33 C
Phnom Penh

លោក ហ៊ុន សែន និង​លោក សម រង្សុី ព្រម​ព្រៀង​គ្នា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​យក​អាសនៈ​រដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ចេញ​ពី​កិច្ច​ចរចា​រយៈពេល​ប្រាំម៉ោង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ម្សិលមិញ ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​ឲ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​មិន​ចូល​រដ្ឋសភា ជា​ថ្នូរ​នឹង​ការ​ផ្លាស់​ប្ដូរ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ពួកគាត់​ចោទ​ថា បាន​លួច​បន្លំ​ការ​បោះ​ឆ្នោត​កាល​ពី​​​​ឆ្នាំ​មុន​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា។_photo-front

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្បថ​ចូល​កាន់​តំណែង​​នៅ​រដ្ឋ​សភា​នៅ​សប្ដាហ៍​ក្រោយ​ នេះ​បើ​យោងតាម​លោក​ សម រង្ស៊ី។ ពួកគាត់​នឹង​ចូល​រួម​ជាមួយ​តំណាង​រាស្ត្រ​៦៨​រូប​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​នៅ​ក្នុង​រដ្ឋ​សភា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ចែង​ពី​ឯករាជ​​​ភាព​​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​រូប រួម​ជាមួយ​សកម្មជន​គណបក្ស​មួយ​រូប​ ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​សប្ដាហ៍មុន​តាម​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​ពីបទ​ “​ ដឹកនាំ​ចលនា​កុបកម្ម​” ក៏​ត្រូវ​បាន​ដោះ​លែង​ផង​ដែរ​កាល​ពី​ម្សិលមិញ ដើម្បី​អនុញ្ញាត​ឲ្យពួកគាត់​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​រដ្ឋសភា។

សេចក្ដី​ប្រកាស​មួយ​ដែល​គណបក្ស​ទាំង​ពីរ​បាន​ចេញ​​បន្ទាប់ពី​ការ​ចរចា​នេះ​លើក​ឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​នឹង​មាន​សមាជិក​៩​រូបដដែល​ គឺ​៤​រូប​ជ្រើស​រើស​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា ៤​រូប​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ទី​៩​មួយ​រូប​ទៀត​ជ្រើស​រើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ពី​គណបក្ស​ទាំង​ពីរ។ ដំណើ​ការ​ជ្រើស​រើស​សមាជិក​ទាំង​នេះ​នឹង​ធ្វើ​ឡើង​តាម​រយៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ទាប់ពី​ការ​ចរចាភ្លាមៗ​ថា កិច្ច​ព្រម​ព្រៀង​​បង្កើត​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ នឹង​ត្រូវ​ចែង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ដោយ​ការ​បង្កើត​ជំពូក​១៥​ថ្មី​មួយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋធម្មនុញ្ញ​នឹង​ចែង​ច្បាស់​អំពី​របៀប​ជ្រើស​រើស​សមាជិក​ទី៩។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជ្រើស​រើស​៤រូប គណបក្ស​ប្រជា​ជន​កម្ពុជា​​ត្រូវ​ជ្រើស​រើស​៤រូប ហើយ​សមាជិកទី​៩ ត្រូវ​មាន​ការ​យល់​ព្រម​ពីគណបក្ស​ទាំង​ពីរ​”។

មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​គិត​ថា អាច​មាន​ការ​ខ្វែង​គំនិត​គ្នា​ទៀត​រវាង​គណបក្ស​ទាំងពីរ​ក្នុង​ការ​ជ្រើស​រើស​សមាជិក​ទី៩​ដែលជា​សមាជិក​ចុង​ក្រោយ​​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “សម្រាប់​មនុស្ស​ជា​ច្រើន​ វា​ពិត​ជា​ចម្លែក​ណាស់​ ខុស​ពី​ធម្មតា​ខ្លាំង​ណាស់ ហើយ​វា​មិន​ពិត​ទេ ដែល​ថា យើង​មិន​អាច​ព្រមព្រៀង​គ្នា​​ក្នុង​ការ​ជ្រើស​រើស​បេក្ខជន​មួយ​រូប​ ពីព្រោះ​បេក្ខជន​ទី៩​គឺ​ជា​បេក្ខជន​ធម្មតា​របស់​គណបក្ស​ទាំង​ពីរ​”។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បច្ចុប្បន្ន​មាន​សមាជិក​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​ ហើយ​បាន​ទទួល​រង​ការ​រិះ​គន់​ជាប់​ជានិច្ច​ពី​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឯករាជ្យ​ចំពោះ​​ការ​មិន​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​យ​ុត្តិធម៌។

លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​បាន​ចូល​រួម​ការ​ចរចា​កាលពី​ម្សិល​មិញ និង​បាន​ដឹកនាំ​កិច្ច​ចរចា​ផ្នែក​បច្ចេកទេស​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​បានមាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មិន​បារម្ភ​អំពី​ការ​ជាប់​គាំង​នៅ​ក្នុង​ការ​ជ្រើសរើស​សមាជិក​ទី​៩​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មីនេះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ដំណើរ​ការ​នេះ​ជាប់​គាំង​ដោយ​សារ​មិន​មាន​ការ​ព្រម​ព្រៀង​គ្នា​លើ​បេក្ខជន​ណាមួយ​នោះ យន្តការ​ដែល​មាន​ស្រាប់​ គឺ​ គ.ជ.ប.​ បច្ចុប្បន្ន​នឹង​ធ្វើ​ការ​ជា​ធម្មតា។ នេះគឺ​ជាកិច្ច​ព្រម​ព្រៀង​។ យន្ត​ការ​ដែល​មាន​ស្រាប់​នេះ​ គឺ​ដើម្បី​ការ​ពារ​មិន​ឲ្យ​មាន​ការ​ជាប់​គាំង​”។

លោក ព្រុំ សុខា ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំពីរ​រូប​ដែល​បានជាប់​ពន្ធនាគារ​កាលពី​សប្ដាហ៍មុន​ បន្ទាប់​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​វាយ​តប់​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ទៅ​លើ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​នោះ ឥឡូវ​នេះ​នឹង​មាន​ការ​ការ​ពារ​ពី​ការ​ផ្តន្ទាទោស។

លោ​ក​បាន​មាន​ប្រសាសន៍​ថា ” ពួក​គាត់​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគាត់​ស្បថ​ចូល​កាន់​តំណែង​ ហើយ​បន្ទាប់​មក​រដ្ឋសភា​នឹង​ពិចារណា​ពី​អភ័យឯកសិទ្ធិ​របស់​ពួក​គាត់ ហើយ​ស្នើ​សុំ​ឲ្យ​តុលាការ​បញ្ចប់​រឿង​ក្ដីនេះ​។ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​តាម​នីតិ​វិធី​ច្បាប់​”។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោកស្រី មូរ សុខហួរ លោក កែវ ភិរម្យ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក រៀល​ ខេមរិន្ទ្រ លោក នុត រំុដួល និង​លោក ឡុង រី ព្រមទាំង​លោក អឿ ណារិទ្ធ ជា​សកម្មជន​គណបក្ស​ត្រូវ​បាន​ដោះ​លែង​ពីពន្ធ​នាគារ​មុនម៉ោង​៥​ល្ងា​ច​បន្តិច​​កាលពី​ម្សិលមិញ ហើយ​បាន​ដឹកនាំ​ក្បួន​រថយន្ត​ត្រឡប់​ទៅ​កាន់​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ខណ្ឌ​មានជ័យ។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​បាន​បដិសេធ​មិន​បញ្ជាក់​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ពេល​ណា​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ពួកគាត់​នឹង​ស្បថ​ចូល​កាន់​តំណែង​មុនពេល​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​ធ្វើ​វិសោធ​នកម្ម​រដ្ឋធម្មនុញ្ញ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​។ ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ យើង​​ត្រូវ​មាន​កិច្ច​ប្រជុំ​”។

ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​មាន​សំឡេង​២ភាគ៣​ពី​សមាជិក​រដ្ឋសភា​ ដែល​មាន​១២៣​រូប​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យឈរ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន នឹង​មិន​មែនជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នោះ បាន​មាន​ប្រសាសន៍ថា លោក​កំពុង​រៀប​ចំ​ចូល​គាល់​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី នៅសប្ដាហ៍​នេះ​ដើម្បី​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​របស់​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​។

លោក​បានមាន​ប្រសាសន៍​ថា ” មាន​គម្រោង​ហើយ​ ប៉ុន្តែ វា​មិនទាន់​ច្បាស់​ទេ ខ្ញុំ​អាច​និយាយ​បាន​ថា នៅ​ចុង​សប្ដាហ៍​នេះ​ យើង​នឹង​ចូល​គាល់​សម្ដេច​ម៉ែ និង​ព្រះ​មហាក្សត្រ​។ ព្រះ​មហាក្សត្រ​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​យើង​ចូល​គាល់​នៅ​សប្ដាហ៍​នេះ​។ បន្ទាប់ពី​សប្ដាហ៍​នេះ​ទៅ មួយថ្ងៃ​​ ឬពីរបី​ថ្ងៃ​ក្រោយ​មក​ យើង​នឹង​ទៅ​ស្បថ​ចូល​កាន់​តំណែង​នៅ​​ព្រះ​បរម​រាជ​វាំង​”។

លោក​ ព្រុំ សុខា បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្បថ​ចូល​កាន់​តំណែង​ក្នុង​ពិធី​ពិសេស​មួយ​នៅ​ថ្ងៃ​សុក្រ។

តាម​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កាន់​តំណែង​ប្រធាន​គណៈកម្មការ​ចំនួន​ប្រាំ​នៅ​រដ្ឋសភា រួម​ទាំង​គណៈកម្មការ​ថ្មី​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ រីឯ​គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​កាន់​តំណែង​ជា​​​ប្រធាន​គណៈកម្មការ​ប្រាំ​ទៀត​។

គណបក្ស​ប្រជា​ជន​កម្ពុជា​​នឹង​រក្សា​តំណែង​ប្រធាន​រដ្ឋសភា និង​អនុ​ប្រធានទី២ ប៉ុន្តែ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​តែង​តាំង​អនុ​ប្រធាន​ទី១​របស់​រដ្ឋសភា​។ លោក អេង ឆៃអ៊ាង ដែល​នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មណ្ឌល​កណ្ដាល បាន​មាន​ប្រសាសន៍​ថា លោក​ កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​ទី១​របស់​រដ្ឋសភា​។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ក្នុង​ឋានានុក្រម​គណបក្ស ឯក​ឧត្តម សម រង្ស៊ី គឺ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ហើយ​លោក​ កឹម សុខា ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធាន​រដ្ឋសភា​។ ដូច្នេះ​នៅ​ពេល​មាន​​តំណែង​នៅ​ក្នុង​រដ្ឋសភា​ លោក កឹម សុខា ត្រូវទទួល​យក​តំណែង​នោះ”។

យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ​ គណបក្ស​ប្រជា​ជន​កម្ពុជា​​នឹង​បាត់​បង់​តំណែង​ខ្លះ​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដែល​ជា​អ្្នក​កំណត់​របៀប​វារៈ​របស់​រដ្ឋសភា និង​មាន​សមាជិក​ជា​ប្រធាន​រដ្ឋសភា​ អនុ​ប្រធាន​រដ្ឋសភា​ទាំង​ពីរ​រូប និង​ប្រធាន​គណៈកម្មការ​ទាំង​១០​។

ដោយ​លើក​ឡើង​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ដែល​ហាម​ឃាត​់​តំណាង​រាស្ត្រ​មិន​ឲ្យ​ធ្វើ​ជា​សមាជិក​របស់​គណបក្ស​ពីរ​នៅ​ពេល​តែ​មួយ​នោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​បណ្ដេញ​តំណាង​រាស្ត្រ​ទាំង​អស់​មក​ពី​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​​ចេញពី​រដ្ឋសភា នៅ​មុន​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន​ បន្ទាប់ពី​គណ​បក្ស​ទាំង​ពីរ​បាន​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ។

បន្ទាប់​មក​គណបក្ស​ប្រឆាំង​ដែល​រួម​បញ្ចូល​គ្នា​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​យូរ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ទទួល​បាន​អាសនៈ​៥៥​ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​ ដែល​ដល់​ខួប​នៅ​ថ្ងៃ​ច័ន្ទ និង​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​រាប់​ខែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​នេះ ឬ​ធ្វើការ​បោះ​ឆ្នោត​សាជា​ថ្មី​​។

តាម​កិច្ច​ព្រម​ព្រៀង​កាលពី​ម្សិលមិញ ការ​បោះ​ឆ្នោត​នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើនទេ ប៉ុន្តែ​បាន​បង្ហាញ​ពី​ការ​ធ្វើ​សម្បទាន​ច្រើន​ពីគណបក្ស​សង្គ្រោះ​ជាតិ​។ ចាប់​តាំងពី​ខែ​ធ្នូ​មក​ គណបក្ស​នេះបាន​ទាមទារ​ឲ្យ​រៀប​ចំការ​បោះ​ឆ្នោត​លើក​ក្រោយ​​ឲ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០១៨។

នៅ​ឯសន្និសីទ​កាសែត​បន្ទាប់ពី​បញ្ចប់​ការ​ចរចា​នេះ​ លោក ព្រុំ សុខា បាន​មាន​ប្រសាសន៍​ថា កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នឹង​​មាន​ការ​ផ្លាស់​ប្ដូរ​​បន្តិច​បន្តួច។ លោក​បានមាន​ប្រសាសន៍​ថា “គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​កំណត់​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​អនាគត ប៉ុន្តែ​មិនមែន​សម្រាប់​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ទេ”។

ចាប​់​តាំងពី​ខែ​កញ្ញា​មក គណបក្ស​ប្រជា​ជន​កម្ពុជា​បាននិយាយ​ថា ខ្លួន​ចង់​ផ្លាស់​ប្ដូរ​ថ្ងៃ​បោះ​ឆ្នោត​មក​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ហើយ​លោក​ សម រង្ស៊ី បាន​បញ្ជាក់​តាម​ទំព័រ​ហ្វេស​ប៊ុក​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​យក​កាលបរិច្ឆេទ​នេះ​។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បានមាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​រីក​រាយ​ចំពោះ​ការ​ធ្វើ​សម្បទាន​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ជឿ​ថា ចាប់ពី​ពេល​នេះ​ទៅ​ នឹង​មាន​តុល្យភាព​អំណាច​​ហើយ ដោយ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ផ្សេងទៀត​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​សម្រេច​ធ្វើការ​រួម​គ្នា​”៕ គឹមហឿន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស