29 C
Phnom Penh

ការ​​​ហែក្បួន​​​របស់​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​​​​ត្រូវ​​​បាន​​​រាំង​​​ផ្លូវ​​​មិន​​​ឲ្យ​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ស្ថាន​​​ទូត​​​​​​វៀត​​​ណាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​សង្ឃ​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​ និង​​​អ្នក​​​គាំទ្រ​​​រាប់​​​ពាន់​​​អង្គ-នាក់​​​ បាន​​​ហែ​​​ក្បួន​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ដាក់​​​ញត្តិ​​​នៅ​​​ស្ថាន​​​ទូត​​​ចំនួន​​​ប្រាំ​​​មួយ​​​​​​ដោយ​​​មាន​​​ការ​​​រារាំង​​​បន្តិច​​​បន្តួច​​​​​​ មុន​​​ពេល​​​ពួក​​​គេ​​​ហែ​​​ទៅ​​​ដល់​​​ចំណុច​​​ស្ថាន​​​ទូត​​​វៀតណាម​​​ ដែល​​​ជា​​​គោល​​​ដៅ​​​ចុង​​​ក្រោយ​​​របស់​​​ពួក​​​គេ​​​ដោយ​​​មាន​​​របាំង​​​បិទ​​​ផ្លូវ​​​ និង​​​នគរបាល​​​បង្ក្រាប​​​បាតុកម្ម​​​ឈរ​​​ត្រៀប​​​ត្រា​​​នៅ​​​ទី​​​នោះ​​​។Khmer-Kom-copy

ក្រុម​​​តវ៉ា​​​ដែល​​​នាំ​​​មុខ​​​ដោយ​​​ព្រះ​​​សង្ឃ​​​ប្រមាណ​​​២០០​​​អង្គ​​​ និង​​​លោក ថាច់​​​ សេដ្ឋា ប្រធាន​​​សហគមន៍​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​នេះ កំពុង​​​ព្យាយាម​​​ទាម​​​ទារ​​​ឲ្យ​​​ស្ថាន​​​ទូត​​​វៀតណាម​​​ធ្វើ​​​ការ​​​កែ​​​តម្រូវ ឬ​​​សូម​​​អភ័យ​​​ទោស។ កាល​​​ពី​​​ខែ​​​មិថុនា លោក ត្រាន​​​ វ៉ាន់​​​ថុង អ្ន​​​ក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​វៀតណាម​​​ប្រចាំ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បណ្តា​​​ខេត្ត​​​នៅ​​​កម្ពុជា​​​ក្រោម​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​វៀតណាម​​​ជា​​​យូរ​​​មក​​​ហើយ​​​ ពោល​​​គឺ​​​តាំង​​​ពី​​​មុន​​​បារាំង​​​កាត់​​​ខេត្ត​​​ទាំង​​​នោះ​​​ឲ្យ​​​ទៅ​​​ពួក​​​គេ​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​១៩៤៩​​​ទៅ​​​ទៀត​​​។

ប៉ុន្តែ បន្ទាប់​​​ពី​​​នគរបាល​​​ចរាចរ​​​ជួយ​​​សម្រួល​​​ចរាចរណ៍​​​នៅ​​​តា​​​ម​​​ផ្លូវ​​​ដែល​​​មាន​​​អ្នក​​​ដំណើរ​​​ទៅ​​​មក​​​ច្រើន​​​នៅ​​​ពេល​​​ពួក​​​គេ​​​ឈប់​​​នៅ​​​ចំណុច​​​ស្ថាន​​​ទូត​​​បារាំង​​​ ស្ថាន​​​ទូត​​​អង់គ្លេស ស្ថានទូត​​​សហ​​​រដ្ឋ​​​អាមេរិក ​​​ស្ថានទូត​​​សហភាព​​​អឺរ៉ុប ស្ថាន​​​ទូត​​​រុស្ស៊ី និង​​​ស្ថាន​​​ទូត​​​ចិន អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​ហែ​​​ទៅ​​​រហូត​​​ដល់​​​ចំណុច​​​មាន​​​របាំង​​​បិទ​​​ផ្លូវ​​​ខ្ពស់​​​ពណ៌ខ្មៅ និង​​​នគរបាល​​​​​​ជា​​​ច្រើន​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​បាញ់​​​គ្រាប់​​​បែក​​​ផ្សែង​​​។

លោក​​​ ថាច់ សេដ្ឋា ដែល​​​ជា​​​សមាជិក​​​មួយ​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែរ​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្រាន់​​​តែ​​​ចង់​​​ឲ្យ​​​តំណាង​​​ស្ថាន​​​ទូត​​​ចេញ​​​មក​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​យើង​​​ ហើយ​​​សូម​​​​​​អភ័យ​​ទោស​​​ចំពោះ​​​ការ​​​អត្ថាធិប្បាយ​​​ដែល​​​ផ្ទុយ​​​ពី​​​ប្រវត្តិសាស្ត្រ​​​ពិត​​​ប៉ុណ្ណោះ​​​។ ប្រសិនបើ​​​ពួក​​​គេ​​​មិន​​​ចង់​​​សូម​​​​​​អភ័យ​​​ទោស​​​ទេ ពួកគេ​​​គ្រាន់​​​តែ​​​​​​ទទួល​ស្គាល់​ការ​​​ពិត​​​ទៅ​បានហើយ​​​។ វា​​​ងាយ​​​ស្រួល​​​ណាស់​​​សម្រាប់​​​ពួកគេ​​​”។​​​​​​​​​

នៅ​​​ពេល​​​មនុស្ស​​​រាប់​​​រយ​​​នាក់​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ចំណុច​​​របាំង​​​បិទ​​​ផ្លូវ​​​ម្ខាង​​របស់​​​នគរបាល​​​ចរាចរ​​​ដែល​​​ដាក់​​​នៅ​​​ស្ថាន​​​ទូត​​​វៀត​​​ណាម​​​តាម​​​បណ្តោយ​​​មហាវិថី​​​ព្រះ​​​មុនីវង្ស​​​នៅពេល​​​ព្រឹក​​​ ប្រជា​​​ពល​​​រដ្ឋ​​​ប្រហែល​​​១.០០០​​​នាក់​​​បាន​​​ហែ​​​ក្បួន​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ អ្នក​​​ហែ​​​ក​​​្បួន​​​បាន​​​ស្នើ​​​ឲ្យ​​​ស្ថាន​​​ទូត​​​បារាំង​​​ផ្តល់​​​ឯក​​​សារ​​​ផ្លូវ​​​ការ​​​ដើម្បី​​​បញ្ជាក់​​​ពី​​​ការ​​​បញ្ចូល​​​កម្ពុជា​​​ក្រោម​​​ជា​​​ឧប​​​សម្ព័ន្ធ ហើយ​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​ស្ថាន​​​ទូត​​​ប្រាំ​​​ទៀត​​​គាំ​​​ទ្រ​​​ការ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​​ដើម្បី​​​​​​ឲ្យ​​​ស្ថាន​​​ទូត​​​វៀតណាម​​​ផ្លាស់​​​ប្តូរ​​​ជំហរ​​​ផ្លូវ​​​ការ​​​​​​របស់​​​ខ្លួន​​​លើ​​​ទឹក​​​ដី​​​នេះ​​​។​​​​​​​​​

នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​ព្រឹក​​​ បន្ទាប់​​​ពី​​​ស្ថាន​​​ទូត​​​ចិន​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​ក្រុម​​​តវ៉ា​​​នេះ​​​ ព្រះ​​​សង្ឃ​​​មួយ​​​ក្រុម​​​បាន​​​និមន្ត​​​ឆ្ពោះ​​​ទៅ​​​មហា​​​វិថី​​​ព្រះ​​​មុនី​​​វង្ស​​​ បាន​​​លើក​​​របាំង​​​ដែក​​​បិទ​​​ផ្លូវ​​​ស្រាល​​​ៗ​​​ចេញ ហើយ​​​បាន​​​ហែ​​​ក្បួន​​​ទាំង​​​មូល​​​ឆ្ពោះ​​​ទៅ​​​រក​​​នគរបាល​​​ ដែល​​​ឈរ​​ជា​​​ជួរ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា របាំង​​​បិទ​​​ផ្លូវ​​​ជួរ​​​ទី​​​២ ដែល​​​មាន​​​ការ​​​យាម​​​កាម​​​តឹង​​​រឹុង​​​បាន​​​រារាំង​​​ក្រុម​​​នេះ មិន​​​ឲ្យ​​​រុល​​​ទៅ​​​មុខ​​​ទៀត​​​បាន​​​ ហើយ​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​ចំណាយ​​​ពេល​​​ជាច្រើន​​​និយាយ​​​ទៅ​​​កាន់​​​នគរបាល​​​ ដោយ​​ខ្លះ​​​ប្រើ​​​ពាក្យ​​​ប្រមាថ​​​ជនជាតិ​​​វៀតណាម​​​ និង​​​ខ្លះ​​​ទៀត​​​អំពាវ​​​នាវ​​​ឲ្យ​​​កម្លាំង​​​នគរបាល​​​បោះបង់​​​តួ​​​នាទី​​​របស់​​​ខ្លួន​​​ ហើយ​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នេះ​​​។ ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​បាន​​​សួរ​​​ទៅ​​​នគរ​​បាល​​​ថា “តើ​​​ខ្មែរ​​​នឹង​​​វៃ​៉​​ខ្មែរ​​​ ដើម្បី​​​វៀត​​​ណាម​​​ឬ?”។

នៅ​​​ម៉ោង​​​ប្រហែល​​​៤និង​​​៣០​​​នាទី​​​រសៀល បន្ទាប់​​​ពី​​​អះអាង​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​នឹង​​​ដេក​​​តាម​​​ផ្លូវ​​​រហូត​​​ដល់​​​​​​មាន​​​អ្នក​​​ទទួល​​​ញត្តិ​​​របស់​​​ពួក​​​គេ​​​ លោក ថាច់ សេដ្ឋា បាន​​​បញ្ចប់​​​ការ​​​តវ៉ា​​​នេះ​​​​​​​​​ប្រកាស​​​ថា ក្រុម​​​ការ​​​ងារ​​​មួយ​​​ក្រុម​​​នឹង​​​ជួប​​​​​​ជា​​​មួយ​​​សាលា​​​រាជ​​​ធានី​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​ទទួល​​​ញត្តិ​​​​​​​​​​​​​​​។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​​​​នាំ​​​ពាក្យ​​​​​​សាលា​​​រាជ​​​ធានី ដែល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ដល់​​​ទៅ​​​​​​១៥​​​ឆ្នាំ បាន​​​បញ្ជាក់​​​ថា នឹង​​​មាន​​​ការ​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​មួយ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ម៉ៅ ពិសេស ប្រធាន​​​សហព័ន្ធ​​​​​​និស្សិត​​​បញ្ញវន្ត​​​កម្ពុជា​​​ ដែល​​​បាន​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​េនះ​​​ឡើង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​ទទួល​​​យក​​​ដំណោះ​​​ស្រាយ​​​ណា​​​ផ្សេង​​​ក្រៅ​​​ពី​​​ការ​​​ប្រគល់​​​ញត្តិ​​​ឲ្យ​​​ទៅ​​​តំណាង​​ស្ថាន​​​ទូត​​​វៀតណាម​​​ឡើយ​​​។ ​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​នឹង​​​​​​ពិភាក្សា​​​ជាមួយ​​​សាលា​​​រាជ​​​ធានី​​​ដើម្បី​​​​​​ឲ្យដឹង​​​ថា​​​តើ​​​យើង​​​អាច​​​ប្រគល់​​​ញត្តិ​​​របស់​​​យើង​​​ដល់​​​ស្ថាន​​​ទូត​​​វៀតណាម​​​ដោយ​​​របៀប​​​ណា​​​។ ប៉ុន្តែ យើង​​​មិន​​​អាច​​​អនុញ្ញាត​​​ឲ្យ​​​សាលា​​​រាជធានី​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​យើង​​​ជួស​​​​​​ឲ្យ​​​ស្ថាន​​​ទូត​​​វៀតណាម​​​ឡើយ​​​ ពីព្រោះ​​​វា​​​មិន​​​មែន​​​ជា​​​​​​ប្រធាន​​​បទ​​​របស់​​​ពួក​​​គេ​​​នោះ​​​ទេ​​​​​​”។

ព្រះតេជគុណ ថាច់ ហាសំអាង ជា​​​សកម្មជន​​​ព្រះ​​​សង្ឃ​​​កម្ពុជា​​​ក្រោម​​​បាន​​​មាន​​​​​​សង្ឃដីកា​​​ថា ការ​​​តវ៉ា​​​នឹង​​​បន្ត​​​​​​រហូតដល់​​​ស្ថាន​​​ទូត​​​វៀតណាម​​​ទទួល​​​ញត្តិ​​​នេះ។ ព្រះតេជ​​​គុណ​​​បាន​​​លើ​​​ក​​​ឡើ​​​ង​​​ថា “ប្រសិន​​​បើ​​​ពួកគេ​​​មិន​​​ទទួល​​​យក​​​ទេ​​​ យើង​​​នឹង​​​បន្ត​​​ធ្វើ​​​​​​មហា​​​បាតុកម្ម​​​នៅ​​​សប្តាហ​​​៍​​​នេះ នៅ​​​សប្តាហ៍​​​ក្រោយ​​​ នៅ​​​ខែក្រោយ”។​​​ ទោះ​​​ជា​​​យ៉ាងណា មន្ត្រី​​​នៅ​​​ស្ថាន​​​ទូត​​​វៀតណាម​​​​​​​​​បាន​​​បដិសេធ​​​មិន​​​​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕ សុខុម​​​​​​

​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស