យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អ្នកយកព័ត៌មានបីនាក់និងចាងហ្វាងកាសែតម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងករណីពីរដាច់ដោយឡែកពីគ្នាបីបទប៉ុនប៉ងគំរាមទារប្រាក់ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីឃាត់រថយន្តកែច្នែដែលសង្ស័យថាដឹកឈើកាប់រួចខុសច្បាប់។
លោក ស៊ី សាមាត មេបញ្ជាការព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីម្សិលមិញថា លោក មុំ ម៉ុន អាយុ៥៤ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យកាសែតសង្គមខ្មែរ និងលោក គឹម នឿន អាយុ២៨ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យកាសែតជាតិខ្មែររស់ត្រូវបានចាប់ខ្លួនជាមួយលោក គឹម សុវណ្ណារិទ្ធ អាយុ៤១ឆ្នាំ ជាចាងហ្វាងកាសែតនាគរាជ និងប្រពន្ធរបស់លោកឈ្មោះ ទ្រី ចន្ថា អាយុ៣២ឆ្នាំ បន្ទាប់ពីតាមចោទថា ពួកគាត់បានឃាត់រថយន្តកែច្នៃពីរគ្រឿងដែលដឹកឈើគ្រញូងក្នុងឃុំតាឡាត ស្រុកសេសានកាលពីថ្ងៃអាទិត្យ។ លោក សាមាត បានមានប្រសាសន៍ថា ” យើងបានចាប់ខ្លួនអ្នកទាំងនេះខណៈដែលពួកគេឃាត់រថយន្តកែច្នៃពីរគ្រឿងគំរាមទារប្រាក់៥០០ដុល្លារពីអ្នកបើកបរ”។
តាមព័ត៌មានថា អ្នកបើកបររថយន្តបដិសេធនឹងការទាមទាររបស់ជនសង្ស័យ ហើយបានទូរស័ព្ទទៅអាជ្ញាធរដើម្បីជម្រាបពួកគាត់ពីហេតុការណ៍នេះភ្លាមៗ។
លោក សាមាត បានមានប្រសាសន៍ថា ” យើងទទួលបានការហៅទូរស័ព្ទពីម្ចាស់រថយន្ត ហើយយើងបានទៅកន្លែងកើតហេតុចាប់ខ្លួនអ្នកកាសែតទាំងនេះភ្លាម”។ លោកបានបន្ថែមថា ឥឡូវនេះចុងចោទកំពុងត្រូវឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។ លោក សាមាត បានមានប្រសាសន៍ថា នេះគឺជាករណីទី៥ដែលអ្នកយកព័ត៌មានប៉ុនប៉ងគំរាមទារប្រាក់ពីរថយន្តដឹកឈើក្នុងខេត្តស្ទឹងត្រែងកាលពីឆ្នាំមុន។
យោងតាមអធិការនគរបាលស្រុកស្នួលបានឲ្យដឹងថា នៅក្នុងករណីដាច់ដោយឡែកមួយទៀត អ្នកយកព័ត៌មានម្នាក់មកពីសមាគមឃ្លាំមើលកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយចោទថា បានប៉ុនប៉ងគំរាមទារប្រាក់ពីអ្នករត់តាក់ស៊ីម្នាក់។
លោក ជា ម៉ាប់ អាយុ២៩ឆ្នាំ តាមចោទថា បានឃាត់អ្នករត់តាក់ស៊ីដើម្បីរកមើលឈើខុសច្បាប់។ លោក ចាន់ សុខគីម អធិការនគរបាលស្រុកបានមានប្រសាសន៍ថា នៅពេលលោក ម៉ាប់ បានព្យាយាមគំរាមទារប្រាក់ពីអ្នកបើកបរដែលមិនបានដឹកឈើនោះ អ្នកបើកបររថយន្តបានទូរស័ព្ទទៅអាជ្ញាធរ។ លោកបានមានប្រសាសន៍ថា ” យើងបានចាប់ខ្លួនអ្នកកាសែតរូបនេះ ខណៈពេលគាត់កំពុងឈប់រថយន្តនៅតាមផ្លូវគំរាមទារប្រាក់ពីអ្នករត់តាក់ស៊ី”។
លោក ម៉ាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីម្សិលមិញ ដែលនៅទីនោះ លោកត្រូវបានចោទប្រកាន់ពីបទគំរាមទារប្រាក់់៕ សារុន