29 C
Phnom Penh

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លុប​ចោល​ការ​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​កាលពីថ្ងៃ​ច័ន្ទ ធ្វើការ​តវ៉ា​នៅ​ឯ​ស្ថានទូត​វៀតណាម​ ដើម្បី​ទាម​ទារ​ឲ្យ​ស្ថានទូត​វៀតណាម​ទទួល​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ដោយ​ផ្ទាល់ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​មន្ត្រីការទូត​វៀតណាម​មួយ​រូបនោះ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នក​គាំទ្រ​បាន​ទទួល​យក​តំណាង​មួយ​រូប​របស់​សាលា​រាជ​ធានី​​ឲ្យ​ធ្វើ​ជា​អ្នក​នាំសារ​របស់​ខ្លួន​​កាលពី​ម្សិលមិញ។

មនុស្ស​រាប់​ពាន់​នាក់​បាន​បន្ត​ការ​ហែ​ក្បួន​របស់​ពួកគេ​កាលពី​ព្រឹក​ម្សិលមិញ​ទៅ​កាន់​ស្ថាន​ទូត​វៀតណាម​ ដើម្បី​តវ៉ា​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក ត្រាន វ៉ាន់ថុង ​អ្នក​នាំពាក្យ​ស្ថាន​ទូត​វៀតណាម​កាលពី​ខែ​មិថុនា ដែល​លើក​ឡើង​ថា បណ្ដា​ខេត្ត​នៅ​កម្ពុជា​ក្រោម​ជា​កម្ម​សិទ្ធិ​របស់​វៀតណាម​យូរ​មក​ហើយ​ ពោល​គឺ​តាំង​ពី​មុន​ពេល​បារាំង​បាន​កាត់​ខេត្ត​ទាំង​នោះ​ឲ្យ​ទៅ​ខ្លួនជាផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​១៩៤៩​ទៅ​ទៀត​។

នៅ​ខាង​ក្រៅ​ស្ថានទូត​វៀតណាម អ្នក​តវ៉ា​បាន​ដុត​ទង់​ជាតិ​វៀតណាម​ធ្វើ​ពី​ក្រដាស និង​ដុត​រូត​ថត​លោក ហូ ជីមិញ អតីត​មេដឹកនាំ​កុម្មុយនីស្ត​របស់​វៀតណាម។

អ្នក​តវ៉ា​ម្នាក់​ឈ្មោះ សុង សារិទ្ធ បាន​ស្រែក​តាម​ឧគ្ឃោសនសព្ទ​ថា ” ទឹក​ដី​កម្ពុជា​ក្រោម​ជា​របស់​អ្នក​ណា? វា​ជា​របស់​ខ្មែរ ដូច្នេះ​រដ្ឋាភិបាល​យួន​ត្រូវ​តែ​សុំទោស​”។

នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​៤០​នាទី​រសៀល​ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ដាក់​​ញត្តិ​នេះ។ ប៉ុន្តែ អ្នក​ដែល​ចេញមុខ​ពី​ស្ថានទូត គឺ​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ។

លោក​ ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ” យើង​ពិត​ជា​ចង់​ឲ្យ​ [តំណាង​ម្នាក់​] របស់​ស្ថាន​ទូត​វៀតណាម​ចេញ​មក​ទទួល​ញត្តិ​ ប៉ុន្តែ​យើង​ដឹង​ថា យួន​មានៈ​ណាស់​ ហើយ​យើង​មិន​ចង់​ឲ្យ​មាន​អំពើ​ហិង្សា​ឡើយ​”។

លោក ឡុង ឌីម៉ង់ បាន​សន្យា​យក​ញត្តិ​នេះ​ទៅ​ប្រគល់​ឲ្យ​ក្រសួង​ការ​បរទេស​ ដែល​នឹង​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​សមភាគី​វៀតណាម​របស់​ខ្លួន។

ការ​ប្រគល់​ញត្តិនេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ជំនួបប្រជុំ​​នៅ​ក្នុង​ថ្ងៃ​នោះ​រវាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សាលា​រាជ​ធានី និង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​បាន​រៀប​ចំ​ការ​តវ៉ា​នេះ​ ដើម្បី​រកវិធី​ដោះ​ស្រាយ​ស្ថានភាព​នេះ។ លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ” យើង​បាន​កំណត់​ឱសានវាទ​ជាមួយ​អាជ្ញាធរ​ពីរ​សប្ដាហ៍​។ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ទេ យើង​នឹង​ធ្វើ​ការ​តវ៉ា​តទៅ​ទៀត​”។

បណ្ដា​ខេត្ត​នៅ​កម្ពុជា​ក្រោម​ ឬ​កម្ពុជា​ប៉ែក​ខាង​ត្បូង ដែល​រួម​មាន​ទាំង​ក្រុង​ហូជីមិញ នា​សម័យ​បច្ចុប្បន្ន​ផង​ដែរ​នោះ បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​ មុន​​ពេល​បារំាង​ដាក់​អាណានិគម​នៅ​ក្នុង​តំបន់​នៅ​ពាក់​កណ្ដាល​សតវត្សរ៍ទី១៩។

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បាន​មាន​ប្រសាសន៍​ថា សហព័ន្ធ​របស់​លោក​ ” បាន​បង្ហាញ​កាយវិការ​ទន់​ភ្លន់​រួច​ទៅ​ហើយ​ជាមួយ​រដ្ឋាភិបាល​” ប៉ុន្តែ​លោក​លើក​ឡើង​ថា ការ​ទន់ភ្លន់​របស់​​ពួកគេ​នឹង​មិន​យូរ​ឡើយ​។ លោក​បាន​បន្ត​ថា ” យើង​បាន​កំណត់ឱសានវាទ​ពីរ​សប្ដាហ៍​”៕ សុខុម​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស