28 C
Phnom Penh

នគរ​បាល​ខេត្ត​ចាប់ខ្លួន​អ្នក​ភូមិ​ម្នាក់ជុំវិញការ​ប៉ះទង​្គិច​ជាមួយ​កម្មករ​ក្រុមហ៊ុន​ខេឌីស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​អាយុ​៣៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​គាត់​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាលពី​ម្សិល​មិញ តាម​ការ​ចោទ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិសាធារណៈ​ និង​បង្ក​របួស​ស្នាម​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ក្នុង​ចំណោម​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​នា​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយមួយ​រវាង​អ្នក​ភូមិ​ និង​ក្រុម​ហ៊ុន ខេឌីស៊ី ដែលមានទំនាក់ទំនងនឹង​អ្នក​មាន​អំណាច​។

អ្នក​ភូមិ​និយាយ​ថា ក្រុម​ហ៊ុន​ ខេឌីស៊ី ដែល​ជាក្រុម​ហ៊ុន​​កាន់​កាប់​ដោយ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ដោយ​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​២០០២ ហើយ​បាន​ប្ដឹង​ទៅ​តុលាការ​កាលពី​ឆ្នាំ​២០០៧​។

ការ​ចាប់​ខ្លួន​លោក ម៉ាង យ៉ាវ ក្នុង​ស្រុក​កំពង់​ត្រឡាច កាល​ពីម្សិលមិញ​ ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ដើម្បី​រារាំង​ក្រុម​ហ៊ុន​មិន​ឲ្យ​អភិវឌ្ឍដី​មាន​វិវាទ​នេះ ឡើង​ដល់​បួន​នាក់​ហើយ​។

លោក ជុប ចាន់ធឿន នាយ​ប៉ុស្តិ៍​ឃុំ​តាជេស បាន​មាន​ប្រសាសន៍​ថា ” ថ្ងៃ​នេះ​មន្ត្រី​នគរ​បាល​ខេត្ត​បាន​ឡោម​ព័ទ្ធ​ផ្ទះ និង​ចាប់​ខ្លួន​គាត់​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​បង្ក​របួស​ស្នាម​”។ លោក​បាន​មាន​ប្រសាសន៍​ថា កម្មករ​ក្រុម​ហ៊ុន​ ខេឌីស៊ី ដែល​បាន​ប៉ះ​ទង្គិច​ជាមួយ​អ្នកភូមិ​ជា​ច្រើន​លើក​ក្នុង​រយ​ៈពេល​ពីរ​សប្ដាហ៍​មកនេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក ម៉ាង យ៉ាវ។

យោង​តាម​ឈ្មោះ ស៊ិន ឃឹម កម្មករ​ក្រុម​ហ៊ុន​ ខេឌីស៊ី បាន​ឲ្យ​ដឹង​ថា កម្មករ​ប្រហែល​១០​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​អ្នក​ភូមិ​បាន​ព្យាយាម​រារាំង​ពួកគេ​មិន​បន្ត​សាង​សង់​របង​កំណត់​ព្រំ​ប្រទល់​ដី​ដែល​មាន​វិវាទនេះ​។

លោក ស្ងួន ញឿន អ្នក​ភូមិ​ឡពាង​បាន​និយាយ​ថា ក្រុមសន្តិសុខ​បាន​បង្ក​អំពើ​ហិង្សា​។ លោក​ ឃឹម បាន​និយាយ​អំពី​​សន្តិសុខ​ទាំង​នេះ​ថា “មនុស្ស​សាហាវ​ទាំង​នេះ ​ភាគ​ច្រើន​មិន​មាន​ដី​នៅ​ទី​នេះ​ទេ ពួកគេ​មក​ប្រើ​អំពើ​ហិង្សា​លើ​ពួក​យើង​នៅ​ពេល​មាន​វត្ត​មាន​សង្គម​ស៊ីវិល​ ឬ​អង្គការ​សហ​ប្រជា​​​ជាតិ។

នៅ​ក្នុង​​កាសែត​ភាសា​ខ្មែរ​ អង្គការ​សហ​ប្រជា​ជាតិ​ក៏​បាន​ទទួល​រង​ការ​ចោទ​ថា បាន​ញុះ​ញង់​ ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ទាំង​នេះ។

កាលពី​សប្ដាហ៍​មុន កាសែត​កោះ​សន្តិភាព និង​គេហទំព័រ​ព័ត៌មាន​ដើម​អម្ពិល​ បាន​រាយ​ការណ៍​ថា បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ជិះ​ក្នុង​រថយន្ត​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ស្ថិត​នៅ​ពីក្រោយ​ការ​ប្រើ​អំពើ​ហិង្សា​របស់​ក្រុម​អ្នក​ភូមិ​។

កាសែត​កោះ​សន្តិភាព​បាន​រាយការណ៍​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ថា ” កម្មករ​ក្រុម​ហ៊ុន ខេឌីស៊ី ១០​នាក់​បាន​រង​របួស​ដោយ​សារ​ស្នាដៃ​អ្នក​ភូមិ​ឡពាង​មួយ​ចំនួន​តូច ដែល​ត្រូវ​បាន​ញុះ​ញង់​ដោយ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាលម្នាក់​ជិះ​ក្នុង​រថយន្ត​របស់​អង្គការ​សហ​ប្រជា​ជាតិ​”។

គេហ​ទំព័រ​ព័ត៌​មាន​ដើម​អម្ពិល​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​សុក្រថា មាន​ការ​សង្ស័យ​ថា ជន​បរ​ទេស​​មួយ​​ក្រុម​ដែល​ជិះ​រថយន្ត​អង្គការ​សហ​ប្រជា​ជាតិ​បានជំរុញ​ឲ្យ​អ្នក​ភូមិ​ប៉ះ​ទង្គិច​ជាមួយ​កម្មករ​ទាំង​នោះ។

នៅ​ក្នុង​សារ​តាម​អុីម៉េល​ លោកស្រី វ៉ាន ហា៊លី តំណាង​ឧត្តម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ឃ្លាំ​មើល​បាន​សង្កេត​ឃើញ​អ្នក​ភូមិ​ព្យា​យាម​​​បំផ្លាញ​​របង​​មួយ​ផ្នែក​​ ប៉ុន្តែ​បាន​លើក​ឡើង​ថា ក្រុម​កម្មករ​បាន​ប្រើ​ចំពាម​កៅស៊ូ​របស់​ពួកគេ​​បាញ់​មុន​។

លោក​ស្រី​បាន​​សរសេរ​នៅ​ក្នុង​អុីម៉េល​ថា ” យើង​សោក​ស្ដាយ​ណាស់​​ដែល​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ទាំង​នេះ​មិន​បាន​ស្វែង​រក​ការ​បញ្ជាក់​ពីយើង​មុន​ពេល​ចុះ​ផ្សាយ​ព័ត៌មាន​ទំាង​នោះ។ យើង​សង្ឃឹម​ថា រឿង​ទាំង​នេះ​នឹ​ងមិន​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​បញ្ហា​ពិត​ឡើយ​ ហើយ​​ត្រូវ​រក​ដំណោះ​ស្រាយ​​ជា​បន្ទាន់​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​វិវាទ​ដីធ្លី​រយៈ​ពេល​១២​ឆ្នាំ​រវាង​ក្រុម​អ្នក​ភូមិ​ និង​ក្រុម​ហ៊ុន​ ខេឌីស៊ី នេះ”៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Lauren Crothers និង Sunheng)​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស