34 C
Phnom Penh

កូនប្រុស​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​​ខេត្ត​​​ប៉ៃលិន ត្រូវ​នគរ​​​បាល​​​​សាក​សួរ​ជុំ​វិញ​រូប​ថត​ប្រមាញ់​សត្វ​បង្ហោះ​តាម​ហ្វេស​ប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា យុវជន​អាយុ​២៣​ឆ្នាំ​ម្នាក់​ ដែល​ត្រូវ​ជា​កូន​ប្រុស​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​​​បទ​​​ខេត្ត​ប៉ៃលិន​ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពី​សំណាក់​នគរ​បាល បន្ទាប់ពី​រូប​ថត​បង្ហាញ​ពី​សកម្មភាព​យុវជន​វ័យ​ក្មេង​នេះ​ប្រមាញ់​សត្វព្រៃ​អភិរក្ស​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។animals-hunting

លោក សឿ​ ឡងឌី នាយ​រង​ប៉ុស្តិ៍​សង្កាត់​ទួល​ល្វា បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​បាន​សាក​សួរ​យុវជន​ គឿន ណាំឆូក នៅ​ផ្ទះ​របស់​យុវជនរូប​នេះ​កាលពី​ថ្ងៃ​អាទិត្យ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​បាន​ទទួល​បញ្ជា​ពី​លោក​អធិការ​ក្រុង​ [ប៉ៃលិន​] ឲ្យ​ធ្វើ​របាយការណ៍​ស្ដីពី​ករណី​បរបាញ់​នេះ​ និង​កត់​ឈ្មោះ​យុវជន​នេះ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​។ យើង​បាន​សាក​សួរ​យុវជន​នេះ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​រូប​គេ​បដិសេធ​ថា ខ្លួន​មិន​បាន​បរបាញ់​ទេ។ គេ​និយាយ​ថា គេ​គ្រាន់​តែ​ចូល​រួម​ហូប​សាច់​សត្វព្រៃ​ជាមួយ​សាច់​ញាតិ​របស់​ខ្លួន​ប៉ុណ្ណោះ”។

កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ រូប​ថត​បង្ហាញពី​សកម្មភាព​យុវជន​ គឿន ណាំឆូក ដែល​ទំនង​ជា​កំពុង​បរបាញ់​សត្វ​ ត្រូវ​បាន​ចុះ​ផ្សាយ​ និង​ចែក​រំលែក​តៗគ្នា​ព្រោង​ព្រាត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

នៅ​ក្នុងរូប​ថត​ទាំង​នោះ គេ​ឃើញ​យុវជន​ គឿន ណាំឆូក បង្ហាញ​សត្វ​ខ្លា​រខិនងាប់​​មួយ​ក្បាល និង​កំប្រុក​មួយ​ចំនួន និង​​ឈរ​ថតរូប​​កាន់​កាំភ្លើង​នៅ​ក្នុង​ដៃ ហើយ​ជួយ​រៀបចំ​អាហារ​ដើម្បី​ទទួល​ទាន​ជាមួយ​បុរស​ពីរ​នាក់​ទៀត​​ដែល​គេ​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ ដោយ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ស្លៀក​ពាក់​​ខោអាវ​ទាហាន។ ហើយ​ក៏មាន​រូប​ថត​បង្ហាញ​ពី​ក្ដាន់ញែ៉ង​ងាប់​ពីរ​ក្បាល​ផង​ដែរ​។

លោក លឹម វាសនា អធិការ​ក្រុង​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា សាលា​ដំបូង​ខេត្ត​ប៉ៃលិន បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​នេះ បន្ទាប់​ពី​រូប​ថត​ទាំង​នេះ​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ទទួល​បញ្ជា​ពី​ព្រះ​រាជ​អាជ្ញា​ [ជុំ សែន​សុធា] ឲ្យ​ធ្វើ​របាយ​ការណ៍​ស្ដីពី​សកម្មភាព​បរបាញ់​របស់​យុវជន​នេះ​​ បន្ទាប់​ពីរូប​ថត​សត្វ​ព្រៃ​ងាប់​ត្រូវ​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​”។

ព្រះរាជ​អាជ្ញា​ ជុំ សែនសុធា បាន​មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​បើក​ការ​ស៊ើប​អង្កេត​បឋម​ជា​ផ្លូវ​ការ​។ លោក​បាន​​​មាន​ប្រសាសន៍​ទៀត​ថា ” ខ្ញុំ​បាន​បញ្ជា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ធ្វើ​របាយការណ៍​ឲ្យ​ខ្ញុំ​រួច​ហើយ បន្ទាប់​មក​យើង​នឹង​បើក​ការ​ស៊ើប​អង្កេត​បឋម​ពាក់​ព័ន្ធ​នឹង​ការ​បរបាញ់​នេះ​ឆាប់ៗ​។ យើង​នឹង​ធ្វើការ​ចោទ​ប្រកាន់​ប្រសិន​បើ​យើង​រក​ឃើញ​ថា យុវជននេះ​ពិត​ជា​ពាក់​ព័ន្ធ​នឹង​ការ​បរបាញ់​មែន​។

លោក​ ណេត វិបុល ជំនួយ​ការ​នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​សត្វ​ព្រៃ​បាន​​​មាន​ប្រសាសន៍​ថា ជន​បរបាញ់​សត្វ​អាច​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន និង​មាន​ទោស​ជាប់​ពន្ធនាគារ។ លោក​មាន​ប្រសាសន៍​ថា “វា​ខុស​ច្បាប់​សម្រាប់​អ្នក​បរបាញ់​សត្វ​ជិត​ផុត​ពូជ និង​សត្វ​កម្រ​ ហើយ​ពួកគេ​អាច​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់​មួយ​ឆ្នាំ​ និង​ពិន័​យ​ជាប្រាក់​១០​លាន​រៀល​ ប្រសិន​បើ​ពួកគេ​សម្លាប់​ ឬបង្ក​របួស​ស្នាម​ដល់​សត្វ​ព្រៃ​”។

នៅ​ពេល​ទាក់ទង​​កាលពី​ម្សិលមិញ លោកស្រី​ សោ មុន្នីរ័ត្ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជន​បទ​ខេត្ត​ប៉ៃលិន បាន​និយាយ​ការ​ពារកូន​​ប្រុស​របស់​ខ្លួន ហើយ​បាន​បដិសេធ​ថា យុវជន​រូប​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បរបាញ់​ទេ​។

លោក​ស្រីមាន​ប្រសាសន៍​ថា “កូន​ប្រុស​របស់​ខ្ញុំ​មិន​ដែល​បរ​​​បាញ់​​​សត្វ​ព្រៃ​​​ទេ គេ​គ្រាន់​តែ​ហូប​ចុក​សាច់នេះ​ជាមួយ​សាច់​ញាតិ​ប៉ុណ្ណោះ​”៕ សុខុម​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស