កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីប្តីប្រពន្ធពីរនាក់ ដែលជាប់ចោទពីបទបញ្ជូនស្ត្រីប្រហែលជាង១០នាក់ទៅប្រទេសចិន ដោយប្រាប់ពួកគេថា ដើម្បីទៅរកការងារដែលមានប្រាក់ខែខ្ពស់ ហើយបន្ទាប់មកបានលក់ពួកគេបន្តទៅឲ្យបុរសដែលបានរំលោភពួកគេ ជាករណីចុងក្រោយក្នុងចំណោមករណីជាច្រើននាពេលថ្មីៗនេះដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានស្ត្រីនៅក្នុងប្រទេសចិន។
ជនជាប់ចោទឈ្មោះ ណេត ចេងលី អាយុ៣១ឆ្នាំ និងប្តីឈ្មោះ តៅ យ៉េហុង អាយុ៣៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីស្ត្រីបីនាក់ដែលត្រូវបានបញ្ជូនត្រឡប់មកពីប្រទេសចិនវិញបានធ្វើពាក្យបណ្តឹងប្តឹងប្តីប្រពន្ធនេះ។
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនេះ ដែលមានអាយុ២៩ឆ្នាំបានប្រាប់តុលាការថា នាងត្រូវបានស្ត្រីម្នាក់ឈ្មោះ រស់ ស៊ីម មកទាក់ទង និងនិយាយថា មានឱកាសការងារប្រាក់ខែខ្ពស់សម្រាប់ស្ត្រីនៅលីវនៅក្រុមហ៊ុនចិនមួយដែលគាត់បានធ្វើការឲ្យ។ ជនរងគ្រោះបាននិយាយថា ប្តីប្រពន្ធជាប់ចោទនេះបានធ្វើជាមេខ្យល់នៅក្នុងរឿងនេះដោយឲ្យប្រាក់ទៅគ្រួសារនាងចំនួន៥០០ដុល្លារ និងជួយសម្របសម្រួលដល់ការធ្វើដំណើររបស់នាងទៅប្រទេសចិន ដែលនៅទីនោះនាងត្រូវគេលក់ទៅឲ្យបុរសចិនម្នាក់ ហើយបន្ទាប់មកបុរសនោះបានលក់នាងទៅឲ្យបុរសម្នាក់ទៀត។ ពួកគេទាំងពីរនាក់សុទ្ធតែបានរំលោភនាង។
នាងបានប្រាប់តុលាការថា “គេបានលក់ខ្ញុំពីផ្ទះមួយទៅផ្ទះមួយដូចជាសត្វ”។ នាងបានបន្ថែមថា នាងទាមទារសំណងចំនួន៣.០០០ដុល្លារ និងសុំឲ្យយកអ្នកទាំងពីរទៅដាក់គុក”។
អ្នកស្រី ចេងលី បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ជនរងគ្រោះដែលចង់រកការងារធ្វើរូបនេះបានទៅពឹងពាក់អ្នកស្រី និងប្តីអ្នកស្រី។ គាត់បាននិយាយថា “ខ្ញុំមិនបានលក់ពួកគេទេ ពួកគេបានសុំឲ្យខ្ញុំជួយរកការងារធ្វើនៅក្នុងប្រទេសចិន”។
លោក យេ៉ហុង បានបដិសេធថា មិនបានដឹងអំពីការលក់ ឬការរំលោភជនរងគ្រោះទាំងនេះទេ ដោយអះអាងថា គាត់គ្រាន់តែជូនស្ត្រីទាំងនេះពីអាកាសយានដ្ឋានទៅផ្ទះមិត្តភក្តិម្នាក់ បន្ទាប់ពីពួកគេបានមកដល់ក្រុងសៀងហៃ។
ប្រសិនបើរកឃើញកំហុសនោះ អ្នកទាំងពីរអាចមានទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំក្នុងម្នាក់ៗ។ លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៤ ខែកញ្ញា។
កាលពីខែឧសភា មនុស្សបួននាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅក្នុងករណីជួញដូរស្ត្រីពីរករណីទៅប្រទេសចិន។ កាលពីសប្តាហ៍មុនតុលាការបានបើកសវនាការរឿងក្តីទី៣ដែលមានស្ត្រីម្នាក់ជាប់ចោទពីបទជួញដូរមនុស្សម្នាក់ទៀតទៅប្រទេសចិន ដែលនៅទីនោះគេបានលក់នាងទៅឲ្យផ្ទះបនចំនួនបីកន្លែង៕គឹមហឿន