ច្រើន​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​មាន​សង្ឃឹម​ច្រើន​ថា នឹង​មានការ​សម្រប​សម្រួល​គ្នា​។ ” ខ្ញុំជឿជាក់​ថា ខ្ញុំគិត​ថា ដល់​ពេល​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​គ្រប់​ចំណុច​ទាំង​អស់​ហើយ​”៕ គឹមហឿន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស