30.1 C
Phnom Penh

សកម្មជន​ព្រៃឈើ​បដិសេធ​ថា ពួកគាត​់​មិន​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯក​ជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជន​បរិស្ថាន​ប្រាំបួនរូប​ដែល​ត្រូវបាន​បើក​សវនាការ​ជំនុំជម្រះ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជន​ក្នុង​ខេត្ត​កំពង់​ធំ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នៅក្នុង​តុលាកា​រកាលពី​ម្សិល​មិញ​ដែលថា ពួកគាត​់បាន​បំផ្លាញ​ចម្ការ​ដំឡូងមី​របស់កសិករ​ក្នុង​មូលដ្ឋាន​ម្នាក់​កាលពី​ឆ្នាំ​២០១១។

សមាជិក​ប្រាំបួន​រូប​នៃបណ្តាញប្រជាជន​ព្រៃឡង់​ ជា​ក្រុម​សកម្មជន​ដែលប្តូរផ្តាច់​ការពារ​ព្រៃឡង់​ប្រឆាំង​នឹង​ការ​កាប់ឈើ​ខុស​ច្បាប់ ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ឆ្នាំ​២០១១ នៅ​ពេលអ្នកស្រី អ៊ូ រដ្ឋា​ ជាកសិករ​ក្នុងមូលដ្ឋាន​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹងចោទប្រកាន់​ពួកគាត​់​ថា បាន​បំផ្លាញ​ចម្ការ​ដំឡូង​មី​របស់អ្នកស្រី​ទំហំ​មួយ​ហិកតា។ អ្នកស្រី​បាន​ទាម​ទារ​ប្រាក់​សំណង​​ចំនួន​៤០​លាន​រៀល។

នៅពេល​ត្រូវ​បាន​ទាក់ទង​បន្ទាប់ពី​សវនាការ​កាលពី​ម្សិលមិញ សកម្មជន​ ឈាង វុទ្ធី បាន​និយាយថា លោក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រហែល​៤០នាក់​ធ្វើ​ដំណើរ​ចូលព្រៃដើម្បី​ល្បាត​នៅថ្ងៃ​មាន​ការ​ចោទ​ប្រកាន់នោះ​នៅពេល​ពួកគាត់​ដើរ​កាត់​ចម្ការ​របស់​អ្នកស្រី​ រដ្ឋា។

លោក​បាន​អះ​អាង​ថា “កាលពី​ថ្ងៃទី​៦ ខែ​មិថុនា​ឆ្នាំ​២០១១​សកម្មជន​ប្រហែល​៤០នាក់​បាន​​ទៅ​ព្រៃដើម្បី​ពិនិត្យ​មើល​ការ​កាប់​ឈើ​ខុស​ច្បាប់​ ហើយ​បាន​ដើរកាត់​ចម្ការ​ដំឡូង​មី​របស់​អ្នក​ស្រី រដ្ឋា មែន ប៉ុន្តែ​យើង​មិន​បាន​បំផ្លាញ​អ្វីឡើយ”​ ជាការ​អះ​អាង​ដែលគាំទ្រដោយ​សកម្ម​ជន​ដ​ទៃទៀត។

លោក យុង ផានិត​ មេធាវី​របស់ពួកគាត់​​បានមាន​ប្រសាសន៍ថា ភ័ស្តុតាង​របស់​អ្នកស្រី រដ្ឋា​ និង​មេធាវី​របស់អ្នកស្រី​នៅសវនាការ​មិន​រឹង​មាំទេ​ ដោយ​សារពឹង​ផ្អែកតែ​លើ​ការ​ផ្តល់​សក្ខីកម្ម​ពី​សាច់ញាតិ​របស់​ខ្លួន​ និង​រូបថត​ចម្ការ​ដំឡូងមី​ដែល​ត្រូវ​បាន​គេ​ដើរ​ជាន់​តែប៉ុណ្ណោះ ដែល​លោក​បាន​អះ​អាងថា ​ត្រូបាន​បាន​ថត​នៅ​ពេល​ផ្សេង​។

ផ្ទុយ​ទៅ​វិញ​ ក្រុមសកម្មជន​​បានចោទ​លោក ម៉ៅ បុរាណ នាយ​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​ស្រុក​សណ្តាន់​ថា​ បាន​ណែ​នាំ​ឲ្យ​អ្នកស្រី រដ្ឋា​ ដាក់​ពាក្យ​បណ្តឹង​។​ពួកគាត់​បាន​និយាយថា លោក បុរាណ បាន​ផ្តោត​គោល​ដៅ​លើ​ពួក​គាត​់​ដោយ​សារ​មាន​ការ​តវ៉ា​ញឹក​​​ញាប់​ពី​ពួកគាត់​ប្រឆាំង​ក្រុមហ៊ុន​ CRCK​ជា​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ដែល​ពួកគាត់​ចោទ​ថា បានកាប់ឈើ​​ខុស​ច្បាប់​ហួស​ពី​ព្រំប្រទល់​របស់ខ្លួន។ ពួកគាត​់​បាន​បន្ថែម​ថា លោក បុរាណ និង​មន្ត្រី​របស់​គាត់​បាន​បំបែក​ការ​ត​វ៉ា​របស់ពួកគាត់​ប្រឆាំងនឹង​ការ​កាប់ឈើ​ខុស​ច្បាប់។

លោក​ បុរាណ បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញថា លោក​បាន​រៀប​ចំ​ពាក្យ​បណ្តឹង​ប្តឹង​សកម្មជន​ទាំង​នេះ​​បន្ទាប់ពី​អ្នកស្រី រដ្ឋា​ បាន​យក​ពាក្យ​បណ្តឹង​មក​ដាក់ជាមួយ​លោក​កាលពី​ឆ្នាំ​២០១១ ប៉ុន្តែ​បាន​បដិសេធថា មិន​បាន​ជំរុញអ្នកស្រី​ឲ្យ​ធ្វើ​ដូច្នេះ​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំបាន​រៀប​ចំ​ពាក្យ​បណ្តឹង​នេះ​តាម​ច្បាប់។ អ្នកស្រី​ រដ្ឋា​ មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ប្រឆាំ​ងសកម្មជន​ទាំងនេះ។ អ្នកស្រី​មាន​រូបថត​​បង្ហាញ​ពី​ការ​បំផ្លាញ​ចម្ការ​របស់​អ្នកស្រី ហើយ​អ្នកស្រី​ក៏មាន​សាក្សី​មួយ​ចំនួន​ដែរ”។

គេ​មិន​អាច​ទាក់​ទង​អ្នកស្រី រដ្ឋា និង​មេធាវី​របស់អ្នកស្រី​ដើម្បី​សុំអត្ថាធិប្បាយបានទេ។ តុលាការនឹង​​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៦ខែសីហា៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស