តំណាងរាស្ត្រជាប់ឆ្នោតប្រាំពីររូបរបស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីបក្សសង្គ្រោះជាតិមួយរូបទៀតដែលត្រូវបានចោទប្រកាន់ពីបទដឹកនាំកុបកម្ម និងញុះញង់ឲ្យប្រពឹត្តបទឧក្រិដ្ឋ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំពីពន្ធនាគារព្រៃសនៅម៉ោងប្រហែល៥ល្ងាចម្សិលមិញ។
បុគ្គលទាំងប្រាំបីរូបនេះត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនដោយបានចូលរួមនៅក្នុងការតវ៉ាមួយកាលពីថ្ងៃទី១៥ខែកក្កដា ដើម្បីដកបម្រាមបាតុកម្មលើទីលានប្រជាធិបតេយ្យ ដែលបានផ្ទុះអំពើហិង្សា នៅពេលក្រុមអ្នកតវ៉ាបានវាយតបទៅសន្តិសុខខណ្ឌដូនពេញវិញ ធ្វើឲ្យពួកគេមួយចំនួនរងរបួសធ្ងន់។
ការដោះលែងពួកគាត់ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានឈានដល់កិច្ចព្រមព្រៀងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ចប់ការជាប់គាំងផ្នែកនយោបាយរយៈពេលមួយឆ្នាំ និងឲ្យតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥របស់គណបក្សប្រឆាំងស្បថចូលកាន់តំណែងក្នុងរដ្ឋសភា។
លោកស្រី ម៉េង សុភារី មេធាវីតំណាងលោកស្រី មូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា តុលាការបានយល់ព្រមដោះលែងអ្នកជាប់ឃុំទាំងប្រាំបីរូប ដោយផ្អែកលើបីចំណុច។
លោកស្រីមានប្រសាសន៍បន្តថា “ចំណុចទី១ គឺថា [ ការដោះលែងពួកគាត់ ] ចាំបាច់នៅក្នុងស្ថានភាពបច្ចុប្បន្ន។ ទី២ ពួកគាត់មិនបង្កការគំរាមកំហែងដល់នីតិវិធីសើុបអង្កេត និងទី៣ព្រះរាជអាជ្ញាមិនជំទាស់”។
តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិដូចជា លោក កែវ ភិរម្យ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្ទ្រ លោក នុត រុំដួល និងលោក ឡុង រី ព្រមទាំងលោក អឿ ណារិទ្ធ ជំនួយការរបស់លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិផងដែរ បានលេចមុខចេញពីមណ្ឌលអប់រំកែប្រែទី១នៃពន្ធនាគារព្រៃស នៅវេលាម៉ោងប្រហែល៤ និង៤៥នាទីរសៀល។
ប្រហែល១០នាទីក្រោយមក លោកស្រី មូរ សុខហួរ បានដើរចេញពីមណ្ឌលអប់រំកែប្រែទី២សម្រាប់ស្ត្រីនៃពន្ធនាគារព្រៃសដោយមានសេរីភាពឡើងវិញ ហើយទទួលបានការស្វាគមន៍រាក់ទាក់ពីអ្នកស្មោះស្ម័គ្រនឹងគណបក្សជាង៥០០នាក់ដែលបានច្រៀងរាំ និងគ្រវីទង់ជាតិនៅកណ្តាលភ្លៀងអស់រយៈពេលរាប់ម៉ោង មុនពេលគេដោះលែងលោកស្រី។
ដៃកាន់ផ្កាឈូក និងទង់ជាតិខ្មែរលើកឡើងលើ លោកស្រី មូរ សុខហួរ បានស្រែកថា “នេះគឺសេរីភាព។ នេះគឺលទ្ធិប្រជាធិបតេយ្យ។ គ្មានលក្ខខណ្ឌអ្វីទេចំពោះការដោះលែងរូបខ្ញុំ។វាគឺជាគំនិតស្នេហាជាតិរបស់គណបក្សទាំងអស់”។
បណ្តាអ្នកកាសែត និងអ្នកគាំទ្របានចោមរោមលោកស្រី មូរ សុខហួរ នៅពេលលោកស្រីត្រូវបានដោះលែង។ ចំណែកឯបុរសៗត្រូវបានដោះលែងក៏មិនខុសគ្នាដែរ គឺពួកគាត់ត្រូវបានចោមរោមដោយសាច់ញាតិ អ្នកកាសែត និងអ្នកគាំទ្រ ដែលបានទម្លុះជួរនគរបាលដើម្បីចូលទៅជិតពួកគាត់។
បុគ្គលទាំងប្រាំបីរូបនេះជាប់ចោទពីបទញុះញង់អ្នកគាំទ្រឲ្យវាយសន្តិសុខខណ្ឌនិងពីបទដឹកនាំកុបកម្ម ជាការចោទប្រកាន់ដែលបណ្តាអង្គការសិទ្ធិមនុស្សនិយាយថា ជាហេតុផលនយោបាយ។ ការចោទប្រកាន់សំខាន់ជាងគេ គឺការអះអាងថា មេដឹកនាំគណបក្សសង្គ្រោះជាតិបានត្រៀមរៀបចំបាវអង្ករដាក់ពេញទៅដោយដំបងឈើស្រស់យកទៅកន្លែងតវ៉ា និងប្រើប្រាស់ដើម្បីទប់ទល់នឹងកងកម្លាំងសន្តិសុខ។
នៅឯសន្និសីទកាសែតកាលពីសប្តាហ៍មុនលោក ឈាង វុន តំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា បានបង្ហាញរូបភាពវីដេអូបង្ហាញពីសកម្មភាពមនុស្សម្នាក់លើកបាវដំបងឈើពីរបាវចាក់ទៅលើផ្លូវ ហើយបានអះអាងថា ដំបងទាំងនោះជាអាវុធរបស់ “ក្រុមអនាធិបតេយ្យ” នៃគណបក្សសង្គ្រោះជាតិ។
ទោះជាយ៉ាងណា រូបភាព និងវីដេអូផ្សេងទៀតស្តីពីហេតុការណ៍ប៉ះទង្គិចគ្នានេះ បានបង្ហាញយ៉ាងច្បាស់ក្រឡែតថា បាវដំបងដូចគ្នានេះត្រូវបានលើកចុះពីរថយន្តមួយគ្រឿងរបស់សាលារាជធានី ដោយសន្តិសុខខណ្ឌ ដែលបានចែកចាយគ្នាមុនពេលដើរឆ្ពោះទៅក្រុមបាតុករ៕សុខុម