27 C
Phnom Penh

អ្នកភូមិ​ខេត្ត​ក្រចេះ​ធ្វើដំណើរមក​រាជធានីភ្នំពេញដើម្បី​សុំអន្តរាគមន៍ពី​លោក​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​មិញ​​​ ខុទ្ទកា​ល័យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ញត្តិ​​​ពីអ្នកភូមិប្រមាណ​​​២០០នាក់​​​ ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ពី​​​ខេត្ត​​​ក្រ​​​ចេះ​​​មក​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​សុំ​​​ឲ្យ​​​លោក​​​ជួយ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​ជា​​​មួយ​​​ម្ចាស់​​​ចម្ការ​​​ម្នាក់​​​​​​នោះ​​​ទេ​​​ដោយ​​​ជំរុញ​​​ឲ្យ​​​ពួកគាត់​​​ព្យាយាម​​​ដោះស្រា​​​យ​​​ករណី​​​នេះ​​​ជាមួយ​​​អាជ្ញាធរ​​​របស់​​​ខ្លួន​​​ជាមុន​​​សិន​​​។

តំណាង​​​អ្នក​​​ភូមិ​​​៣២៩​​​គ្រួសារ​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​បាន​​​ចាប់​​​ផ្តើម​​​ចូល​​​មក​​​រស់​​​នៅ​​​លើ​​​ដី​​​ស្ថិត​​​ក្នុង​​​ឃំុ​​​ស្នួល​​​ ស្រុក​​​ស្នួល​​​ កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ ហើយ​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការលើ​​​ដីនេះ​​​រហូត​​​ដល់​​​ឆ្នាំ​​​២០០៨​​​ជា​​​ពេល​​​ដែល​​​ក្រុម​​​ហ៊ុន Growest Building TradingCo បាន​​​មក​​​ដល់​​ ហើយ​​​បាន​​​ឈូស​​​ឆាយ​​​ដី​​​ស្រែ​​​របស់​​​ពួក​​​គាត់​​​ចំនួន​​​១.៥៦២​​​ហិកតា​​​។ ក្រុមហ៊ុន​​​មួយ​​​ទៀត​​​គឺ​​​ក្រុម​​​ហ៊ុន​​​ Horizon Agriculture Development បាន​​​ទិញ​​​ដី​​​នេះ​​​កាល​​​ពីឆ្នាំ​​​២០១០ ដើម្បី​​​ដាំ​​​ដំឡូង​​​មី និង​​​ម្រេច។

អ្នក​​​ភូមិ​​​ប្រហែល​​​២០០នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​សួន​​​មុខ​​​វត្ត​​​បទុម​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក ហ៊ុន សែន ជួយ​​​អន្តរាគមន៍ និង​​​​​ប្រគល់ដី​​​ឲ្យ​​​ពួក​​​គាត់​​​វិញ​​​។

លោក​​​ គង់ ចំរើន លេខាម្នាក់នៅ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ចេញ​​​មក​​​ជួប​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ ប៉ុន្តែ បាន​​​ប្រាប់​​​ពួក​​​​​​គាត់​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​វិញ​​​។

លោក​​​បាន​​​ប្រាប់​​​ពួកគាត់​​​ថា “យើង​​​មិន​​​អាច​​​ទទួល​​​យក​​​ញត្តិ​​​ពី​​​បទ​​​ប្អូន​​​បាន​​​ទេ ពី​​ព្រោះ​​​បង​​​ប្អូនមិនទាន់​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ជាមួយ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​នៅ​​​ឡើយ​​​។ យើង​​​សូម​​​ឲ្យ​​​បង​​​ប្អូន​​​ទាំង​​​អស់​​​គ្នា​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​វិញ​​​ដើម្បី​​​រក​​​ដំណោះស្រាយ​​​​​​ជាមួយ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​សិន​​​​​​ ហើយ​​​យើង​​​នឹង​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​ពេល​​​ក្រោយ​​​ ប្រសិន​​​បើ​​​បញ្ហា​​​នេះ​​​បរាជ័យ​​​”។

លោក ជឿន ហ៊ាត ដែល​​​បាន​​​និយាយ​​​ថា គាត់​​​បាន​​​បាត់​​​បង់​​​ដី​​​ស្រែ​​​ប្រាំ​​​ហិកតា​​​ ទៅលើ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​បាន​​​និយាយ​​​ថា គាត់​​​ខក​​​ចិត្ត​​​នឹង​​​ការ​​​ច្រាន​​​ចោល​​​នេះ​​​ណាស់​​​។ គាត់​​​បាន​​​និយាយ​​​ថា “យើង​​​ប្រកបរបរចិញ្ចឹមជីវិត​​ទាំង​​​លំបាក បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​បាន​​​បំផ្លាញ​​​ដំឡូង​​​មី​​​របស់​​​យើង​​​ ហើយ​​​បាន​​​កាន់​​​កាប់​​​ចម្ការ​​​របស់​​​យើង​​​។ ឥឡូវ​​​នេះ​​​ពួក​​​យើង​​​ប្រហែល​​​៧០​​​ភាគ​​​រយ​​​ធ្វើ​​​ការ​​​ងារ​​​សំណង​​​់​​​ ឬ​​​រក​​​ប្រាក់​​​ដោយ​​​ធ្វើ​​​ការ​​​​​​នៅ​​​តាម​​​ចម្ការ​​​របស់​​​អ្នក​​​ផ្សេង​​​”។

លោក​​​ ហ៊ាត បាន​​​និយាយ​​​ថា ក្រុម​​​មន្ត្រី​​​ឃុំ​​​ស្នួល​​​ បាន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​គ្រួសារ​​​កាន់​​​កាប់​​​ដី​​​នេះ​​​។ លោក សួន​​​ វិច្ឆិកា អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​បាន​​​និយាយ​​​ថា អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​​​​គ្រួសារ​​​បាន​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ពីព្រោះ​​​មន្ទីរ​​​រៀប​​​ចំ​​​ដែន​​​ដីខេត្ត​​​បាន​​​សម្រេច​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ឈ្នះ​​​រួច​ទៅ​​​ហើយ ​បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ប្តឹង​​​ចំពោះ​​​​​​ការ​​​តវ៉ា​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​របស់​​​អ្នក​​​ភូម​​​ិ​​​កាល​​​​ពីឆ្នាំ​​​២០១៣​​​។

លោក គង់ គឹម​​​នី អភិបាល​​​ស្រុក​​​ស្នួល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨​​​ខែ​​​កក្កដា អាជ្ញាធរ​​​ខេត្ត​​​ បាន​​​ទុក​​​រយៈ​​​ពេល​​​មួយខែ​​​ឲ្យ​​​អ្នកភូមិ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ក្រសួង​​​កសិកម្ម​​​ស្នើ​​​សុំ​​​​​​​​ការ​​​សើុប​​​អង្កេត​​​។

លោក វិច្ឆិកា បាន​​​និយាយ​​​ថា  ពួក​​​​​​គាត់ហៀបនឹង​​​​​បាន​​​ដាក់​​​ញត្តិ​​​របស់​​​ខ្លួន​​​ទៅ​​​ក្រសួង​​​ហើយ​​​​​​កាល​​​ពី​​​ម្សិលមិញ​ ប៉ុន្តែ ត្រូវ​​​ខក​​​ខាន​​​ដោយ​​​សារ​​​នគរបាល​​​​​​បិទ​​​ផ្លូវ​​​​​​​​​នៅ​​​​​តំបន់​​​ជុំ​​​វិញ​​​ស្ថាន​​​ទូត​​​វៀតណាម​​​ដោយសារ​​​មាន​​​ការ​​​តវ៉ា​​​ដាច់ដោយឡែកមួយទៀត​​​។

លោក​​​បាន​​​និយាយ​​​ថា អ្នក​​​ភូមិ​​​នឹង​​​ស្នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​ទៀត​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​ក្រសួង​​​នានា និង​​​ប្រហែល​​​ជា​​​ព្យាយាម​​​ទៅ​​​ដាក់ញត្តិ​​​នៅ​​​ខុទ្ទ​​​កាល័យ​​​លោក​​​ ហ៊ុន សែន ម្តង​​​ទៀត​​​៕​​​សារុន​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស